រាជធានីភ្នំពេញ ៖ សមាគមមិត្តនគរបាលកម្ពុជា បានចេញនូវលិខិតមួយផ្ញើជូនទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានស្នើសុំឲ្យក្រសួងចាត់វិធានការណ៍ទៅលើឈុតឆាកសម្តែងមួយនៅក្នុងកម្មវិធី «បានមើល បានសើច» របស់ស្ថានីយទូរទស្សន៍ CTN ដែលនគរបាលចាត់ទុកថា សកម្មភាពនោះ ហាក់មិនត្រឹមត្រូវ និងជះឥទ្ធិពលមិនល្អដល់មន្ត្រីនគរបាលជាតិ។
យោងតាមលិខិតដែលបានផ្ញើទៅកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងនាមមិត្តនគរបាលកម្ពុជា សំណូមពរដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានពិនិត្យ និងកែកម្អដល់ស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួនដែលបាននិពន្ធ និងដឹកនាំការសម្តែងឈុតវីដេអូកំប្លែងខ្លីៗ ដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្ត្រីនគរបាលជាតិ។
លិខិតដដែលនោះបានបញ្ជាក់ថា មួយរយៈកន្លងមកនេះ ក្រសួងមហាផ្ទៃបាននិងកំពុងធ្វើយុទ្ធនាការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ហើយក្នុងនោះសមាគមមិត្តនគរបាលជាតិកម្ពុជា បានពិនិត្យឃើញមានស្ថានីយទូរទស្សន៍ ក៏ដូចសិល្បករមួយចំនួនបានផលិតជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតក្នុងសាច់រឿងខ្លះបានសម្តែងជាតួអង្គមន្ត្រីនគរបាលជាតិ ដោយមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ផ្អែកតាមបទដ្ឋានស្តីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រីនគរបាលជាតិដែលបានកំណត់ ហើយតួអង្គនគរបាលជាតិសក់វែង និងបានប្រើពាក្យសម្តីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិទៀតផង។
តាមរយៈសកម្មភាពក្នុងខ្សែវីដេអូ ដូចបានរៀបរាប់ខាងលើ សមាគមមិត្តនគរបាលជាតិកម្ពុជា យល់ឃើញថា ពិតជាមានផលប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ដែលបាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងស្ថេរភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
តាមរយៈសេចក្តីប្រកាសនេះ សមាគមមិត្តនគរបាលជាតិកម្ពុជា ក៏បានស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានពិនិត្យ និងជួយសម្រួលចាត់វិធានការកែលម្អដល់ស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមសិល្បករដែលមានចំណុចខ្វះខាតដូចបានរៀងរាប់ខាងលើនេះ។
ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហខាងលើនេះ តារាកំប្ហែង និងជាអ្នកដឹកនាំកម្មវិធី «បានមើល បានសើច» នាយ ពាក់មី បានបង្ហោះសារតាមហ្វេសប៊ុករបស់ខ្លួនថា រឿងនេះ គឺចោរបន្លំធ្វើប៉ូលិសទេ មើលឱ្យចប់បានដឹង តែខ្ញុំទទួលស្គាល់ខុសរឿងសក់វែង ដោយសារគិតថាតួកំប្លែង តែខ្ញុំមិនហ៊ានខមមិនអីទេ ខ្លាចខុស។
ចំណែកអ្នកដឹកនាំកម្មវិធីកំសាន្តនៃស្ថានីយទូរទស្សន៍ CTN និងជាអ្នកដឹកនាំថតកំប្លែង «បានមើល បានសើច» លោក សុវណ្ណរិទ្ធី ហៅតាវ៉ីចទ័រ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចនៅថ្ងៃទី១៧ មិថុនា នេះថា លោកមិនមានយោល់អ្វីច្រើនទេ ព្រោះតាមពិតក្នុងសាច់រឿងបង្ហាញអស់ហើយ។
លោកបញ្ជាក់ថា សម្រាប់ការដែលត្រូវកែលម្អ ឬក៏បញ្ឈប់ការចាក់បញ្ចាំងនូវឈុតឆាកមួយនេះឬយ៉ាងណានោះ លោកមិនហ៊ានសម្រេចនោះឡើយ ពោលគឺទាំងអស់នេះជាសិទ្ធិរបស់ប្រធានស្ថានីយទូរទស្សន៍។
បើតាមលោកតា វិចទ័រ ឆ្លងកាត់រឿងរ៉ាវមួយនេះ លោកមិនអាចនិយាយបានទេថា លោកអាចនឹងមិនដឹកនាំសម្តែងពាក់ព័ន្ធនឹងមន្ត្រីនគរបាលជាតិ ព្រោះទាំងនេះគឺជាការងារសំដែង តែបើលេងត្រូវតែពង្រឹងឱ្យបានល្អ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ