រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយចំពោះរបាយការណ៍វាយតម្លៃស្តីពីសិទ្ធិមនុស្សនៅកម្ពុជាថា ខុសការពិត និងមានស្តង់ដាជា២ ។
ឯកអគ្គរាជទូតលោកអាន សុខខឿន តំណាងអចិន្ត្រែយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅហ្សឺណែវ បានថ្លែងក្នុងកិច្ចប្រជុំជាមួយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាថ្ងៃទី២៨ ខែកុម្ភៈថា ប្រតិភូកម្ពុជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះរបាយការណ៍របស់លោកជំទាវឧត្តមស្នងការពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានផ្តល់ព័ត៌មានចេញពីប្រភពលម្អៀង ជ្រើសរើសតែមួយជ្រុងនិងពុំមាន
ការផ្ទៀងផ្ទាត់ឡើងវិញច្បាស់លាស់ជាហេតុធ្វើឲ្យរបាយការណ៍នេះមិនទទួលស្គាល់នូវសមិទ្ធផល សំខាន់ៗដែលកំពុងកើតមាននៅក្នុងប្រទេស ។
ប្រតិកម្មរបស់ទូតកម្ពុជានេះត្រូវបានក្រសួងការបរទេសកម្ពុជាបញ្ជាក់បន្ថែមថានៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរស្មើភាពគ្នាចំពោះ មុខច្បាប់ ដោយពុំមានប្រកាន់និន្នាការនយោបាយមុខងារ ឬឋានៈសង្គមដូចដែលមានចែងនៅក្នុងមាត្រា៣១នៃធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ។
សិទ្ធិមនុស្សមិនមែនគ្មានព្រំដែននោះទេ ។ ឯកអគ្គរាជទូតលោកអាន សុខខឿន បានលើកឡើងថាសិទ្ធិមនុស្សត្រូវផ្សារភ្ជាប់ជាមួយករណីកិច្ច និងការទទួលខុសត្រូវពិសេសដូចមានចែងក្នុងមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ។ ប្រទេសកម្ពុជាបន្តប្តេជ្ញាចូលរួមគ្រប់យន្តការទាំងអស់ ។
ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាសិទ្ធិមនុស្សកម្ពុជានៅតែជាប្រទេសក្នុងតំបន់អាស៊ីតែមួយគត់ និងចាស់ទុំជាងគេបំផុតដែលអនុញ្ញាតឲ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញ និងបានទទួលយកអ្នករាយការណ៍ពិសេសប្រចាំប្រទេសចំនួន៦រូបមកហើយចាប់តាំងពីឆ្នាំ១៩៩៣មក ៕
ចែករំលែកព័តមាននេះ