រាជធានីភ្នំពេញ ៖ នៅចុងសប្តាហ៍នេះ យុវជន ២៥ នាក់មកពីអង្គការសុវណ្ណកុមារបានពង្រីកសួនច្បាររបស់ពួកគេ ដើម្បីដាំបន្លែដែលមានរសជាតិឆ្ងាញ់ និងបន្លែសរីរាង្គ។
គំនិតក្នុងការបង្កើតសួនច្បារនេះ គឺបានមកពីម្តាយចិញ្ចឹមម្នាក់ឈ្មោះស្រិន សុផល ដែលបានផ្តួចផ្តើមកម្មវិធីចូលរួមជាមួយសហគមន៍ ដើម្បីបង្ហាញពីតម្លៃនៃការយកចិត្តទុកដាក់និងការផ្តល់ឱ្យដល់អ្នកដទៃ។ កាលពីដើមខែកុម្ភៈ យុវជននៅសុវណ្ណកុមារ បានចែកសំភារៈសិក្សាដល់សិស្សនៅសាលាបឋមសិក្សាក្នុងស្រុកមួយ។ សុផល បានលើកទឹកចិត្តអោយកុមារទាំងអស់យកចិត្តទុកដាក់ចំពោះអង្គការ ដោយធ្វើការបង្កើតសួនបន្លែនៅក្នុងអង្គការ។
អត្ថប្រយោជន៍នៃការធ្វើសួនច្បារនៅក្នុងអង្គការគឺមានច្រើនណាស់។ លោក ឆាយ ម៉េង ដែលជាអ្នកជំនាញកសិកម្ម និងជានាយកគ្រប់គ្រងក្រុមហ៊ុន «ម្អម» ដែលផ្តោតលើអាហារសុខភាព និងទឹកផ្លែឈើបានលើកឡើងថា «ការថែសួនបានផ្តល់នូវឱកាសសម្រាប់ការរៀនសូត្រដែលបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការស្រឡាញ់កសិកម្ម និងបរិស្ថាន»។
លើសពីនេះទៅទៀត ការដែលអាចផ្គត់ផ្គង់ខ្លួនរបស់អ្នកបានមានន័យថា អ្នកអាចកាត់បន្ថយថ្លៃដើម និងបង្កើនការអោយតម្លៃចំពោះបន្លែដែលបានមក។ អ្នកដឹកនាំយុវជនសុវណ្ណកុមារម្នាក់បាននិយាយថា «ខ្ញុំអាចសន្សំប្រាក់បានច្រើនហើយខ្ញុំអាចញ៉ាំបន្លែស្រស់និងបន្លែដែលខ្ញុំដាំដោយដៃរបស់ខ្ញុំបាន» ។
ដូចដែលសុផល បានដឹងហើយថា វាជាពេលវេលាដ៏ល្អសម្រាប់អង្គការដែលមានអាហារគ្រប់គ្រាន់សំរាប់ខ្លួនឯង ពីព្រោះយើងមិនចាំបាច់ពឹងផ្អែកលើទីផ្សារក្នុងស្រុក។ ហើយយុវជនក៏រៀនចេះជំនាញដាំបន្លែដែលពួកគេអាចប្រើជំនាញនេះ ដើម្បីជួយខ្លួនឯងបាននៅពេលក្រោយ។
សុវណ្ណកុមារក៏មានគំរោងផ្សេងទៀតសម្រាប់បន្លែទាំងអស់នោះដែរគឺ គម្រោង “Golden Pizza”។ គម្រោងនេះ មានគោលការណ៍សាងសង់ឡដុតធ្វើពីឥដ្ឋដើម្បីរៀនធ្វើភីហ្សា ហើយប្រហែលជាប្រែក្លាយវាទៅជាអាជីវកម្មខ្នាតតូចមួយផងដែរ។ ដើម្បីធ្វើភីស្សាឆ្ងាញ់យើងត្រូវការគ្រឿងផ្សំស្រស់ៗ ហើយសួនច្បារដ៏ធំនឹងថែរក្សាបាននូវការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពដល់ពួកគេ។
គំនិតផ្តួចផ្តើមសិក្សាផ្អែកលើគម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីថ្មីនៃសកម្មភាពលើកកម្ពស់យុវជនផ្តោតសំខាន់ទៅលើជំនាញទន់រួមមានការធ្វើការជាក្រុមនិងការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតដែលនឹងជួយយុវជនពេញមួយជីវិត។
សម្រាប់លោក ឆាយ មេង ការមានបន្លែផ្ទាល់ខ្លួនមានន័យថាគ្រួសារគាត់នឹងទទួលបានបន្លែដែលស្រស់និងមានសុវត្ថិភាព។ លើសពីនេះទៀតការថែសួនអាចជាសកម្មភាពដ៏ «សប្បាយរីករាយក្នុងក្រុមគ្រួសារ អាចជួយស្រស់ស្រាយ និងបន្ធូរអារម្មណ៍បាន» ។ យុវជនសុវណ្ណកុមារម្នាក់ ក៏យល់ស្របនឹងអ្នកដឹកនាំយុវជនដែលបាននិយាយថា «ខ្ញុំពិតជារីករាយដែលខ្ញុំអាចសាងសង់សួននេះជាមួយគ្រួសារខ្ញុំបាន» ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង Sovannkomarmedia@gmail.com ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ