សារព័ត៌មានបរទេសផ្សាយថា កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៦ វិច្ឆិកា បានរិះរកមធ្យោបាយដើម្បីទប់ស្កាត់វប្បធម៌ច្រឹបអវយវៈស្ត្រីភេទជាលើកដំបូង ក្រោយពីមានរបាយការណ៍បញ្ជាក់ថា មានស្ត្រីជាង១៤០លាននាក់នៅលើពិភពលោក «ចាំបាច់» ត្រូវឆ្លងកាត់ប្រពៃណីជាទំនៀមទម្លាប់នោះ ។
លោកសេសារ៉េ រ៉េហ្គាគ្លីនី ឯកអគ្គរដ្ឋទូតអីុតាលី ប្រចាំនៅUN ជាអ្នកដឹកនាំឱ្យមានកិច្ចប្រជុំដើម្បីពិភាក្សាលើបញ្ហានេះ ថ្លែងថា ជំនឿក្នុងការច្រឹបអវយវៈភេទរបស់ស្ត្រី ឬការដេរអវយវៈភេទនៅតែរីករាលដាលតាមបណ្តាប្រទេសជាច្រើននៅអាហ្វ្រិក និងមជ្ឈិមប្រទេស រួមទាំងជនអម្បូរមួយចំនួន ក្នុងសហរដ្ឋអាមេរិក បានដំណើរការជាលក្ខណៈប្រពៃណី ប៉ុន្តែត្រូវរក្សាទុកជាអាថ៌កំបាំង ដោយចាត់ទុកថា ជាការល្មើសលើសិទ្ធិមនុស្សអន្តរជាតិ ។
ដំណាក់កាលនោះ តែងតែប្រតិបត្តិពីសំណាក់មេដឹកនាំសាសនាតាមអម្បូរ ដោយប្រើឧបករណ៍ច្រឹប ឬកាត់បរិវេណស្បែកផ្នែកមួយនៅបរិវេណអវយវៈភេទរបស់ក្មេងស្រីចេញ ក្រោយមកក៏ដេរជាប់គ្នា ឬហៅថាយកស្លីទម្លូប្រារព្ធពិធីឧបកិច្ចបើកព្រហ្មចារីយ៍ ក្នុងសាសនាអីុស្លាម ដោយគ្មានការចាក់ថ្នាំបំបាត់ការឈឺចាប់ ។ មានន័យថា ការប្រតិបត្តិបែបនេះ ដើម្បីកាត់បន្ថយអារម្មណ៍ផ្លូវភេទ និងរក្សាភាពបរិសុទ្ធ (ព្រហ្មចារី) របស់ក្មេងស្រីរហូតដល់ថ្ងៃរៀបការ។
ទោះបីជាយ៉ាងណាក៏ដោយ ជារៀងរាល់លើក ឧបករណ៍ដែលប្រើមិនបានឆ្លងកាត់ការរំងាប់មេរោគ ក្នុងលក្ខណៈអនាម័យ បង្កឱ្យក្មេងស្រីជាច្រើននាក់ជួបបញ្ហាពិបាក ក្នុងរយៈពេលយូរពីអាការឈឺចាប់ និងអ្នកខ្លះស្លាប់បាត់ជីវិត។លោករ៉េហ្គាគ្លីនី បញ្ជាក់ថា ជារឿងដ៏ត្រេកអរមួយ ដែលប្រទេសជាសមាជិកពីអាហ្វ្រិកជាង៥០ប្រទេស សម្តែងការគាំទ្រឱ្យមានការរិះរកមធ្យោបាយទប់ស្កាត់ការប្រារព្ធពិធីនោះ ដោយភាគច្រើនយល់ថា គួរផ្តោតជាសំខាន់ផ្តល់ឱកាសដល់ក្រុមជនអម្បូរភាគតិច ឬប្រជាជនដែលរស់នៅដែនដីដាច់ស្រយាលមានឱកាសចូលសិក្សារៀនសូត្រឱ្យបានកាន់តែច្រើន ៕
ចែករំលែកព័តមាននេះ