រាជធានីភ្នំពេញ ៖ សហភាពអឺរ៉ុបកាលពីថ្ងៃទី ១២ កុម្ភៈ បានសម្រេចព្យូរផ្នែកខ្លះនៃប្រពន្ធ័អនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ (Everything But Arms—EBA) ដែលមានទំហំប្រមាណ ២០ភាគរយទៅលើផលិតផលមួយចំនួនដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងស្ករជាដើម ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទឹកប្រាក់នាំចេញប្រមាណ១ពាន់លានដុល្លារអាមេរិកនៃបរិមាណនាំចេញសរុបរបស់កម្ពុជា ។
ចំណុចដែលគួរឲ្យកត់សម្គាល់មួយនោះ គឺក្នុងចំណោមមុខទំនិញរបស់កម្ពុជាដែលនឹងត្រូវបង់ពន្ធនាំចូលទីផ្សារអឺរ៉ុបនោះ គឺមិនពាក់ព័ន្ធនឹងវិស័យផលិតកង់សម្រាប់ការនាំចេញពីកម្ពុជាទៅទីផ្សារអឺរ៉ុប ។
ខណៈមានមតិជាច្រើនបានបង្ហាញនូវការព្រួយបារម្ភពីការព្យូរផ្នែកខ្លះនៃ EBA ពីកម្ពុជានោះ មានការបញ្ចេញមតិខុសៗគ្នាដែលខ្លះបានបន្ទោសលើរដ្ឋាភិបាល ខ្លះលើកឡើងថាមិនមានបញ្ហាធំដុំនោះទេ ។
យ៉ាងណាមិញ ទំហំប៉ះពាល់ជាក់លាក់យ៉ាងណានៅមិនដឹងច្បាស់នៅឡើយទេ ថាតើការសម្រេចព្យូរផ្នែកខ្លះនៃមុខទំនិញរបស់កម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជាក្នុងកម្រិតណា ហើយអាចធ្វើឲ្យប៉ះពាល់ណាមួយដែលឈានដល់ការបិទទ្វាររោងចក្រនិងបាត់បង់ការងារកម្មករ-កម្មការិនិចំនួនប៉ុន្មាននាក់នៅឡើយនោះទេ ខណៈសមាគមកាត់ដេរនៅកម្ពុជាបដិសេធមិនឆ្លើយតបលើការសម្រេចរបស់សហភាពអឺរ៉ុបក្នុង ការព្យូរផ្នែកខ្លះនៃ EBA សម្រាប់កម្ពុជានោះ។
ជាមួយគ្នានោះផងដែរ ក៏មានការចោទសួរឡើងថាតើការសម្រេចរបស់សហភាពអឺរ៉ុបលើការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAនេះវាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិឬទេ ខណៈសម្រាប់ក្របខណ្ឌរដ្ឋាភិបាលយល់ឃើញថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើវិស័យច្រើនបើវិស័យមួយស្រុតចុះតែអាចវិស័យផ្សេងនឹងកើនឡើង ?
លោកស៊ាង ថៃ មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ចជាតិគឺពាក់ព័ន្ធនឹងវិស័យជាច្រើន មិនមែនទាក់ទងតែនឹងការនាំចេញមួយមុខទេ។ ជូនកាល វិស័យមួយស្រុតចុះបន្តិចបន្តួច តែវិស័យផ្សេងទៀតមានសន្ទុះខ្លាំង ក៏ធ្វើឱ្យសេដ្ឋកិច្ចទាំងមូលនៅតែមានកំណើន។ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ដើម្បីធានាថា ផលិតកម្មកម្ពុជា មានភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ ពេលដែលយើងត្រូវបង់ពន្ធលើទំនិញដែលត្រូវបានដកភាពអនុគ្រោះ» ។
បើតាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានបញ្ជាក់ថា ទោះបីជាមិនពេញចិត្តនឹងវិធានការណ៍ដែលមានភាពលំអៀងនេះក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរបន្តកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតបត្តិការ និងផលប្រយោជន៍ទាំងសងខាង ។
ចំណែកលោក ខេនលូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថាGMAC ប្រាប់កោះសន្តិភាពយ៉ាងខ្លីថា «បញ្ហាEBAនេះមិនទាន់ដឹងថាប៉ះពាល់ប៉ុន្មាននោះទេ។ សមាគមកំពុងត្រួតពិនិត្យ ឬធ្វើការវាយតម្លៃពីផលប៉ះពាល់ ពេលត្រួតពិនិត្យរួចខាងសមាគមនឹងចេញសេចក្តីថ្លែងការរួមមួយ តែមិនប្រាកដថាអាចចេញបាននៅថ្ងៃនេះ ឬយ៉ាងណានោះទេរង់ចាំការជាក់ស្តែង» ។
ទន្ទឹមនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាកំពុងធ្វើការត្រួតពិនិត្យលើផលប៉ះពាល់ពីការដកផ្នែកខ្លះនៃ EBA នេះបើតាមអ្នកជំនាញខាងសេដ្ឋកិច្ចម្នាក់យល់ឃើញថាពន្ធ២០% ដែលសហភាពអឺរ៉ុបព្យូរត្រៀមដកពីកម្ពុជានៅពេលខាងមុខនេះគិតជាទឹកប្រាក់ប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ ។
លោកច័ន្ទ សុផល អ្នកជំនាញខាងសេដ្ឋកិច្ចបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ឥឡូវកម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុបចំនួន ២០% នៃទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ ៨០% ផ្សេងទៀតនៅរួចពន្ធដដែល។
លោកបានបញ្ជាក់ថា « តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ វាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃ ផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ»។
លោកចាន់ សុផល បានបញ្ជាក់ថា «ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា (ទាំង រដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះថា ៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក់ច្បាស់ថាបានរីកចម្រើនឡើងផុតពីចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច (Least Developed Countries – LDCs)។
ភាពអនុគ្រោះពន្ធនេះ គេឱ្យសម្រាប់តែប្រទេស LDCs ដែលបច្ចុប្បន្ននេះ មានចំនួន៤៨ ក្នុងចំណោមជាង ២០០ប្រទេស ក្នុងពិភពលោកទាំងមូល។ ម្នាក់ៗតែងតែចង់ឱ្យប្រទេសខ្លួនឡើងជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូចនេះ យើងត្រូវតែខំប្រឹងប្រែងទាំងអស់គ្នាឡើង» ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ