ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​ចោទប្រកាន់​ថា​ កម្ពុជា​ចាប់ខ្លួន​សកម្មជន​ថៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បាន​បដិសេធ​ថា ពុំ​បាន​ចាប់ ឬ​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​អាវ​ក្រហម​ថៃ ដែល​ស្នាក់​អាស្រ័យ​នៅ​កម្ពុជា​ទេ…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បាន​បដិសេធ​ថា ពុំ​បាន​ចាប់ ឬ​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​អាវ​ក្រហម​ថៃ ដែល​ស្នាក់​អាស្រ័យ​នៅ​កម្ពុជា​ទេ ។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​កម្ពុជា​ក៏​កំពុង​ស្រាវជ្រាវ​បន្ត​ពាក់ព័ន្ធ​នឹង​ករណី​នេះ ជា​ពិសេស​តម្រុយ​ដែល​បង្ហាញ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​របស់​បុគ្គល​ខាងលើ ។ ស្រប​ពេល​នេះ​ដែរ នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏​បានឱ្យ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា លោក វ៉ា​ន់ ឆា​ឡឺម បាត់​ខ្លួន​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា​៖ «​សមត្ថកិច្ច​បដិសេធ​ចំពោះ​ការ​ចាប់ខ្លួន លោក វ៉ា​ន់​ឆា​ឡឺម ព្រោះ​សមត្ថកិច្ច​កម្ពុជា​មិន​បាន​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​រូប​នេះ​ទេ ។ ដោយឡែក វី​ដេ​អូ​តាម​កាមេរ៉ា​ពាក់ព័ន្ធ​នឹង​បុគ្គល​រូប​នេះ សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​» ។

និស្សិត​ថៃ​ឈ្មោះ វ៉ា​ន់​ឆា​ឡឺម សាត​ស័ក្តិ​សិទ្ធ (Wanchalearm Satsaksit) គឺជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម​ថៃ ត្រូវ​បាន​កាសែត​ថៃ​ផ្សាយ​ថា ត្រូវ​បាន​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ គ្រា​ដែល​សកម្មជន​ក្រុម​អាវ​ក្រហម​នេះ រត់​ពី​ប្រទេស​ថៃ មក​ស្នាក់​អាស្រ័យ​នៅ​កម្ពុជា ។ បុគ្គល​រូប​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ តាំងពី​ឆ្នាំ​២០១៤​មក ។កាលពី​ថ្ងៃ​ទី​៨ មិថុនា សមាជិក​ក្រុម​អាវ​ក្រហម​របស់​ថៃ​មួយ​ក្រុម​តូច បាន​ធ្វើការ​តវ៉ា​នៅ​មុខ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​បាងកក ដោយ​ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី លោក Wanchalearm Satsaksit ដែល​ពួក​គេ​ចោទ​ថា​ត្រូវ​បាន​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ។

តាម​ទំព័រ​សារព័ត៌មាន​ថៃ Khaosod បាន​ផ្សាយ​រូបភាព​លើក​បដា​តវ៉ា​មុខ​ស្ថានទូត​កម្ពុជា​របស់​ពលរដ្ឋ​ថៃ​ប្រមាណ​១០០​នាក់ នៅ​ថ្ងៃ​ទី​៨ មិថុនា​ថា​ជា​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ករណី​ចាប់ជំរិត លោក Wanchalearm Satsaksit នៅ​រាជធានី​ភ្នំពេញ ។
ក្រុម​បាតុករ​បាន​អះអាង​ថា ពួក​គេ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដែល​មិន​អាច​ប្រកែក​បាន ។

ជាមួយ​គ្នា​នេះ​បុរស​ម្នាក់​ក្នុង​ចំណោម​បាតុករ​បាន​ស្នើ​សុំ​ឲ្យ​ធានា​សុវត្ថិភាព​ដល់​លោក Wanchalearm Satsaksit ហើយ​ប្រសិនបើ​លោក​បាន​បាត់បង់​ជីវិត​ហើយ សូម​ឲ្យ​ប្រគល់​សាកសព​របស់​លោក​មក​ប្រទេស​ថៃ​វិញ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ជុំវិញ​ករណី​នេះ ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ មិថុនា បាន​ផ្ញើ​កំណត់​ទូត​មួយ​មក​កាន់​ក្រសួងការបរទេស​កម្ពុជា ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​សកម្មជន​អាវ​ក្រហម​រូប​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​ផ្ញើ​កំណត់​ទូត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សកម្មជន​ថៃ​រូប​នោះ បាន​បាត់​ខ្លួន​អស់​រយៈពេល​៥​ថ្ងៃ​មក​ហើយ ដោយ​មិន​ទទួល​បាន​ដំណឹង​អ្វី​ទាល់តែ​សោះ​មក​ដល់​ពេល​នេះ ។ ក៏​ប៉ុន្តែ សម្រាប់​កម្ពុជា​បាន​ចេញ​មក​បដិសេធ​ថា មិន​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​រូប​នោះ​ទេ ហើយ​ថា នឹង​ស៊ើបអង្កេត​ពី​ករណី​នេះ​ផង​ដែរ ។

នៅ​ក្នុង​កំណត់​ទូត​ផ្ញើ​មក​កាន់​ក្រសួងការបរទេស​កម្ពុជា ស្ថានទូត​ថៃ​បាន​សួរនាំ​អំពី​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​សកម្មជន​ថៃ លោក វ៉ា​ន់​ឆា​ឡឺម សាត់​ស័ក្តិ​សិទ្ធ ដោយ​សួរ​ថា ពិតជា​មានការ​ចាប់ខ្លួន​ពិត​មែនឬ​យ៉ាងណា ។ ជាមួយ​គ្នា​នេះ ស្ថានទូត​ថៃ​ក៏​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្ទៀងផ្ទាត់​ជុំវិញ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ពី​ការ​ចាប់ខ្លួន​នេះ ។ នេះ​បើ​តាម​ការ​អះអាង​ឱ្យ​ដឹង​របស់​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា​បាន​គូសបញ្ជាក់​ថា នឹង​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ចំពោះ​ករណី​ចាប់ខ្លួន​សកម្មជន​អាវ​ក្រហម​ថៃ​រូប​នេះ ក៏​ប៉ុន្តែ លោក ឆាយ គឹ​ម​ខឿន អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា​នេះ​ថា ការ​បាត់​ខ្លួន​របស់​សកម្មជន​ថៃ​ដែល​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ជា​បន្តបន្ទាប់​នេះ គឺ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​អាជ្ញាធរ​កម្ពុជា​នោះ​ឡើយ ។

សូម​បញ្ជាក់​ថា ករណី​ចាប់ខ្លួន​សកម្មជន​ថៃ​រូប​នេះ ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​អន្តរជាតិ Human Rights Watch ។ អង្គការ Human Rights Watch កាលពី​ថ្ងៃ​ទី​៥ មិថុនា បាន​រាយការណ៍​អំពី​ករណី​ចាប់ពង្រត់​សកម្មជន​ថៃ លោក វ៉ា​ន់​ឆា​ឡឺម សាត​ស័ក្តិ​សិទ្ធ ដោយ​មាន​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​ភ្ជាប់​ជាមួយ​ផង ។ បើ​តាម​អង្គការសិទ្ធិមនុស្ស​នេះ លោក វ៉ា​ន់​ឆា​ឡឺម សាត​ស័ក្តិ​សិទ្ធ អាយុ​៣៧​ឆ្នាំ ត្រូវ​គេ​ចាប់​រុញ​ទាំង​កម្រោល​ទៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ នា​ល្ងាច​ថ្ងៃ​ទី​៤ មិថុនា ក្នុង​ពេល​ដែល​លោក​វ៉ា​ន់​ឆា​ឡឺម​កំពុង​ទិញ​អាហារ​នៅ​ទល់មុខ​អគារ​ខុន​ដូ​ដែល​លោក​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

លោក វ៉ា​ន់​ឆា​ឡឺម សាត​ស័ក្តិ​សិទ្ធ ត្រូវ​គេ​ស្គាល់​ថា​ជា​សកម្មជន​ប្រជាធិបតេយ្យ​មួយ​រូប (​អាវ​ក្រហម​) ដែល​ហ៊ាន​រិះគន់​វាយប្រហារ​ដោយ​ចំ​ៗ​ទៅ​លើ​រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​អូ​ចា ។ ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៤ នៅ​ប្រទេស​ថៃ លោក វ៉ា​ន់​ឆា​ឡឺម បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ឡាវ និង​ក្រោយមក​មក​កាន់​កម្ពុជា ដើម្បី​គេច​ពី​រឿង​ក្ដីក្ដាំ​ចោទប្រកាន់​ដោយ​រដ្ឋាភិបាល​ថៃ ទាក់ទង​នឹង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ និង​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ។

មួយ​ថ្ងៃមុន​ពេល​ត្រូវ​ចាប់ពង្រត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា លោក វ៉ា​ន់​ឆា​ឡឺម បាន​បង្ហោះ​នូវ​វី​ដេ​អូ​ដ៏​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​នាយក​រដ្ឋមន្ដ្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ថា​ជា​មេដឹកនាំ​ដែល​ល្ងង់ខ្លៅ បាន​តែ​និយាយ តែ​ដឹកនាំ​ប្រទេស​មិនកើត ។នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០​ថា លោក វ៉ា​ន់​ឆា​ឡឺម សាត​ស័ក្តិ​សិទ្ធ (Wanchalearm Satsaksit) ជនជាតិ​ថៃ ដែល​ជា​សកម្មជន​ក្រុម​អាវ​ក្រហម បាន​បាត់​ដំណឹង​ពី​កម្ពុជា តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ក្រោយ​ពេល​ដែល​លោក​បាន​សុំ​ពន្យារពេល​ទិដ្ឋាការ​ស្នាក់​នៅ​បាន​២​ឆ្នាំ ។

នាយ​ឧត្តម​សេន​យ៍​បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច នៅ​ក្នុង​ប្រព័ន្ធ​ចេញ​-​ចូល​របស់​ភ្ញៀវ​ដែល​មក​កាន់​ប្រទេស​កម្ពុជា គឺ​ឈ្មោះ Wanchalearm Satsaksit បាន​ចេញចូល​កម្ពុជា​ច្រើន​ដង ហើយ​នៅ​មុន​ឆ្នាំ​២០១៥ ជន​នេះ​បាន​មក​ស្នើ​សុំ​ពន្យារពេល​ទិដ្ឋាការ​ស្នាក់​នៅ​ដែល​មាន​សុពលភាព​ត្រឹម​ឆ្នាំ​២០១៧ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ជន​នេះ​បាន​បាត់​ខ្លួន​រហូត ដោយ​មិនដឹង​ថា​បាត់​ទៅ​ទីណា​ទេ ។ «​បើ​បុគ្គល​នេះ​រស់នៅ​ក្នុង​កម្ពុជា គឺ​រស់នៅ​ដោយ​ខុសច្បាប់​ហើយ ប៉ុន្តែ​គាត់​ទៅ​ណា​ក៏​យើង​មិន​បានដឹង​តាំងពី​ពេល​នោះ​មក​» ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏​បាន​អំពាវនាវ​ឱ្យ​សាក្សី ឬ​ជន​ទាំងឡាយ​ដែល​មាន​ព័ត៌មាន​អំពី​ករណី​បាត់​ខ្លួន លោក Wanchalearm Satsaksit សូម​សហការ​ជាមួយ​សមត្ថកិច្ច ដោយ​ផ្តល់​ព័ត៌មាន​ពិតប្រាកដ​ដល់​សមត្ថកិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ លោក​បញ្ជាក់​ថា តាម​ច្បាប់​អន្តោប្រវេសន៍​ជនបរទេស​មិន​អាច​ស្នាក់​នៅ​កម្ពុជា ហួស​សុពលភាព​ទេ ប៉ុន្តែ​ជន​នេះ​បាន​បាត់​ដំណឹង ៕ ​

អត្ថបទសរសេរ ដោយ