រាជធានីភ្នំពេញ ៖ តារាចម្រៀង ឱក សុគន្ធកញ្ញា តាំងពីចូលដល់រដូវភ្លៀងមក ហាក់បាត់មុខពីវេទិកាសិល្បៈខុសពីអ្នករួមអាជីពនៅហង្សមាសជាមួយនាង ។ តាមការអះអាងពីអ្នកសិល្បៈមួយចំនួនឱ្យដឹងថា ឱក សុគន្ធកញ្ញា ទទួលបានភាពលេចធ្លោស្ទើរតែផុតដាច់គេកាលពីមុនខែភ្លៀង ដោយចេញមុខគ្រប់កន្លែងឱ្យក្រុមហ៊ុន ល្បីៗ ។ ម៉្លោះហើយទើបអំឡុងពេលនេះនាងមិនសូវឡើងឆាកប៉ុន្មានទេ ដើម្បីហាត់រៀនក្បាច់រាំ ថ្មីៗត្រៀមសម្តែងនៅចុងឆ្នាំ ។
គ្រាន់តែដើមឆ្នាំ២០១៣ចូលមកដល់ ឱក សុគន្ធកញ្ញា ក្តោបយកការងារ ធំៗ ជាច្រើនពិសេសឡើងច្រៀងតាមទូរទស្សន៍ពីស្ថានីយមួយទៅស្ថានីយមួយ ។ យុវវ័យដែលនិយមតាមដានរាល់សកម្មភាពរបស់តារាសំណព្វចិត្តរបស់ពួកគេច្បាស់ជាចាំបានថា កាលពីប៉ុន្មានខែមុននេះ គ្រាន់តែទូរទស្សន៍ហង្សមាសមួយ ឱក សុគន្ធកញ្ញា សម្តែងឱ្យក្រុមហ៊ុនស្រាបៀរ ធំៗដល់ទៅ២ឬ៣ដងក្នុងមួយសប្តាហ៍ ។ លើសពីនេះ នាងចេញមុខឱ្យប៉ុស្តិ៍បាយ័ន ដែលរៀបចំកម្មវិធីសម្តែងតាមខេត្តថែមទៀត ។ ដោយសារតែចេញមុខខ្លាំងពេកនោះហើយ ទើបសុគន្ធកញ្ញា សម្ងំយកពេលសម្រាកឱ្យស្រួលចិត្តខ្លះ ព្រោះតែមានភាពហត់នឿយការងារមួយរយៈកន្លងទៅដែលនាងបានបំពេញស្ទើរតែរើខ្លួនលែងរួចទាំងនៅភ្នំពេញ និងនៅតាមបណ្តាខេត្ត ។
ឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានកោះសន្តិភាពពេលចូលរួមក្នុងកម្មវិធី «តន្ត្រីសន្តិភាព» ជូនគណបក្សប្រជាជនកម្ពុជា កាលពីពេល ថ្មីៗនេះ ឱក សុគន្ធកញ្ញា ឱ្យដឹងថា នាងមិនទាន់មានពេលឡើងច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ដូចមុនទេ ព្រោះតែកន្លងមកនាងចេញមុខច្រៀងតាមកម្មវិធីច្រើនឱ្យក្រុមហ៊ុនពីមួយទៅមួយជាប់គ្នារដឹក ក្នុង១សប្តាហ៍លេចមុខយ៉ាងហោចណាស់ពីរដង ហើយជាច្រើនខែទៀត ។ ម៉្លោះហើយទើបចេះតែចង់ទុកពេលសម្រាកខ្លះ និងទុកពេលថតបទចម្រៀង ថ្មីៗជាច្រើនទៀត ដែលហង្សមាសរៀបចំឱ្យនាងច្រៀងផង និងសម្តែងខារ៉ាអូខេតាមតំបន់មួយចំនួនទៀត ។
តារាចម្រៀងដែលពីមុនល្បីរឿងស្នេហាជាមួយតន្ត្រីករ រ៉េត ធីដូណា បញ្ជាក់ថា ទុកឱ្យគេចេញមុខម្តងក៏មិនអីដែរ បើនាងចូលរួមច្រើនដងពេកពិតជាមិនមានបទ ថ្មីៗសម្តែងជូនមិត្តយុវវ័យឡើយ គឺមានតែបទ ដដែលៗ របៀបរាំ ដដែលៗ គ្មានអ្វីប្លែក ទើបចេះតែខ្លាចគេថា យកស្នៀត ចាស់ៗមកសម្តែង ។ អុីចឹងហើយទើបប៉ុន្មានខែនេះ នាង និងក្រុមរាំផ្ទាល់ខ្លួនបានណាត់គ្នាហាត់រាំមិនឱ្យដាច់ទេ ដើម្បីពិភាក្សាចាប់យកចំណុច ផ្សេងៗនៃក្បាច់រាំដើម្បីឱ្យប្លែក និងរិះរកវិធីសម្តែងថ្មីណាដែលពិសេសជាងរាល់ដង ចែកជូនទស្សនិកជន ព្រោះជានិច្ចកាលនាងតែងតែមានអ្វីប្លែកជុំវិញទម្រង់សិល្បៈដើម្បីឱ្យមហាជនបានសប្បាយ មិនឱ្យ ដដែលៗជាដាច់ខាត ។
សុគន្ធកញ្ញា អះអាងថា មិនខុសពីឆ្នាំកន្លងទៅឡើយ នាងមិនមានកិច្ចសន្យាចេញទៅច្រៀងនៅក្រៅប្រទេសនាចុងឆ្នាំឡើយ ព្រោះមិនទាន់បានប៉ុន្មានផង នាងទទួលបានការងារយ៉ាងច្រើននារដូវកាលចុងឆ្នាំនេះ ពីព្រោះមានក្រុមហ៊ុនច្រើនបង្កើតកម្មវិធីប្រគំតន្ត្រីខ្នាតធំ ដោយនាំតារា ល្បីៗច្រើនរូបចូលរួមច្រៀងដើម្បីឃោសនាផលិតផល ។ លើសពីនេះ នៅមានកម្មវិធីបុណ្យអុំទូក ចូលឆ្នាំសាកល និងកម្មវិធី ផ្សេងៗទៀត ដែលចាំបាច់រូបនាងត្រូវតែមានស្នៀត ប្លែកៗរាំច្រៀងកំដរអ្នកទស្សនាដើម្បីឱ្យប្លែកភ្នែក ៕
ចែករំលែកព័តមាននេះ