ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ភ្លើង​ហ៊្វូ​ជី​រំពឹង​​ចុះ​បញ្ជី​​ជា​បេតិ​កភណ្ឌ​ពិភព​លោក​ក្នុង​​កិច្ច​ប្រជុំ​​យូ​ណេ​ស្កូ​នៅ​កម្ពុជា​

13 ឆ្នាំ មុន

AFP ផ្សាយ​ថា ភ្នំ​​ភ្លើង​​ហ៊្វូ​ជី​ ជា​និមិត្ត​រូប​របស់​ប្រទេស​ជប៉ុន​​រំពឹង​ថា នឹង​បាន​ចុះ​បញ្ជី​​ជា​បេតិ​ក​ភណ្ឌ​​​ពិភព​លោក​​ជា​ផ្លូវ​ការ​​​នា​ខែ​មិថុនា​ ក្នុង​កិច្ច​ប្រជុំ​របស់​អង្គ​ការ​យូ​ណេ​ស្កូ​ ​​នៅ​ប្រទេស​កម្ពុជា​ ។លោក​ អីុ​កូ​ម៉ូស មាន​តួនាទី​​​ក្នុង​ការ​ផ្តល់​​កិច្ច​ពិភាក្សា​​ដល់​អង្គ​ការ​ផ្នែក​វិទ្យា​សាស្ត្រ​ និង​វប្បធម៌​​នៃ​​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​(UNESCO) បាន​បញ្ជាក់​ប្រាប់​រដ្ឋា​ភិបាល​​ជប៉ុន​ថា ភ្នំ​ភ្លើង​ហ៊្វូ​ជី​មាន​លក្ខណ​សម្បត្តិ​អាច​​កា្លយជា​បេតិ​កភណ្ឌ​​​ពិភព​លោក ។

ចំណែក​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ជប៉ុន​លើក​ឡើង​ថា គុណ​ប្រយោជន៍​របស់​ភ្នំ​​​ភ្លើង​ហ៊្វូ​ជី​ ដែល​មាន​កម្ពស់​៣.៧៧៦​​ម៉ែត្រ​ និង​ជា​​ភ្ន​ំ​ខ្ពស់​បំផុត​នៅ​ប្រទេស​​ជប៉ុន​ នឹង​បាន​ទទួល​ការ​ចុះ​បញ្ជី​ជា​បេតិ​កភណ្ឌ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​បេតិ​ក​ភណ្ឌ​ពិភព​លោក​​ នៅ​ប្រទេស​​កម្ពុជា ក្នុង​ខែ​មិថុនា​ ។ចំណែក​​លោក​ ហ៊ី​ដេ​ថា​ដា ស៊ូ​ដូ ចៅ​ហ្វាយ​ក្រុង​​​ហ៊្វូ​​ជី​ណូ​​មី​យ៉ា​​បាន​សម្តែង​​ក្តី​រំភើប​ និង​សង្ឃឹម​ថា ​​ការ​ចុះ​​បញ្ជី​​ជា​បេតិ​កភណ្ឌ​​ពិភព​លោក នឹង​ជួយ​​ទាក់​​ទាញ​ភ្ញៀវ​​ទេស​ចរ​ឱ្យ​ធ្វើ​ដំណើរ​​ទៅ​ទស្សនា​​​ភ្នំ​ភ្លើង​ហ៊្វូ​ជី​​ដ៏​​ប្រណីត​កាន់​តែ​ច្រើន​ជាង​មុន ។

លោក​ស៊ូដូ​បញ្ជាក់​ថា «​ខ្ញុំ​សង្ឃឹម​ថា​ភ្ញៀវ​ទេស​ចរ​​នឹង​មក​ទស្សនា​នៅ​ទីក្រុង​នេះ​កើន​ឡើង​​​ និង​ជា​ជំហាន​​ដ៏​សំខាន់​​ក្នុង​ការ​​អភិវឌ្ឍ​ទីក្រុង​​របស់​យើង​» ។នៅ​ក្នុង​​ឯកសារ​​ណែ​នាំ​ស្តី​ពី​​ការ​ចុះ​បញ្ជី​​បេតិ​ក​ភណ្ឌ​ពិ​ភព​លោក​របស់​លោក​​អីុ​កូ​ម៉ូស​បញ្ជាក់​ថា​ ភ្នំ​ភ្លើង​ហ៊្វូ​ជី​ ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៧០.០០០​ហិក​តា​ ស្ថិត​ក្នុង​បរិ​វេណ​ខេត្ត​២​របស់​ជប៉ុន​ គឺ​ខេត្ត​យ៉ា​ម៉ា​ណា​ស៊ី​ និង​សីុ​ស៊ូ​អូ​កា​ ។ បរិ​វេណ​ជុំ​វិញ​ភ្នំ​ព័ទ្ធ​ដោយ​បឹង​ដ៏​ធំ​ចំនួន​៥​ និង​ទឹក​ជ្រោះ​ ។

លោក​ អីុ​កូ​ម៉ូស​ បន្ត​ថា​ប្រណីត​ភាព​របស់​ហ៊្វូ​ជី​ គឺ​ជា​ប្រភព​កំណើត​ផ្នែក​សិល្បៈ​ និង​វប្ប​ធម៌​ ជា​និមិត្ត​រូប​របស់​ជន​ជាតិ​ជប៉ុន​ ។ ដូច្នេះ​​ហ៊្វូ​ជី​ ​គឺ​ជា​​​ភ្នំ​​សក្តិ​សម​នឹង​ទទួល​ការ​កោត​សរ​សើរ​ថា​ ជា​«បេ​តិ​កភណ្ឌ​ផ្នែក​វប្ប​ធម៌»​ ច្រើន​ជាង​ «បេ​តិ​កភណ្ឌ​ផ្នែក​ធម្ម​ជាតិ​» ។
នៅ​លើ​ភ្នំ​ភ្លើង​ហ៊្វូ​ជី​ ដែល​គ្រប​ដណ្តប់​ដោយ​ព្រិល​ពណ៌​ស​ ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​បាន​ក្លាយ​ជា​​​​ចំណុច​ដែល​ភ្ញៀវ​ទេស​ចរ​ភាគ​ច្រើន​នឹក​ឃើញ​​នៅ​លំដាប់​ដំបូង​ បើ​និយាយ​ពី​ប្រទេស​ជប៉ុន​ ។ភ្នំ​ភ្លើង​ហ៊្វូ​ជី​កើត​មាន​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ជា​លើក​ចុង​ក្រោយ​ ប្រហែល​៣០​០​ឆ្នាំ​មុន​ និង​កំពុង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​ភ្ញៀ​វ​ទេស​ចរ​លើ​ពិភព​លោក​ ៕