រាជធានីភ្នំពេញ ៖ ខណៈបន្តយាយីដោយជំងឺ នៅឆ្ងាយពីសិល្បៈ និងទស្សនិកជន ជាថ្មីម្ដងទៀតទូច ស៊ុននិច បានបង្ហើរវាចារំឭកអនុស្សាវរីយ៍មួយចំនួន គ្រាជីវិតនៅស្រស់បំព្រង ។
ក្រោយពេលបានឃើញម្ចាស់អតីតផលិតកម្មអង្គរវត្ត បានរំឭកអនុស្សាវរីយ៍មួយចំនួន និងលើកឡើងពីគុណសម្បត្តិរបស់ខ្លួនរួចមក កាលពីពេល ថ្មីៗកន្លងមក ទូច ស៊ុននិច្ច បានតបវិញថា «ម៉ាក់មីងអុីវេត សំ ម្ចាស់ផលិតកម្មអង្គរវត្ត ក្មួយសូមអរគុណដែលម៉ាក់មីងបាន posted រូបថតនូវថ្ងៃដំបូង ដែលក្មួយបានជួបម៉ាក់មីង និងជារូបថតដំបូង សម្រាប់ផលិតកម្មអង្គរវត្ត(រូបថតកាន់ពានរង្វាន់ជ័យលាភីលេខ១ផ្នែកចម្រៀងសម័យឆ្នាំ១៩៩៣) និងរូបថតអនុស្សាវរីយ៍មួយចំនួនទៀត ។ ក្មួយក៏សូមអរគុណផងដែរ ដែលម៉ាក់មីងបានមានប្រសាសន៍នូវអ្វីដែលជាភាពពិតរបស់ក្មួយ ហើយក្មួយសង្ឃឹមថាថ្ងៃណាមួយក្មួយនឹងបានជួបម៉ាក់មីងជាមិនខាន»។
ទូច ស៊ុននិច ក៏បានរំឭកគុណលោកគួច ខេវិន ដែលបានផ្តល់ការងារច្រៀង និងស្រឡាញ់រាប់អាននាង ។ លើសពីនេះនាងអរគុណលោកបានរក្សាទុករូបថត ស្អាតៗជាមួយនាង ។
រំឭករឿងកន្លងមួយទៀត គឺទូច ស៊ុននិចបានបង្ហាញវីដេអូ ឲ្យបងប្អូនយកប្រាក់ទៅជូនអ្នកគ្រូ គង់ ណារី ១០០ដុល្លារ គ្រាអ្នកគ្រូឈឺនៅមានជីវិត ដើម្បីបញ្ជាក់ថា នាងនៅគោរព រាប់អានគាត់ ។ គ្រានោះអ្នកគ្រូ គង់ ណាារី អួលដើមក ថ្លែងថា«អត់ហើយចេះជួយអ្នកគ្រូ សូមឲ្យបារមីជួយកូនបានដើរ ឬកម្រើកដៃជើងបាន និងមានគេអាណិតស្រឡាញ់ »។
ទូច ស៊ុននិច លើកនិយាយពីថៅកែផលិតកម្មអង្គរវត្តនោះ បន្ទាប់ពីផេករបស់ផលិតកម្មនេះបានបង្ហោះសារលើកឡើងពីរូបនាង ។ ផេកនោះ បាន សរសេរថា«រូបថតដែលក្មួយស្រីកាន់ពានរង្វាន់នេះ គឺខ្ញុំបានថតដោយផ្ទាល់ដៃខ្ញុំដែលជាចាងហ្វាងផលិតកម្មអង្គរវត្ត ។ នៅថ្ងៃទីមួយខ្ញុំបានជួបឳពុករបស់នាង ថ្ងៃទីពីរគាត់បាននាំក្មួយស្រីទូច ស៊ុននិច មកជួបនឹងខ្ញុំតាមការសំណូរពរដែលខ្ញុំចង់ជួបនាង ។ នាងមានចរិតសុភាព ឈរជិតឳពុកញញឹមយ៉ាងស្រស់ មិនមានវាចាអ្វីទាំអស់ ។ គ្រូសារមួយដែលមិនមែនជាគ្រួសារសម្បិត្តមហាសាលមែនពិត ប៉ុន្តែគឺជាគ្រួសារដ៏មានសុភមង្គល ដ៏គួរឲ្យគោរព និងជាទីរាប់អាន ដែលយើងរាល់គ្នាចង់បានមកធ្វើជាមិត្តភក្ដិ ។
គ្រួសារដែលរស់នៅដោយក្រឹត្យវិន័យរបស់ព្រះយ៉ាងពិតប្រាកដ ។ មានសេចក្ដីស្រឡាញ់ អំណរ មេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ។ ខ្ញុំបានជួបនឹងឪពុករបស់នាងប៉ុន្មានដងដែលការ៧ ឬ៨ឆ្នាំមុន នៅStockton in California» ។
អតីតតារាចម្រៀងកញ្ញាទូច ស៊ុននិច បានរងការបាញ់ប្រហារពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ ខណៈពេលដែលនាង និងម្តាយដើរចេញពីហាងលក់ទំនិញមួយ នៅក្នុងរាជធានីភ្នំពេញ ។ ម្តាយរបស់នាងបានស្លាប់នៅមន្ទីរពេទ្យកាលម៉ែត ចំណែករូបនាងរងរបួសធ្ងន់ រហូតមិនអាចងើបដើរបានរហូតសព្វថ្ងៃ ។
កញ្ញាទូច ស៊ុននិច និងក្រុមគ្រួសារកំពុងរស់នៅរដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក តែទោះបីជាច្រើនឆ្នាំមកហើយក្ដី នាងនៅតែស្ថិតក្នុងភាពពិការ មិនអាចកម្រើកដៃជើងបានទេ គឺអង្គុយតែលើរទេះរុញ ៕
ចែករំលែកព័តមាននេះ