តាមប្រភពពីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ឧសភា កន្លងមកផ្សាយថា លោកស៊ូ មីុងកាន ជនជាតិចិនអាយុ៧០ឆ្នាំ ម្នាក់បានប្រកាសថានឹងបោះទីតាំងក្នុងដីធ្លីរបស់ខ្លួន នៅទីក្រុងគួនមីុង តំបន់យូណាន ដោយមិនព្រមឱ្យអាជ្ញាធរបណ្តេញចេញពីទីតំាងរបស់គាត់ យកទៅសាងសង់ជាអគារដែលមានតម្លៃប្រហែល៣៥០លានផោនទេ ។ លោកស៊ូ មីុងកាន បានបញ្ជាក់ថានឹងធ្វើសង្គ្រាមជាមួយម្ចាស់សំណង់ និងប្រើប្រាស់បន្ទប់ដេករបស់ខ្លួនជាទីតាំងធ្វើសឹកសង្គ្រាម ដោយមានប្រើគ្រាប់បែក ឬដបសាំងទុកវាយប្រហារទៅលើកម្មករសំណង់ ដែលចូលមករុះរើផ្ទះរបស់ខ្លួន ។
របាយការណ៍បានបញ្ជាក់ថា មុននេះម្ចាស់សំណង់បានធ្វើការតបតទៅលើលោកស៊ូ មីុងកាន ដែលរារាំងគម្រោងរុះរើ និងបំផ្លាញរថយន្តរបស់គេ ។ លោកអះអាងថា ពួកគេបានក្រើនរំលឹកលោកស៊ូ អស់រយៈពេល១ឆ្នាំមកហើយទាក់ទិននឹងអគារដែលលោកស៊ូរស់នៅនឹងត្រូវវាយកម្ទេចចោល ប៉ុន្តែលោកស៊ូប្រកាសថាខ្លួនមិនព្រមចាកចេញទេ ដរាបណាមិនទទួលបានប្រាក់សំណងច្រើនជាងការស្នើសុំ ។
បុរសជនជាតិចិនរូបនេះ បានបញ្ជាក់ទៀតថា គេធ្លាប់ធ្វើជាកម្មករសំណង់និងបានស្គាល់ពីវិធីសាស្ត្ររបស់មនុស្សប្រភេទនេះបានល្អ ហើយក៏មិនព្រមចាកចេញទីកន្លែងនេះ ប្រសិនបើមិនបានទទួលប្រាក់សំណងដ៏សមស្របណាមួយនោះទេ ៕


ចែករំលែកព័តមាននេះ