ខេត្តសៀមរាប ៖ ទីបំផុត ការលួចកាប់បណ្តាលឱ្យរងរបួសយុវសិស្សម្នាក់ជាទម្ងន់ត្រូវបានវែកមុខ និងចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលការមានគម្រោងកាប់ប៉ងសម្លាប់នេះ គឺផ្តើមចេញពីរឿងដណ្តើមនារីជាសង្សារ(ប្រុស២ស្រី១) ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈថា បន្ទាប់ពីកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុង បានទទួលពាក្យបណ្តឹងពីឈ្មោះ សោ ស៊ាវប៉ាវ ភេទប្រុស អាយុ៣៩ឆ្នាំ ជាឪពុកជនរងគ្រោះ កម្លាំងនគរបាលក្រុងបានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំបញ្ជាផ្ទាល់ដោយរូបលោក និងលោកវរសេនីយ៍ទោ ឆាន់ វុទ្ធី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញា ។
តាមរយៈការស្រាវជ្រាវនេះ ក៏ឈានដល់រឃាត់ខ្លួនបានជនសង្ស័យដៃដល់និងបក្ខពួកជាបន្តបន្ទាប់ចំនួន៣នាក់ នៅទីកន្លែងផ្សេងគ្នា ហើយយកមកសាកសួរនៅអធិការដ្ឋានក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
លោកអធិការ ណុប សារ៉ាក់ បន្តថា ជនសង្ស័យ៣នាក់ដែលត្រូវបានឃាត់ខ្លួន មាន ៖១-ឈ្មោះ យ៉ុន សាវៀត ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងភ្លើង រស់នៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ២-ឈ្មោះ ហ៊ាន វីណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ មានសារធាតុញៀនក្នុងខ្លួន និង៣-ឈ្មោះ ជៀក ប៊ុនណា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅជាបងនៅបុរីព្រីមា ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីមនុស្សឃាតគិតទុកជាមុនគឺកាប់ជនរងគ្រោះនិងដាវបណ្ដាលឲ្យរបួសធ្ងន់ ។
សូមបញ្ជាក់ថា ហេតុការណ៍កើតឡើងនោះគឺជាការគិតទុកជាមុនលើជនរងគ្រោះឈ្មោះ សោ ស៊ាវគាង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យអង្គរ និងរៀនអង់គ្លេសនៅសាលាIQ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ការកាប់ប្រហារនេះ កើតឡើងនៅវេលាម៉ោងប្រមាណ៣និង៤០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្បែររបងជ្រុងខាងលិចនៃវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកអធិការបញ្ជាក់ថា មុនកើតហេតុមានគណនីហ្វេសប៊ុកឈ្មោះ Srey oun ផ្ញើសារកុម្មង់ទិញជ្រក់ជើងមាន់ ដែលម្តាយជនរងគ្រោះជាអ្នកធ្វើលក់ ហើយឱ្យជនរងគ្រោះយកជ្រក់ជើងមាន់ទៅឱ្យនៅកន្លែងកើតហេតុខាងលើ ព្រមទាំងផ្ញើសារលេខទូរស័ព្ទ ០៩២ ៩៤ ៥២ ០៣ ឱ្យជនរងគ្រោះ រួចប្រាប់ថា ពេលទៅដល់ឱ្យជនរងគ្រោះទាក់ទងលេខនេះ ។
បន្ទាប់មក ជនរងគ្រោះក៏បានទៅដល់កន្លែងកើតហេតុ ហើយទូរស័ព្ទទៅលេខខាងលើ ស្រាប់តែមានជនចំនួន២នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពុំមានផ្លាកលេខ កាំបន្ទះ បានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ ដាច់កញ្ចឹងក រួមទាំងរបួសដាច់ត្រង់ដើមដៃ និងប្រអប់ដៃខាងឆ្វេងហូរឈាមសស្រាក់ ។
ក្រោយពីធ្វើសកម្មភាពហើយ ជនទាំង២នាក់បានជិះម៉ូតូគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានអ្នកធ្វើដំណើរជួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។លោកអធិការបញ្ជាក់ទៀតថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ យើងបាននាំជនសង្ស័យឈ្មោះយ៉ុន សាវៀត ដែលជាអតីតសង្សាររបស់សង្សារជនរងគ្រោះមកសាកសួរ ។ ជននេះឆ្លើយថា ខ្លួនមិនដឹងរឿងអ្វីទាំងអស់ ដោយសារជននេះ បានលុបឯកសារមួយចំនួនក្នុងទូរស័ព្ទចោល ។
លោកអធិការបន្តថា នៅថ្ងៃទី២១ ខែកុម្ភៈ ការស្រាវជ្រាវបានប្រមូលភ័ស្តុតាង រហូតកំណត់បានមុខសញ្ញាដែលជនសង្ស័យឆ្លើយដាក់គឺ ឈ្មោះ ជៀក ប៊ុនណា ក៏នាំជននេះមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ។ ជននេះសារភាពថា ខ្លួនបានធ្វើសកម្មភាពជាមួយបក្ខពួកម្នាក់ឈ្មោះ ហ៊ាន វីណៃ ដោយខ្លួនជាអ្នកបើក
ម៉ូតូ ហើយឈ្មោះ ហ៊ាន វីណៃ ជាអ្នកជិះពីក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះ ។
ការធ្វើសកម្មភាពខាងលើនេះ គឺពួកខ្លួនទាំង២នាក់ទទួលបានប្រាក់ចំនួន១០០ដុល្លារ ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey oun ។ បន្ទាប់មក សមត្ថកិច្ចក៏បានស្រាវជ្រាវស្វែងរកជនឈ្មោះ ហ៊ាន វីណៃ ឃើញហើយនាំខ្លួនយកមកសាកសួរ ។ ជននេះឆ្លើយថា កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៩ ខ្លួនមានមិត្តភក្តិក្នុងភូមិពឹងជួយវាយមនុស្សម្នាក់តែខ្លួនមិនវាយទេ ហើយក៏បាននិ យាយរឿងនេះប្រាប់ទៅឈ្មោះ យ៉ុន សាវៀត ឯ យ៉ុន សាវៀត ក៏និយាយមកកាន់ខ្លួនថា បើមានអ្នកណាជួលឱ្យធ្វើអីក៏ធ្វើទៅក្រែងបានលុយចាយ ។
លុះរំលងបាន២ទៅ២ថ្ងៃ ក៏មានគណនីហ្វេសប៊ុក ឈ្មោះ Jea ka ផ្ញើសារឱ្យខ្លួនដោយសរសេរថា ពួកគេឱ្យខ្លួនកាប់មនុស្សប្រុសម្នាក់ជាសិស្សរៀននៅសាលាIQ ព្រមទាំងប្រាប់ផ្លាកលេខម៉ូតូ និងរូបថតជនរងគ្រោះផងដែរ ក្នុងតម្លៃ១.០០០ដុល្លារ ហើយខ្លួនក៏ព្រមធ្វើ ក៏ប្រាប់រឿងនេះទៅឈ្មោះ យ៉ុន សាវៀត ។ ពេលនោះ យ៉ុន សាវៀត ក៏បានជំរុញឱ្យខ្លួនពន្លឿនធ្វើសកម្មភាពខាងលើ ។
លុះនៅថ្ងៃទី១២ ខែកុម្ភៈ គណនីហ្វេសប៊ុក ឈ្មោះ Jea ka ក៏បានផ្ញើសារដោយសរសេរថា រូបគេ(ឈ្មោះJea ka) បានណាត់ជនរងគ្រោះឱ្យយកជ្រក់ជើងមាន់ទៅឱ្យនៅកន្លែងកើត ហេតុ ដោយប្រាប់លេខទូរស័ព្ទ ០៩២ ៩៤ ៥២ ០៣ ជាលេខរបស់ខ្លួនទៅជនរងគ្រោះពីកន្លែងជួបយកជ្រក់ជើងមាន់ ។ បន្ទាប់មក ខ្លួនក៏ជិះម៉ូតូជាមួយឈ្មោះ ជៀក ប៊ុនណា ដោយ ជៀក ប៊ុនណា ជាអ្នកបើកម៉ូតូ ។ ពេលជនរងគ្រោះទូរស័ព្ទមកខ្លួន ក៏នាំគ្នាជិះតាមពីក្រោយជនរងគ្រោះទៅដល់ចំណុចកើតហេតុ ខ្លួនក៏កាប់ជនរងគ្រោះចំកញ្ចឹងក ចំដើមដៃខាងឆ្វេង និង អូសដល់ប្រអប់ដៃ។
ក្រោយពីធ្វើសកម្មភាពរួចហើយ ខ្លួននិងបក្ខពួកក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន ព្រមទាំងដោះអាវ មួកសុវត្ថិភាព និងដាវចោលនៅម្តុំលូទឹកស្អុយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ពួកគេក៏បានបោះចោលស៊ីមកាតលេខទូរស័ព្ទ ០៩២ ៩៤ ៥២ ០៣ ដែរ ហើយក៏ទាក់ទង់ទៅគណនីហ្វេសប៊ុកឈ្មោះJea ka ប្រាប់ពីដំណើររឿងដែលខ្លួនធ្វើបានសម្រេច ព្រមទាំងសួររកប្រាក់ដែលថាឱ្យពួកខ្លួនចំនួន១០០០ដុល្លារ ។
ក្រោយពីប្រាប់រួច គណនីហ្វេសប៊ុកឈ្មោះ Jea ka ក៏បានបិទឈប់ប្រើការរហូតមកទល់ពេលនេះ ។ បន្ទាប់មក សមត្ថកិច្ចក៏បានជនសង្ស័យឈ្មោះយ៉ុន សូវៀត មកសាកសួរ ក្រោយពីជននេះឆ្លើយថា ខ្លួនពិតជាដឹងរឿងហេតុដែលបានកើតឡើងលើជនរងគ្រោះ ហើយខ្លួនក៏បានឱ្យឈ្មោះហ៊ាន វីណៃ លុបសារទាំងអស់ដែលផ្ញើទៅគណនីហ្វេសប៊ុកឈ្មោះ Jea ka ចេញទាំងអស់។
លោកអធិការបញ្ជាក់ថា ជនឈ្មោះ យ៉ុនសាវៀត បានលាក់បាំងព័ត៌មានជនសង្ស័យ និងសមគំនិតជាមួយជនសង្ស័យ ។ យើងបាននាំជនសង្ស័យទៅចង្អុលកន្លែងកើតហេតុ និងនាំទៅចង្អុលកន្លែងចោលវត្ថុតាង ព្រមទាំងបានចាប់យកវត្ថុតាងដាវដែលជនសង្ស័យយកទៅបោះចោល ។ បន្ទាប់ពីសួរនាំរួច យើងបានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនទាំង៣នាក់ ក្នុងនោះ ម្នាក់ឈ្មោះ ហ៊ាន វីណៃ ចេញលទ្ធផលវិជ្ជមាន ។
ជនសង្ស័យទាំង៣នាក់និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ