ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រា​លី​ប្រកាស​ពី​តំបន់​អភិរក្ស​ផ្នែក​សមុទ្រ​ដ៏ធំបំផុតនៅ​លើ​ពិភពលោក​

13 ឆ្នាំ មុន

អូស្ត្រាលី​បាន​ប្រកាស​ផែន​ការ​ បង្កើត​តំបន់​អភិរក្សក្នុ​សមុទ្រ​ដ៏ធំបំផុត​នៅ​លើ​ពិភព​លោក​ ដើម្បី​គ្រប់​គ្រង​សត្វ​ ដោយ​ការ​កំណត់​កន្លែង​នេសាទ និង​ស្រាវ​ជ្រាវ​រក​ប្រេង​ និង​ឧស្ម័ន​ធម្ម ជាតិ​នៅ​ខាង​ក្រៅ​ឆ្នេរសមុទ្រ ។តំបន់​អភិរក្ស​ថ្មីនេះ ​លាត​សន្ធឹង​លើ​ក្រឡា​ផ្ទៃ​សរុប​ ៣.១០០.០០០គីឡូម៉ែត្រ​ក្រឡា ឬ​ប្រ​ហែល​១ភាគ៣​នៃ​ដែន​ទឹក​ប្រទេស​អូស្ត្រាលី ។

ចំណែក​លោក ថូនី ប៊ើក រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ ដែល​ប្រកាស​ពី​ផែន​ការ​ខាង​លើ​នឹង​ចូល​រួម​ប្រជុំ​កំពូល​បរិស្ថាន​ពិភពលោក​ ឬ​«រីយ៉ូ+២០» នៅ​ទីក្រុង​រីយ៉ូ ដឺ​ហ្សាណេ​រ៉ូ ប្រទេស​ប្រេស៊ីល ក្នុង​រវាង​ពី​ថ្ងៃ​ទី២០-២២ មិថុនាខាង​មុខនេះ​​ រួម​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​លោក​ស្រី ជូលីយ៉ា ហ្គីល​ឡាដ បាន​ថ្លែង​ថា​ នេះ​ជា​អំឡុង​ពេល​ដែល​នៅ​ទូទាំង​ពិភព​លោក​ងាកមក​ផ្តល់​ចំណាប់​អារម្មណ៍​ដល់ការ​គ្រប់​គ្រង​ដែន​សមុទ្រ ​ដែល​បច្ចុប្បន្ន​អូស្ត្រាលី​​ ក៏បាន​ឈាន​ទៅ​មុខ ។

កាលពី​ឆ្នាំមុន​ អូស្ត្រាលី​បាន​ប្រកាស​ពី​ផែនការ​ដើម្បី​ការពា​រ​ជីវិតសត្វ​​ ក្នុង​សមុទ្រ​នៅ​បរិ​វេណសមុទ្រ​ ឃ័រ រ៉ូល​ នៅ​ខាង​ក្រៅ​ឆ្នេរ​ក្នុង​រដ្ឋ​គ្វីន​លែន ដោយមាន​ក្រឡា​ផ្ទៃ​ប្រហែល​១លាន​គីឡូម៉ែត្រ​ក្រឡា​ ខណៈពេល​ក្រឡា​ផ្ទៃ​ខាង​លើ​មាន​​​សត្វ​មាន​ជីវិត​ដ៏​កម្រ​ រស់​នៅ​យ៉ាង​ច្រើន​ រួម​ទាំង​ប្រជុំ​ផ្កា​ថ្ម​ ល្អាង​ក្នុងសមុទ្រ​ និង​ថែម​ទាំង​​ជា​កន្លែង​ដែល​នា​វា​ចម្បាំង​របស់​អាមេ​រិក​ចំនួន​៣គ្រឿង​លិច​ កាល​ពី​ឆ្នាំ​១៩៤២​ផង​ដែរ​   ។

គួរ​បញ្ជាក់​ថា​ សាខាតំបន់​អភិរក្ស​ផ្នែក​សមុទ្រ​​​គ្រប​ដណ្តប់​លើ​ផ្កា​ថ្ម «​ហ្គ្រេត ប៊ែររីអ័រ» ​ជា​​តំបន់​បេតិកភណ្ឌពិភពលោក​ផ្នែក​ធម្មជាតិ​របស់​​អង្គការ​ UNESCO ផង​ដែរ និង​ធ្វើ​ឱ្យ​តំបន់​​អភិរក្ស​ ផ្នែក​សមុទ្រ​របស់​អូស្ត្រាលី​ពេល​បច្ចុប្បន្ន​កើន​ឡើង​ពី​២៧កន្លែង​​​ទៅ​​៦០កន្លែង​ ។

តំបន់​អភិរក្ស​ផ្នែក​សមុទ្រ​ដ៏ធំបំផុត​នៅ​លើ​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ន​គឺ​តំបន់​នៅ​ជុំវិញប្រ​ជុំ​កោះ​​«ឆាហ្គូស» កណ្តាល​មហា​សមុទ្រ​ឥណ្ឌា ដែល​​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​អង់គ្លេស​ ដោយ​​មាន​​ក្រឡា​ផ្ទៃ​ដល់​ទៅ​៥៤៥.០០០គីឡូ​ម៉ែត្រ​ក្រឡា​ ៕