ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខណៈជនរងគ្រោះជិះកង់ហាត់ប្រាណ ស្រាប់តែមានរថយន្តមួយគ្រឿងជ្រុលមកបុកពីក្រោយយ៉ាងពេញទំហឹង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦៧បេ ស្ថិតនៅក្នុងភូមិទួលកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះភិម សុខ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ។ ចំណែករថយន្តមួយគ្រឿងខាងលើម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២AT-៦១៧៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពពីប៉ូលិសអធិការផ្នែកចរាចរណ៍ស្រុកអន្លង់វែងបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ហាត់ប្រាណតាមបណ្តោយផ្លូវជាតិលេខ៦៧បេ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿងដឹកផ្សិតប៉ក់ ធ្វើដំណើរស្របទិសគ្នា ត្រូវបានគេសង្ស័យថា ទំនងជាអ្នកបើកបរងងុយដេក ក៏ជ្រុលទៅបុកកង់របស់ជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះកង់រងរបួសធ្ងន់ ចំណែកអ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែករថយន្ត និងកង់ត្រូវបានសមត្ថកិច្ចយកមករក្សាទុក និងកំពុងធ្វើការស្រាវជ្រាវរក អ្នកបើកបររថយន្ត ដើម្បីចាត់ការតាមច្បាប់ ៕ (កែសម្រួួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ