រាជធានីភ្នំពេញ ៖ លោក មាស សេនសាន អ្នកនាំពាក្យ និងជាអគ្គលេខាធិការដ្ឋាននៃអគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា ក្នុងឆ្នាំ២០២០នេះ មានការប៉ះពាល់មួយចំនួនដោយមានការថមថយពីកំណើនជាង ៧% មកត្រឹម៦.១% ។
លោក មាស សេនសានបន្តថា ក្រសួងសេដ្ឋកិច្ចបានគិតគួររួចហើយពីផលប៉ះពាល់ដូចជា កត្តាពាណិជ្ជកម្មនិងកត្តាផ្សេងៗដែលបណ្តាលមកពីជំងឺកូវីដ១៩ ជាសកលនេះ ។ ក្រសួងកំពុងឃ្លាំមើលពីរយៈពេលអូសបន្លាយពីការគំរាមកំហែងពីការផ្ទុះនៃមេរោគនេះ និងវិស័យណាដែលប៉ះពាល់ជាងគេ ។
លោក មាស សេនសាន ថ្លែងដូចខាងលើក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចំពោះករណីវីរុសកូរ៉ូណា ឬកូវីដ១៩នេះ ក្រសួងសេដ្ឋកិច្ចបន្តអនុវត្តម៉ាក្រូសេដ្ឋកិច្ច ដោយប្រុងប្រយ័ត្នតាមរយៈយុទ្ធសាស្ត្រមីក្រូហិរញ្ញវត្ថុដល់ឆ្នាំ២០២៥ ។ បន្តពង្រឹងការគ្រប់គ្រងចំណូល និងចំណាយឆ្នាំ២០១៩ និងឆ្នាំ២០២៥ ព្រមទាំងប្រឆាំងអំពើពុករលួយ ។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណ៧% ដែលកម្ពុជាសម្រេចបានចំណូលមធ្យមកម្រិតទាប ។ លោកមាស សេនសាន លើកឡើងទៀតថា ក្នុង២០១៩ ចំណូលរបស់មនុស្សម្នាក់ៗមានប្រមាណ១៦៧៩ដុល្លារអាមេរិកក្នុង១ឆ្នាំ ។ ក្នុងនោះអត្រាភាពក្រីក្របានកាត់បន្ថយមកនៅត្រឹមក្រោម១០ភាគរយ ។
លោក មាស សេនសានបន្តថា បើគិតពីការកៀងគរចំណូលថវិកាជាតិ និងគ្រប់គ្រងទ្រសម្បត្តិរដ្ឋគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ចំណូលថវិការដ្ឋកើនឡើងពីរដងចំនួន២ពាន់២រយហុកសិបលានដុល្លារអាមេរិកដល់ប្រមាណ៤ពាន់៥រយ៦៤លានដុល្លារអាមេរិក ។ មន្ត្រីក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ដោយបញ្ហាកូវីដ១៩នេះរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍មិនយកពន្ធចំពោះការទិញបុរី ឬលំនៅដ្ឋានដែលមានតម្លៃ៧ម៉ឺនដុល្លារអាមេរិក គឺអត្រាពន្ធសូន្យ និងជាបន្ទុករបស់រដ្ឋ ។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដរបស់ក្រសួងសេដ្ឋកិច្ច ក្នុងទិសដៅស្នួលជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ