ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិរីមន្តបង្ហាញ​រថយន្ត​ថ្មី​តម្លៃ​ជិត​10​ម៉ឺន​ដុល្លារ​ និង​ត្រៀម​ចូល​រួម​ច្រៀង​វិញ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ បន្ទាប់​ពី​រថយន្ត​ម៉ាក​ Tundra តម្លៃ​ជាង​៦ម៉ឺន​ដុល្លារ​របស់​តារា​ចម្រៀង​ផលិត​កម្ម​សាន់​ដេ​ លោក​ខេមរៈ សិរី​មន្ត​ រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាល​ពី​ថ្ងៃ​ទី​៧ មីនា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤​ រួច​មក​ ពេល​នេះ​លោក​បាន​បង្ហាញ​រថយន្ត​ថ្មី​មួយ​គ្រឿង​ទៀត​ម៉ាក​ Range Rover ស៊េរី​ឆ្នាំ​២០០៨​ មាន​តម្លៃ​ប្រហែល​ជិត​១០​ម៉ឺន​

រាជធានីភ្នំពេញ ៖​ បន្ទាប់​ពី​រថយន្ត​ម៉ាក​ Tundra តម្លៃ​ជាង​៦ម៉ឺន​ដុល្លារ​របស់​តារា​ចម្រៀង​ផលិត​កម្ម​សាន់​ដេ​ លោក​ខេមរៈ សិរី​មន្ត​ រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាល​ពី​ថ្ងៃ​ទី​៧ មីនា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤​ រួច​មក​ ពេល​នេះ​លោក​បាន​បង្ហាញ​រថយន្ត​ថ្មី​មួយ​គ្រឿង​ទៀត​ម៉ាក​ Range Rover ស៊េរី​ឆ្នាំ​២០០៨​ មាន​តម្លៃ​ប្រហែល​ជិត​១០​ម៉ឺន​ដុល្លារ។

ការ​បង្ហាញ​រថយន្ត​ថ្មី​នេះ​ ក្នុង​ពេល​លោក​ខេមរៈ​ សិរីមន្ត​ ធ្វើ​ដំណើរ​រួម​ជា​មួយ​ឪពុក​របស់​លោក​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​សមាគម​សិល្បករ​ខ្មែរ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្នុង​គោល​បំណង​ឱ្យ​ក្រុម​ហ៊ុន​ SK ពន្លឿន​សំណង​ដល់​ភាគី​ជន​រង​គ្រោះ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ ។ ខណៈ​ពេល​ដែល​សំណង​នៅ​មិន​ទាន់​បាន​មួយ​រៀល​ផង​នោះ​ ស្រាប់​តែ​តារា​ចម្រៀង​ខេមរៈ សិរី​មន្ត​ បាន​បង្ហាញ​រថយន្ត​ថ្មី​សន្លាង​មួយ​គ្រឿង​ទៀត​ ធ្វើ​ឱ្យ​គេ​គ្រប់​គ្នា​យល់​ថា​ លោក​​ជា​តារា​ចម្រៀង​វ័យ​ក្មេងស្តុក​ស្តម្ភ​​ គឺ​ក្រៅ​ពី​មាន​ផ្ទះ​តម្លៃ​ជាង​៤០ម៉ឺន​ដុល្លារ​ហើយ​នោះ​ ក៏​មាន​រថយន្ត​តម្លៃ​ខ្ពស់​ថែម​ទៀត​ ។

ការ​បង្ហាញ​រថយន្ត​ដ៏​ទំនើប​ និង​ទាន់​សម័យ​ថ្មី​នេះ​ អាច​បញ្ជាក់​ថា​ តារា​ចម្រៀង​សិរីមន្ត​ នៅ​តែ​សម្បូរ​ប្រាក់​ បើ​ទោះ​បី​ជា​លោក​ជួប​គ្រោះ​អាក្រក់​ខាត​បង់​ទ្រព្យ​សម្បត្តិ​រាប់​សិប​ម៉ឺន​ដុល្លារ​ និង​មិន​ទាន់​ទទួល​បាន​សំណង​មក​វិញ​ក៏​ដោយ​ ។តារា​ចម្រៀង​ដែល​មាន​អាយុ​ថ្លៃ​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រូប​នេះ​អះ​អាង​ប្រាប់​កោះ​សន្តិភាព​តាម​ទូរស័ព្ទ​ថា​ រថយន្ត​ដែល​លោក​ជិះ​នេះ​ លោក​ទិញ​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ​ ។ មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​ទិញ​រថយន្ត​ថ្មី​នេះ​ គឺ​ដោយ​សារ​តែ​លោក​គិត​ថា​ រថយន្ត​ចាស់​របស់​លោក​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​ មិន​អាច​យក​មក​ប្រើ​ការ​បន្ត​ទៀត​ទេ​ ។

ម៉្យាង​ទៀត​ លោក​ចាំ​បាច់​ក្នុង​ការ​ប្រើ​ប្រាស់​រថយន្ត​ធ្វើ​ដំណើរ​ទៅ​សម្តែង​នៅ​តាម​កន្លែង​ផ្សេងៗ​ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​ ។ ការ​​ចំណាយ​ប្រាក់​​ទិញ​រថយន្ត​មួយ​នេះ​ គឺ​លោក​ប្រមូល​ប្រាក់​ដែល​សន្សំ​ពី​អាជីព​សិល្បៈ​នា​ពេល​កន្លង​មក​ ដែល​លោក​ទុក​ប្រាក់​ទាំង​នោះ​សម្រាប់​បើក​មុខ​ជំនួញ​ ។ ដោយ​សារ​តែ​លោក​មើល​ឃើញ​ពី​ស្ថាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ក៏​សម្រេច​ចិត្ត​យក​ប្រាក់​ទាំង​នោះ​​ទិញ​រថយន្ត​នេះ។ មូល​ហេតុ​ដែល​លោក​សម្រេច​ទិញ​រថយន្ត​ម៉ាក​នេះ​ ដោយ​សារ​តែ​វា​ជា​ប្រភេទ​រថយន្ត​ទាន់​សម័យ​ និង​កំពុង​ពេញ​និយម​សម្រាប់​អ្នក​ប្រើ​ប្រាស់​ ។

តារា​ចម្រៀង​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​រថយន្ត​ថ្មី​នេះ​ឡើយ​ ប៉ុន្តែ​ផ្អែក​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​ រថយន្ត​ប្រភេទ​នេះ​មាន​តម្លៃ​ប្រហាក់​ប្រហែល​ជិត​១០​ម៉ឺន​ដុល្លារ​ ឬ​ក៏​អាច​លើស​ពី​នេះ​ ។ពាក់​ព័ន្ធ​ទៅ​នឹង​សំណង​មិន​ទាន់​បាន​ តែ​បង្ហាញ​រថយន្ត​ថ្មី​សន្លាង​បែប​នេះ​អាច​មាន​ការ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ជន​រង​គ្រោះ​ដទៃ​ទៀត​ ឬ​យ៉ាង​ណា​នោះ​ តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ​ រូប​នេះ​បញ្ជាក់​ថា​ មុន​នឹង​លោក​សម្រេច​ចិត្ត​ទិញ​រថយន្ត​ថ្មី​ គឺ​​លោក​បាន​យល់​ដឹង​ពី​ទឹក​ចិត្ត​របស់​ពួក​គាត់​ទាំង​អស់​ច្បាស់​លាស់​ ដែល​ពួក​គាត់​ទាំង​នោះ​មាន​ការ​យល់​ដឹង​ និង​ដឹង​ច្បាស់​ពី​ផល​លំបាក​របស់​លោក។ ម៉្យាង​ទៀត​ ពួក​គាត់​បាន​ជូន​ពរ​ដល់​រូប​លោក​ផង​ដែរ​ ។ កត្តា​ទាំង​នេះ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ប៉ះ​ទង្គិច​ទឹក​ចិត្ត​របស់​ពួក​គាត់​ឡើយ​ ក្នុង​ពេល​ដែល​លោក​បាន​បង្ហាញ​រថ​យន្ត​ថ្មី​ ខណៈ​ដែល​សំណង​មិន​ទាន់​បាន​នៅ​ឡើយ​នោះ​ ។

ការ​បង្ហាញ​រថយន្ត​ថ្មី​របស់​តារា​ចម្រៀង​ខេមរៈ សិរី​មន្ត​ នៅ​មុន​ពេល​តារា​ចម្រៀង​រូប​នេះ​នឹង​បង្ហាញ​វត្ត​មាន​ជា​ថ្មី​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​សណ្ឋា​គារ​ណា​ហ្គា​វើល​ ដើម្បី​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ព្រម​ទាំង​កម្មវិធី​ជា​ច្រើន​ទៀត​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​រួច​ ។ សិរី​មន្ត​ បញ្ជាក់​ថា​ មូល​ហេតុ​ដែល​លោក​ចេញ​មុខ​ច្រៀង​ជា​ថ្មី​មុន​ការ​កំណត់​នេះ​ គឺ​ដោយ​សារ​តែ​លោក​បាន​សិក្សា​ពី​ខ្លួន​ឯង​យ៉ាង​ច្បាស់​ថា​ អាច​ច្រៀង​បាន​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​ភិត​ភ័យ​ព្រលឹង​ចុង​សក់​ ពេល​ជួប​ហេតុ​ការណ៍​ដ៏​អាក្រក់​នា​ពេល​កន្លង​មក​នោះ​ ៕