បុរសម្នាក់ដែលស្នាក់នៅលើអគារមួយក្នុងទីក្រុងទូម៉េន តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ចាំបាច់ត្រូវឱ្យក្រុមសង្គ្រោះបន្ទាន់ជួយយកចេញពីទុយោចោលសម្រាមមួយ ដែលគេបានលោតចូល ដើម្បីលាក់ខ្លួនពីគូស្នេហ៍ក្រោយពីទាស់ទែងគ្នា ។ នៅក្នុងរបាយការណ៍បញ្ជាក់ថា បុរសរូបនេះលោតចូលក្នុងមាត់ទុយោសម្រាម ពីជាន់ទី៨ នៃអគារ ដោយជាប់នៅបរិវេណជាន់ទី៥។ បន្ទាប់មកអ្នកស្រុកឮសំឡេងស្រែកសុំឱ្យជួយសង្គ្រោះរបស់បុរសអាយុ៣១ឆ្នាំម្នាក់នេះ ។ ក្រុមជួយសង្គ្រោះត្រូវប្រើម៉ាសីុនកាត់ទុយោ ដើម្បីជួយគេឱ្យចេញខ្លួនបាន ខណៈពេលរូបគេមានស្នាមរបួសតិចតួច ។
អាជ្ញាធរឱ្យដឹងថា បុរសនេះបានឈ្លោះទាស់ទែងនឹងគូស្នេហ៍ តែក៏មិនប្រាប់ឱ្យដឹងពីមូលហេតុល្អិតល្អន់ទេ ។ BBCដែលបានទាក់ទងទៅអាជ្ញាធរសង្គ្រោះបន្ទាន់«ឌូម៉េន» ផ្សាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៦ ឧសភា ។ បច្ចុប្បន្ន បុរសរូបនេះ អាចត្រឡប់ទៅបម្រើការងារវិញបានហើយ ។
ក្រុមជួយសង្គ្រោះបន្ទាន់បញ្ជាក់ក្នុងប្រព័ន្ធវេបសាយថា «តាមការបំភ្លឺរបស់បុរសនេះថា គេបានលោតចូលទៅក្នុងទុយោចោលសម្រាម ធ្វើពីដែកពីបរិវេណជាន់ទី៨របស់អគារ ដើម្បីគេចពីសង្សារ » ។ អាជ្ញាធរនិយាយថា ធ្លាប់កើតមានហេតុការណ៍ប្រភេទនេះរួចមកហើយក្នុងទីក្រុងឌូម៉េនកាលពីជាច្រើនឆ្នាំមុន ដែលជាហេតុការណ៍គួរឱ្យអស់សំណើចមួយ ៕
ចែករំលែកព័តមាននេះ