សហរដ្ឋអាមេរិក៖ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នថ្នាក់អន្តរជាតិ សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលកំពុងរីករាលដាលកាន់តែខ្លាំងរហូតឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២១៣ នាក់នៅប្រទេសចិនគិតត្រឹមម៉ោង ២ រសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ កន្លងទៅ ហើយវីរុសនេះត្រូវបានរកឃើញរីករាលដល់ប្រទេសជាង ២០ ផ្សេងទៀតនោះ វាអាចបង្កការភ័យខ្លាចកាន់តែខ្លាំងឡើងដល់វិនិយោគិនអំពីជំងឺនេះនិងហានិភ័យសេដ្ឋកិច្ចពិភពលោកតែម្តង ។
ថ្លែងក្នុងសន្និសីទកាសែតប្រកាសពីភាពអាសន្នផ្នែកសុខភាពសកល លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO លោកបានមានប្រសាសន៍ថាអង្គការនេះមានទំនុកចិត្តលើប្រទេសចិននិងបានកោតសរសើរចំពោះការចាត់វិធានការណ៍សំខាន់ៗរបស់ចិនដើម្បីទប់ទល់នឹងជំងឺនេះ «ទោះបីជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមក៏ដោយ ក៏វិធានការណ៍ទាំងនោះគឺដើម្បីប្រជាជនចិន» ។ លោក Ghebreyesus បាននិយាយបន្តថា ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ឈប់វីរុសមិនឱ្យរីករាលដាលនៅក្នុងប្រទេសដែលមិនមានធនធានសុខភាពនិងសុខាភិបាលរឹងមាំដូចប្រទេសចិន។
សេចក្តីប្រកាសនេះមិនបានដាក់កម្រិតដោយផ្ទាល់ទៅលើអាជីវកម្មនោះទេ ក៏ប៉ុន្តែ មានបណ្តាប្រទេសមួយចំនួនបានចាត់វិធានការណ៍តឹងរឹង ដោយដាក់កម្រិតលើការធ្វើដំណើរផ្ទាល់ខ្លួនរបស់ប្រជាជនគេ ហើយប្រទេសខ្លះទៀតបានសម្រេចចិត្តផ្អាកការហោះហើរជាបណ្តោះអាសន្នជាមួយចិនរួចបាត់ទៅហើយ ដោយសារតែភ័យខ្លាចការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ ដែលក្នុងនោះរួមមាន British Airways, Air Canada, Air France, Air India, Air Seoul, Air Tanzania, American Airline, Cathay Pacific Airways, Delta Air Lines, Egyptair,, Ethiopian Airlines, Finnair, Lion Air, SAS, Lufthansa, Turkish Airlines, United Airlines, United Parcel Service Inc, និង Virgin Atlantic ជាដើម ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារ Reuters ចុះថ្ងៃទី ៣០ ខែមករា។ ប៉ុន្តែការប្រកាសរបស់ WHO នេះហាក់ជាការផ្តល់សញ្ញាដល់វិនិយោគិនឲ្យបានដឹងថាជំងឺនេះមិនមានកើតមានតែនៅក្នុងប្រទេសចិនទេ ដែលការណ៍នេះនឹងធ្វើឲ្យអ្នកវិនិយោគិនលើពិភពលោកមើលឃើញនូវភាពមិនច្បាស់លាស់ជាច្រើន។
លោក Todd Lee នាយកប្រតិបត្តិនៃសេដ្ឋកិច្ចពិភពលោកនៅ IHS Markit ត្រូវបានស្រង់សម្តីដោយភ្នាក់ងារ pbs ដោយបានមានប្រសាសន៍ថា «ហើយទីផ្សារមិនចូលចិត្តភាពមិនប្រាកដប្រជានោះទេ» ។ប្រធានសហព័ន្ធបម្រុង ដែលគេស្គាល់ថាជាប្រព័ន្ធធនាគារកណ្តាលសហរដ្ឋអាមេរិក លោក Jerome Powell បានងក់ក្បាលដោយមិនដឹងខ្លួនយល់ស្របទៅនឹងបញ្ហាដែលនឹងអាចកើតមានលើសេដ្ឋកិច្ចសកលដោយសារវីរុសកូរ៉ូណាថ្មី នៅឯសន្និសីទកាសែតមួយកាលពីថ្ងៃពុធមុនពេលប្រកាសអាសន្ននៃវីរុសមួយនេះ ។
លោក Powell បានមានប្រសាសន៍ថា «ស្ថានភាពនេះពិតជាស្ថិតនៅក្នុងដំណាក់កាលដំបូង ដូច្នេះហើយវាមិនច្បាស់លាស់នៅឡើយទេ ថាតើវានឹងរីករាលដាលដល់កំរិតណា និងផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនឹងមាននៅក្នុងប្រទេសចិននិងដៃគូពាណិជ្ជកម្មរបស់ចិន អ្នកជិតខាង និងជុំវិញពិភពលោកយ៉ាងដូចម្តេចទេ ។ ដូច្នេះមានតែបន្តតាមដានស្ថានការណ៍» ។ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចភាគច្រើនអាស្រ័យលើរបៀបដែលអតិថិជនម្នាក់ៗឆ្លើយតប។ បញ្ហាវីរុសកូរ៉ូណាថ្មីទាំងនេះគឺបញ្ហានៅត្រង់ថាមនុស្សមានការភ័យខ្លាចជាជាងការ ពិតនៃរឿងវីរុសកូរ៉ូណា។
លោក William Karesh អនុប្រធានប្រតិបត្តិផ្នែកសុខភាពនិងគោលនយោបាយនៃស្ថាប័ន EcoHealth Alliance ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញនិងមានមូលដ្ឋាននៅទីក្រុងញូវយ៉កបាននិយាយថា «ជំងឺថ្មីទាំងនេះគឺភាគច្រើនពាក់ព័ន្ធនឹងការភ័យខ្លាចជាជាងការខ្លាចវីរុសនេះ» ។ លោក Karesh បាននិយាយថា ឧទាហរណ៍ជំងឺផ្តាសាយតាមរដូវកាល គឺមានច្រើនហើយសម្លាប់មនុស្សជាងកន្លះលាននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែមនុស្សមិនខ្លាចជំងឺផ្តាសាយទេ ព្រោះវាមិនមែនជាជំងឺថ្មីទេ ។
ប្រាកដណាស់ ផលប៉ះពាល់ដែលនឹងកំពុងនឹងកើតមាន ឬអាចនឹងកើតមានបន្តនោះគឺ ឧទាហរណ៍ប្រសិនបើអ្នកប្រើប្រាស់ភ័យខ្លាចក្នុងការធ្វើដំណើរព្រោះពួកគេអាចប្រឈមនឹងការឆ្លងវីរុសកូរ៉ូណា នោះពួកគេប្រហែលជាចំណាយប្រាក់តិចជាងមុនលើការជាវសំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរ នោះហើយយើងនឹងឃើញថាផលវិបាកអវិជ្ជមានកើតមានសម្រាប់សេដ្ឋកិច្ចពិភពលោក។ បន្ថែមពីលើអ្នកប្រើប្រាស់ម្នាក់ៗ ឬអតិថិជនដែលធ្វើដំណើរកំសាន្តនានា រឿងដែលគួរកត់សម្គាល់បន្ថែមដែរនោះ គឺសកម្មភាពរោងចក្រនិងហាងមួយចំនួនត្រូវបានផ្អាក ឬបិទជាបណ្តោះអាសន្នក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់នូវការឆ្លងវីរុសកូរ៉ូណានេះ។
វីរុសកូរ៉ូណាថ្មីនេះបានចាប់ផ្តើមផ្ទុះនិងរីករាលដាលជាលើកដំបូងក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដូច្នេះរោងចក្រនៅប្រទេសចិនក៏បានឈប់សម្រាកសម្រាប់ថ្ងៃបុណ្យជាតិ ។ ក៏ប៉ុន្តែបញ្ហាគឺនៅត្រង់ថា ដោយសារតែការផ្ទុះនិងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះនៅទីក្រុងវូហាម ឥឡូវនេះរដ្ឋាភិបាលចិនបានពន្យាពេលថ្ងៃឈប់សម្រាករហូតដល់ថ្ងៃទី ២ ខែកុម្ភៈ ប៉ុន្តែប្រសិនបើសិនរោងចក្រនៅតែបិទទ្វារយូរជាងនេះ វាប្រាកដជាអាចបណ្តាលឱ្យមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប្រទេសចិនមានប្រហែល ២០ ភាគរយនៃផលិតផលផលិតកម្មពិភពលោក។
នៅជុំវិញពិភពលោកអាជីវកម្មភាគច្រើនមិនស្តុកទុកការផ្គត់ផ្គង់ទេ ផ្ទុយទៅវិញត្រូវពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ទាំងនោះដើម្បីទទួលបានគ្រឿងបន្លាស់ពីប្រទេសចិនជាប្រចាំ។ ប្រសិនបើកាលវិភាគនៃការបន្តសង្វាក់ផលិតកម្មនោះត្រូវបានរំខានយូរខែទៀតដោយសារតែវីរុសកូរ៉ូណាថ្មី វាអាចធ្វើឱ្យអាមេរិកនិងអាជីវកម្មផ្សេងទៀតនិងរងផលប៉ះពាល់ហើយត្រូវការនូវការបញ្ជារទិញបន្ថែម ។ថ្មីៗនេះក្រសួងការបរទេសអាមេរិកទើបតែបានចេញសេចក្តីប្រកាស «ហាមមិនឲ្យប្រជាជនធ្វើដំណើរទៅកាន់ប្រទេសចិនតែម្តង» បន្ទាប់ពី WHO បានប្រកាសអាសន្នថ្នាក់អន្តរជាតិ សម្រាប់វីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរីករាលដាលកាន់តែខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ។
ក្រសួងការបរទេសអាមេរិកបានប្រកាសថា «ចូរកុំធ្វើដំណើរទៅកាន់ប្រទេសចិន ខណៈមូលហេតុគឺដោយសារតែការរីករាលនៃដាល វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ហើយពលរដ្ឋអាមេរិកទាំងឡាយ ដែលកំពុងស្ថិតនៅក្នុងប្រទេសចិន គួរតែគិតគូរចាកចេញពីទីនោះ តាមរយៈជើងហោះហើរ»។ ក្រសួងការបរទេសអាមេរិកក៏បានធ្វើការកត់សម្គាល់ដែរថា អាកាសចរណ៍ជាច្រើននៅជុំវិញពិភពលោកបានកាត់បន្ថយ ឬក៏ផ្អាកជើងហោះហើរទាំងអស់តែម្តងជាមួយប្រទេសចិន។ ជាមួយគ្នានោះផងដែរ អាជីវកម្មមួយចំនួន រួមមាន McDonald’s, Starbucks និងសណ្ឋាគារមួយចំនួនក៏បានជ្រើសរើសបិទអាវីកម្មជាច្រើនកន្លែង ដើម្បីអាចការពារមេរោគកុំអោយរីករាលដាលបាន។
ការរឹតបន្តឹងលើការធ្វើដំណើរទំនងជាធ្វើឱ្យទេសចរណ៍ចិនក៏ដូចជាទេសចរណ៍មកពីប្រទេសចិននឹងកាត់បន្ថយនូវការធ្វើដំណើរនោះវិស័យទេសចរណ៍ពិភពលោក ចង់មិនចង់នឹងរងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ ។ អ្នកទេសចរចិនឈរលំដាប់កំពូលទី ៣ សម្រាប់ការកំសាន្កនៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំហើយភ្ញៀវទេសចរចិនជាមធ្យមទៅសហរដ្ឋអាមេរិកចំណាយប្រហែល ៦.៥០០ ដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាមទិន្នន័យរបស់សមាគមទេសចរណ៍សហរដ្ឋអាមេរិក ។
សម្រាប់ប្រទេសកម្ពុជាវិញរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានប្រកាសប្រកបដោយភាពជឿជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា គឺធានាការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (Coronavirus) បាន។ លោក ថោង ខុន បានអះអាងបែបនេះនៅឯក្នុងកិច្ចប្រជុំមួយដើម្បីរកដំណោះស្រាយទប់លំនឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលដែលពិភពលោកកំពុងប្រឈមការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) ជាមួយវិស័យឯកជន សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា សមាគមន៍ម្ហូបអាហារ និងចុងភៅកម្ពុជា និងដៃគូពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
លោក រដ្ឋមន្ត្រីបានឱ្យដឹងថា ថ្វីដ្បិតកម្ពុជាមានការឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួន ១ករណី កន្លងទៅក្ដីប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល ដែលជាសេនាធិការ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ខិតខំបំពេញការងារ បានយ៉ាងល្អប្រកបដោយការទទួលខុសត្រូវ បានដាក់ចេញនូវសេចក្តីអប់រំណែនាំ និងបានចាត់វិធានការ យ៉ាងច្រើនដើម្បីទប់ស្កាត់យ៉ាងច្រើនចំពោះការរីករាលដាលជំងីដ័កាចសាហាវនេះ។
លោក ថោង ខុន បានបន្តថា «ក្នុងកំឡុងពេលចូលឆ្នាំចិនកន្លងមក ទោះបីទេសចរអន្តរជាតិ មានការថយចុះតែចលនាទេសចរណ៍ផ្ទៃក្នុងប្រទេសមានភាពសកម្មភាពយ៉ាងខ្លាំង ប្រជាពលរដ្ឋនិង ជនបរទេស ដែលនៅក្នុងប្រទេស បានធ្វើរដំណើរកំសាន្ត ទៅតាមគោលដៅទេសចរណ៍នានា ជិត ១លាននាក់ពោលគឺមិនមានអ្វីគួរឱ្យព្រួយបារម្ភដូចនៅប្រទេសមួយចំនួននោះឡើយ ចំណែកឯភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកទស្សនាកម្ពុជាក៏បានរីករាយនឹងកម្មវិធីកម្សាន្តរបស់ខ្លួន នៅតាមគោលដៅទេសចរណ៍នានា ជាធម្មតាដោយគ្មានការបារម្ភ អ្វីឡើយ» ។
សម្រាប់វិស័យទេសចរណ៍ តួយ៉ាងប្រទេសកម្ពុជាបានទទួលប្រាក់ចំណូលដល់ទៅ៤,៣៧៥លានដុល្លារ កាលពីឆ្នាំ២០១៨កន្លងទៅពីវិស័យទេសចរណ៍។ ក្រោយពីកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណជាង៦លាន២សែននាក់។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុប ភ្ញៀវទេសចរចិនគឺស្ថិតនៅលំដាប់លេខរៀងទី១ ដែលមានចំនួន១.៩លាននាក់ ស្មើនឹង៣០ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ នៅក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរចិន នៅតែស្ថិតនៅកំពូលតារាងភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេទាំង១០ ហើយអាចកើនដល់២លាន៥សែននាក់។ ខណៈដែលភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាច្រើនជាងគេ បន្ទាប់ពីភ្ញៀវទេសចរចិន រួមមាន វៀតណាម ថៃ ឡាវ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និងអង់គ្លេស។
បើតាមលោក ថោង ខុន កត្តាសំខាន់ៗចំនួន២ ដែលជម្រុញឲ្យចំនួនភ្ញៀវទេសចរជនជាតិចិន មកកំសាន្តនៅកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះរួមមាន៖ គោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ និងទេសចរណ៍ក្នុងគោលដៅវិនិយោគជាដើម។ នេះបើតាមការបង្ហាញពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃកម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ