រាជធានីភ្នំពេញ ៖ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចជាផ្លូវការកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានព្យូរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងតែសព្វាវុធ ហៅកាត់ថា EBA នោះ បានបង្កការព្រួយបារម្ភពីសំណាក់កម្មករ និយោជិតនិង មហាជនជាច្រើនដែលបានបញ្ចេញការយល់ឃើញថាការព្យូរនោះនឹងនាំអោយប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ។
តែសម្រាប់ក្រសួងពាណិជ្ជកម្មដែលជាអ្នករកទីផ្សារសំខាន់និងជាអ្នកសម្របសម្រួលក្នុងការនាំចេញទំនិញពីកម្ពុជានោះបានអះអាងថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ មិនធ្វើអោយកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ខណៈតំណាងសហជីពក៏បង្ហាញការយល់ឃើញថាការបង់ពន្ធសម្រាប់ការនាំចូលទំនិញពីកម្ពុជាទៅកាន់ទៅផ្សារអឺរ៉ុបដោយត្រូវអនុវត្តការបង់ពន្ធចំនួន ២០ ភាគរយនាថ្ងៃទី ២ ខែសីហា ខាងមុខនេះ គឺមិនមានបញ្ហាធ្ងន់ធ្ងរនោះតែ តែអ្វីដែលជាកង្វល់នាំដល់ការប៉ះពាល់កម្ពុជាខ្លាំងនោះ គឺការបញ្ជារទិញពីម្ចាស់ប្រែន ទៅ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថាក្នុងសេចក្តីនៃលិខិតដែលចេញដោយសហភាពអឺរ៉ុប បានបង្ហាញថា «អឺរ៉ុបនឹងយកពន្ធលើទំនិញដែលនាំចេញពីកម្ពុជាតែចំនួន៤០មុខប៉ុណ្ណោះ នៃបន្ទាប់ពន្ធ៦ខ្ទង់ ដែលផលិតនៅកម្ពុជាហើយមានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជា មានលទ្ធភាពអាចបង់ពន្ធនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ។ ទន្ទឹមនឹងនោះ កម្ពុជាអាចនាំទំនិញចេញប្រមាណជាង៩០០០ ទៀត ដោយមិនបង់ពន្ធ ពោលនៅទទួលបានអនុគ្រោះពន្ធ ក្នុងគោលបំណងជួយដល់កម្ពុជា ក្នុងការរក្សាការងារ និងប្រភពចំណូលជូនកម្មករ កម្មការិនីនិងក្រុមគ្រួសាររបស់ពួកគេ » ។
សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា នីតិវិធីនៃបទប្បញ្ញតិ្តស្ដីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរ សម្បទានពន្ធជាបណ្ដោះអាសន្នចំនួន៤០មុខ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបនិងសភាអឺរ៉ុប ពិនិត្យលើទម្រង់និងគិតច្បាប់ ដែលត្រូវប្រើពេលវេលា ប្រមាណ២ខែជាបន្តទៀត ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ ។ ក្នុងន័យនេះសភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្ដីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប ។ ក្នុងករណីចាំបាច់ សភាអឺរ៉ុបអាចប្រើពេលវេលា ២ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា ។
ក្រសួងខាងលើក៏បានបញ្ជាក់ថា តាមការពិគ្រោះ យោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតទាំង៤០មុខ ទៅកាន់ទីផ្សារអឺរ៉ុបឃើញថា បើមានការសម្រេចឱ្យព្យួរសម្បទានពន្ធជាបណ្ដោះអាសន្ននៅចុងឆ្នាំ ២០២០មែន បណ្ដារោងចក្រទាំងនោះនៅតែមានលទ្ធភាពបន្តការផលិតនៅកម្ពុជា និងកំពុងអនុវត្តនូវកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីចុងត្រីមាសឆ្នាំ ២០១៩ ។
បើតាមលោកកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជា បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនក្នុងន័យថា ការយកពន្ធលើទំនិញ២០ភាគរយនៃទំនិញនាំចូលទីផ្សារអឺរ៉ុបសរុប វានឹងមិនអាចធ្វើអោយប៉ះពាល់ដល់ដំណើរការនៃការផលិតនៅកម្ពុជានោះ ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «វាជោគជ័យមួយ ដោយសារតែ៨០ភាគរយត្រូវបានការពារ និង២០ភាគរយគឺជាការចំណាយក្នុងទម្រង់ជាការវិនិយោគដើម្បីកសាងសមត្ថភាព » ។
សូមរំលឹកផងដែរថា ក្រសួងពាណិជ្ជកម្ម ដែលជាអ្នករកទីផ្សារដ៏សំខាន់សម្រាប់ផលិតផលរបស់កម្ពុជា បានខិតខំពង្រីកខ្លួនកាន់តែធំទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះ កម្ពុជាបាននិងកំពុងចរចាជាមួយចិន ក្នុងការបើកផ្លូវការធ្វើពាណិជ្ជកម្មសេរីជាមួយចិន ។ ក្រៅពីនោះក៏មានប្រទេសកូរ៉េផងដែរ ដែលកម្ពុជាបានបង្ហាញនូវឆន្ទៈក្នុងការបើកផ្លូវធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោកស៊ាង ថៃ បានលើកឡើងកន្លងមកថា កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយចិន បាននិងកំពុងចាប់ផ្ដើមបណ្ដើរហើយ ដោយក្នុងនោះមន្ត្រីបច្ចេកទេសរបស់កម្ពុជា បានទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបជាមួយមន្ត្រីជំនាញបច្ចេកទេសរបស់ចិន ក្នុងការបើកច្រកចរចាបន្ថែមនៅពេលខាងមុខដ៏ខ្លី ។ សហជីពអះអាងថាការសម្រេចរបស់ EU រឿងព្យូរផ្នែកខ្លះនៃ EBA ពេលនេះជាការបង្ហាញឥរិយាបទដល់រាជរដ្ឋាភិបាលកម្ពុជា!
លោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែ កុម្ភៈ ថា «ក្នុងការវិភាគរបស់ខ្ញុំ ខ្ញុំគិតថាការសម្រេចរបស់សហភាពអឺរ៉ុបនេះវាអាចជាទណ្ឌកម្មមួយទៅដល់រាជរដ្ឋាភិបាលកម្ពុជាហើយ ក៏ប៉ុន្តែវាមិនទាន់ប៉ះពាល់ទេ ។ នៅពេលនេះវានៅសេចក្តីសម្រេចរបស់អ្នកបញ្ជាទិញមួយទៀត បើសិនអ្នកបញ្ជាទិញគេសម្រេចចិត្តថាដកការបញ្ជាទិញប្រមាណ២០% ឬច្រើនជាងនេះវានឹងប៉ះពាល់តែម្តង ដោយសារអ្នកបញ្ជាទិញគឺជាគន្លឹះសំខាន់ទៅលើការនាំចេញផលិតផលទាំងហ្នឹង។តែបើសិនអ្នកបញ្ជាទិញថាអត់ដកទេ ទោះបីថាមានការយកពន្ធប៉ុណ្ណឹងសម្រាប់ការនាំចេញពីកម្ពុជាទៅទីផ្សារអឺរ៉ុបនៅតែបន្ត នោះវានឹងប៉ះពាល់អ្វីសោះ។ ដូចនេះគន្លឹះសំខាន់គឺផ្អែកលើអ្នកបញ្ជាទិញតែម្តង»។
បើតាមប្រធានសហជីពរូបនេះថា ការដាក់ពន្ធទៅលើមុខទំនិញ៤០មុខរបស់កម្ពុជាពេលនេះ គឺប៉ះសុទ្ធតែជាមុខទំនិញសំខាន់ៗសម្រាប់ការនាំចេញ ខណៈមុខទំនិញរាប់ពាន់មុខផ្សេងទៀតកម្ពុជាមិនមានលទ្ធភាពនាំចេញ។ លោក អាត ធន់ បានមានប្រសាសន៍បញ្ជាក់ថា «ការសម្រេចរបស់សហគមន៍អឺរ៉ុប តាមខ្ញុំយល់គឺជាការសម្រេចមួយទុកឱ្យកាសដល់រាជរដ្ឋាភិបាលច្រើនណាស់។ វាអាចជាឥរិយាបទធន់ភ្លន់បំផុតហើយ ព្រោះគេសម្រេចព្យួរត្រឹម ២០ភាគរយ ដោយសារគេ (អឺរ៉ុប) ពិនិត្យឃើញផលប៉ះពាល់ដល់កម្មករច្រើន ។ ដូចនេះហើយបានជានៅក្នុងសេចក្តីសម្រេចរបស់សហគមន៍អឺរ៉ុបនេះគឺទុកឱកាសដល់រាជរដ្ឋាភិបាលដល់៦ខែទៀតបានធ្វើសេចក្តីសម្រេចចិត្តថា ត្រូវកាត់ឬមិនកាត់ បើរដ្ឋាភិបាលដោះស្រាយបញ្ហាផ្សេងៗដែលជាសំណើររបស់អឺរ៉ុបបាននោះគេនឹងមិនកាត់ទេ »។
លោកបានលើកឡើងបន្ថែមថា « ព័ត៌មាននៅក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះមានន័យថានៅគ្រប់ផ្នែកសំខាន់ៗនៃកម្មករបានផ្សព្វផ្សាយហើយ ។ ឥលូវនេះកម្មករកំពុងបារម្ភដោយសារមានរឿងពីរកើតឡើងផ្ទួនគ្នា បន្ទាប់ពីសហគមន៍អឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធមួយចំណែក និងមានបញ្ហាជំងឺប្រភេទថ្មីកូរ៉ូណាមកទៀត រឹតតែធ្វើឱ្យគាត់កាន់តែបារម្ភឡើង ហើយអ្វីដែលពួកគាតបារម្ភនោះគឺខ្លាចបាត់បង់ការងារវានឹងធ្វើឱ្យបាត់បង់ចំណូល ដល់ពេលនោះវានឹងមានបញ្ហាដល់សេដ្ឋកិច្ចគ្រួសារពួកគាត់តែម្តង»។ លោកបានលើកឡើងថា «អ្វីដែលយើងចង់បាននៅពេលនេះគឺចង់ឱ្យខាងរាជរដ្ឋាភិបាលបន្តធ្វើឱ្យប្រសើរឡើងនូវបញ្ហាផ្សេងៗនៅក្នុងប្រទេស ហើយដោះស្រាយបណ្តឹងទាំងឡាយដែលបានប្តឹងសហជីពកន្លងមក និងកែប្រែច្បាប់ឱ្យបានប្រសើរ ហើយផ្តល់សេរីភាពឱ្យសារព័ត៌មានឬក៏អង្គការសង្គមស៊ីវិលបានធ្វើការជួយជុំ។ ដោះស្រាយបញ្ហានយោ
បាយ គណៈបក្សឱ្យដំណើរការនៃការប្រកួតប្រជែងគ្នាបានទៅវិញ ខ្ញុំគិតថានោះនឹងដោះស្រាយបញ្ហានោះបានហើយល្អមែនទែ។តែបើសិនបានដោះស្រាយទេគឺយើងមានការសោកស្តាយនៅពេលដែលបាត់បង់ចំណែកទីផ្សារវាអាចនឹងបាត់បង់ការងារដល់កម្មករ» ។
ជាក់ស្តែងកញ្ញា ស្រីញ៉ា កម្មករកាត់ដេរសម្លៀកបំពាក់នៅតំបន់ផ្សារទឹកថ្លា បានឱ្យដឹងថា នៅពេលដែលដឹងដំណឹងថាមានរោងចក្រមួយចំនួនចង់ភ្ជួរការងារកម្មករដោយសារតែវីរុសក៉ូរូណា ឬការបាត់បង់ផ្នែកណាខ្លះនៃ EBA កញ្ញាពិតជាមានក្តីបារម្ភខ្លាំងព្រោះខ្លាចបាត់បង់ការងារនៅឧស្សហកម្មកាត់ដេរ ដែលជាចំណូលសំខាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ទន្ទឹមនិងក្តីប្រារម្ភ កញ្ញាស្រីញ៉ាបានឲ្យដឹងផងដែរថាក្នុងរយៈកន្លងទៅនេះកញ្ញាបានធ្វើការថែមម៉ោងរហូតដល់ម៉ោង៨យប់បានមួយរយៈដែរ តែទោះជាយ៉ាងណាប្រាក់ខែដែលទទួលបានក្នុងមួយខែៗក្រៅពីកាត់ចំណាយផ្សេងៗគឺអាចនៅសល់តែត្រឹម៥០ដុល្លារអាមេរិកតែប៉ុណ្ណោះ ។ កញ្ញាស្រីញ៉ាបានបន្តថា «ពិតជាបារម្ភណាស់បង ខ្លាចអត់ការងារធ្វើ ព្រោះសព្វថ្ងៃគឺពឹងលើការងាររោងចក្រនេះឯង»។ យ៉ាងណាមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកាលពីថ្ងៃទី ១១ ខែកុម្ភះ ស្នើដល់កម្មក-កម្មការិនីកុំឲ្យមានការភ្ញាក់ផ្អើលចំពោះការសម្រេចណាមួយរបស់ EU ពាក់ព័ន្ធនឹង EBA ។
សម្តេចតេជោ បានបញ្ជាក់នាពេលនោះថា បើសិន EU សម្រេចទុក EBA ក៏ល្អ តែបើមិនទុកទេ ឬក៏ព្យួរផ្នែកណាមួយនៃ EBA នោះមិនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាឡើយ ត្រង់នេះមានន័យថាកម្ពុជាមិនបានបាត់បង់ទីផ្សារអឺរ៉ុបឡើយ គ្រាន់តែកាលពីមុននាំចេញពានចំណេញច្រើនពេលមាន EBA តែបើសិនបាត់បង់ទាំងស្រុង ឬផ្នែកខ្លះនៃ EBA គឺការនាំចេញនៅតែមានដដែលគ្រាន់តែចំណេញតិចជាងមុន៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ