អូស្ត្រាលីចេញគោលការណ៍ថ្មីដើម្បីទាក់ទាញប្រាក់វិនិយោគទុនចូលប្រទេស ដោយដាក់សំណើចេញទិដ្ឋាការពិសេសដល់បណ្តាមហាសេដ្ឋីនៅលើពិភពលោកអាចចូលស្នាក់នៅក្នុងប្រទេសអូស្ត្រាលីបានរយៈពេលយូរដល់ទៅ៤ឆ្នាំ ។ ចំពោះអ្នកមានចំណាប់អារម្មណ៍ត្រូវចំណាយប្រាក់វិនិយោគស្របតាមច្បាប់ដែលរដ្ឋាភិបាលអូស្ត្រាលីកំណត់ គឺមិនតិចជាង៥លានដុល្លារអូស្ត្រាលី ឬជាង៥លានដុល្លារអាមេរិក ។
សារព័ត៌មានបរទេសផ្សាយថា រដ្ឋាភិបាលអូស្ត្រាលីក្រោមការដឹកនាំរបស់លោកស្រីជូលៀ ហ្គីលឡាដ ជានាយករដ្ឋមន្ត្រីបានចាប់ផ្តើមគោលការណ៍នោះតាំងពីខែវិច្ឆិកា ឆ្នាំ២០១២ ប៉ុន្តែត្រៀមឱ្យចូលជាធរមានក្នុងការចេញទិដ្ឋាការពិសេសទៅលើ«អ្នកវិនិយោគទុន» ក្នុងរង្វាន់ទឹកប្រាក់កំណត់នោះជាផ្លូវការក្នុងេពលឆាប់ៗនេះ ។
ប្រសិនបើមានការយល់ស្របពីគ្រប់ភាគីដែលពាក់ព័ន្ធនឹងទទួលបានប្រាក់វិនិយោគនៅក្នុងប្រទេសយ៉ាងតិច៨៥០លានដុល្លារអូស្ត្រាលី។ ស្របពេលជាមួយគ្នានេះមានព័ត៌មានចចាមអារ៉ាមថា មានមហាសេដ្ឋីពីអាស៊ី ជាពិសេសមកពីប្រទេសចិន និងប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ បានស្ម័គ្រចិត្តចូលរួមក្នុងគម្រោងនោះច្រើន ។ គោលការណ៍ថ្មីនោះ កើតឡើងក្រោយពីអូស្ត្រាលីជួបវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីយុគសម័យរុងរឿងនៃឧស្សាហកម្មអណ្តូងរ៉ែ ធ្លាប់រកចំណូលដល់អូស្ត្រាលីបានកន្លងផុត ។
បច្ចុប្បន្នសេដ្ឋកិច្ចអូស្ត្រាលីមានទំហំធំ ស្ថិតក្នុងលំដាប់ទី១៣ នៅលើពិភពលោក ចំណែក GDP ទទួលផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក រហូតធ្វើឱ្យរដ្ឋាភិបាលត្រូវរិះរកវិធានការថ្មីៗ ដើម្បីបង្កើនការទាក់ទាញចិត្តអ្នកវិនិយោគទុនបរទេស ៕
ចែករំលែកព័តមាននេះ