រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៥ ខែមិថុនា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១១១រូប ។
សម័យប្រជុំរដ្ឋសភា នាថ្ងៃនេះបានធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់ កាលពីកិច្ចប្រជុំម្សិលមិញនេះមានដូចជា ៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។
សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក និង៤៤មាត្រា ដែលមានលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ ។
២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ។
សេចក្តីព្រាងច្បាប់នេះមាន៣មាត្រា ដែលមានលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់ ៕
ចែករំលែកព័តមាននេះ