រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ប៉ុន្តែសាក្សីដែលឃើញហេតុការណ៍ច្រើននាក់នាំគ្នានិយាយថា គាត់បានបើកបររថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ បំបុករថយន្តម៉ាកហាយប្រីត ពណ៌ទឹកប៊ិច ដែលជារថយន្តរបស់លោកប្តីកំពុងបើកឌុបស្រីក្មេងសាសងគ្នាយ៉ាងល្អូកល្អិនលើដងផ្លូវលេខ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៣ មិថុនា ២០១២ ។
ហេតុការណ៍ស្ត្រីភរិយាបើករថយន្តបំបុករថយន្តលោកប្តីដឹកស្រីក្មេងខាងលើនេះ ពុំបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ហើយរថយន្តក៏មិនទទួលរងការខូចខាតធ្ងន់ធ្ងរដែរ ។ ទោះបីជាស្ថានភាពនៃការបុកគ្នាមានស្ថានភាពស្រាលក៏ពិតមែន ក៏ប៉ុន្តែសាក្សីឃើញហេតុការណ៍បាននិយាយថា គេបានសង្កេតឃើញម្ចាស់រថយន្តហាយប្រីត ពេលឃើញស្ត្រីជាប្រពន្ធបើករថយន្តកាមរីបាឡែនបុកក៏ស្ទុះចុះពីរថយន្តចុចសោ (ឡុក) ហើយដឹកដៃស្រីក្មេងរត់ឡើងជិះម៉ូតូឌុបទាំងព្រលឹងចុងសក់គេចខ្លួនបាត់ ព្រោះខ្លាចប្រពន្ធ ។ ចំណែកឯស្ត្រីជាប្រពន្ធវិញ (ម្ចាស់រថយន្តបាឡែន) ពេលឃើញបុរសជាប្តីរត់គេចខ្លួនយ៉ាងតក់ស្លុតក៏បបួលគ្នីគ្នាដែលសុទ្ធសឹងជាស្រីៗប្រមាណ៤នាក់ឡើងជិះរថយន្តបាឡែនរបស់ខ្លួនចេញពីកន្លែងកើតហេតុ ដោយទុករថយន្តម៉ាកហាយប្រីតរបស់លោកប្តីនៅលើដងផ្លូវចោល។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ