វេជ្ជបណ្ឌិតផ្នែកវះកាត់ជនជាតិចិនភ្ញាក់ផ្អើល ក្រោយពីវះកាត់ក្មេងស្រីអាយុ១២ឆ្នាំ ដែលសង្ស័យថាកើតជំងឺមហារីកក្នុងប្រព័ន្ធរំលាយអាហារ បែរជាប្រទះឃើញដុំខ្មៅមួយដុំជា សរសៃសក់ ទម្ងន់ជិត១គីឡូក្រាមនៅក្នុងក្រពះ ។
សារព័ត៌មានរបស់ចិនកាលពីថ្ងៃទី១៦ មករា ២០១៤ បានផ្សាយថា ស្ត្រីជាម្តាយនៅទីក្រុងលួយ៉ាង ខេត្តហ៊ឺណាន ស្ទើរតែសន្លប់បាត់ស្មារតី ក្រោយពីគ្រូពេទ្យឱ្យដឹងថា បានជាកូនស្រីរបស់គាត់មិនសូវទទួលទាន ស្រកទម្ងន់ និងសរសៃសក់ជ្រុះបាត់ជា រឿយៗមកពីនាងស៊ីសក់ខ្លួនឯង ។
ក្រុមគ្រូពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យនៃមហាវិទ្យាល័យនិងបច្ចេកវិទ្យាហុឺណាន បានវះកាត់ពោះក្មេងស្រី ដើម្បីយកវត្ថុសង្ស័យដែលឆ្លុះឃើញតាមរយៈការថតអិច្សរ៉េ (X-Ray) កាលពីថ្ងៃទី១១ មករា ។ តាមរយៈការវះកាត់ឃើញដុំខ្មៅចម្លែក គឺវាជា «សរសៃសក់» ដែលផ្គុំគ្នាជាដុំរឹង និងមានទម្ងន់ជិត១គីឡូក្រាម ។ គ្រូពេទ្យបញ្ជាក់ថា ដុំសរសៃសក់ស្ថិតក្នុងក្រះពះរបស់ក្មេងស្រីនោះទំហំប្រហែល៧០% ។ លោក ឈើន យ៉េ នាយករងផ្នែកមហារីកក្នុងប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យបញ្ជាក់ថា សរសៃសក់បានផ្គុំគ្នាជារូបរាងស្រដៀងនឹងក្រពះ មានលក្ខណៈស្អិត និងរឹង ។
លោកឈើន បានក្រើនរំឭកឪពុកម្តាយឱ្យយកចិត្តទុកដាក់ថែទាំកូនរបស់ខ្លួនឱ្យបានជាប់លាប់ ហើយប្រសិនបើប្រទះឃើញមានអាការខុសប្រក្រតីណាមួយ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល ។ ម្តាយរបស់ក្មេងស្រីនោះនិយាយថា ៖ «ខ្ញុំធ្លាប់ឃើញកូនស្រីរបស់ខ្ញុំយកសក់ដាក់ក្នុងមាត់ទំពាលេងជាញឹកញាប់ ប៉ុន្តែមិនចាប់អារម្មណ៍ ឬសង្ស័យថានាងសុីវាទេ ព្រោះយល់ថានាងទំពាលេង» ៕
ចែករំលែកព័តមាននេះ