ប្រភពពីទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា បច្ចុប្បន្ននៅប្រទេសចិនប្រជាជនដែលស្ថិតនៅក្នុងស្រទាប់កណ្តាល និងស្រទាប់ខ្ពស់និយមបញ្ចុះឬក៏បូជាខ្មោចសត្វចិញ្ចឹមជាទីសំណព្វរបស់ខ្លួន ជាពិសេសនៅទីក្រុងប៉េកាំង ។ តាមរយៈការប៉ាន់ប្រមាណឃើញថា មានផ្នូរសម្រាប់សត្វចិញ្ចឹមជាង ៣.០០០ កន្លែង ជាទីតាំងបញ្ចុះខ្មោចសត្វចិញ្ចឹមទាំងនេះ ។
ទង្វើខាងលើបានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័ស និងកើនឡើងរហូតដល់ទ្វេដង ក្នុងអំឡុងពេល២ឆ្នាំកន្លងទៅ ហើយបច្ចុប្បន្នមានខ្មោចសត្វចិញ្ចឹមដែលបានបូជា និងបញ្ចុះជាង២០០លើកក្នុងមួយខែៗ ។ ចំណែកអាជ្ញាធរផ្នែក «បញ្ចុះខ្មោចសត្វ» របស់ចិនបញ្ជាក់ថា កន្លងមកគ្រាន់តែមានការកប់ខ្មោចសត្វជាធម្មតា ប៉ុន្តែបច្ចុប្បន្នមនុស្សទាំងនោះ (ស្រទាប់កណ្តាល-ខ្ពស់) ត្រូវការច្រើន ដែលមានទាំងការចេញម៉ូដម៉ុងទៀតផង ក្រៅពីនេះក៏មានអ្នកស្រឡាញ់សត្វពីតៃវ៉ាន់ មកបម្រើសេវាកម្មផងដែរ។
នៅក្នុងរបាយការណ៍បញ្ជាក់ថា បច្ចុប្បន្នអត្រាតម្លៃកន្លែងធ្វើមួយម៉ុងជាមធ្យម ៤.០០០ យាន់ គឺជិត៧០០ដុល្លារ និងថ្លៃសម្រាប់ថែទាំម៉ុង នីមួយៗ ប្រហែល៧២០យាន់ គឺប្រហែល៨២ដុល្លារ ក្នុងមួយឆ្នាំ ។ ក្រៅពីនេះ ក៏នៅមានអ្នកខ្លះទៀតហ៊ានចំណាយដល់ទៅ៥.០០០ដុល្លារ សម្រាប់ឧបករណ៍ផ្សេងៗ យកមកធ្វើការតុបតែងដូចជា ការសង់ផ្ទះឆ្កែ និងមានភ្ជាប់កញ្ចក់ដើម្បីការពារធូលីជាដើម។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានបញ្ជាក់ថា ទោះបីជាចិនមានអ្នកស្រឡាញ់សត្វចិញ្ចឹមច្រើន ប៉ុន្តែប្រទេសចិននៅមានច្បាប់គ្រប់គ្រងការចោលខ្មោចសត្វ ដែលពួកគេស្រឡាញ់ ដោយកន្លងមកមានសត្វងាប់យកទៅបោះចោលក្នុងធុងសំរាម ដែលមានគ្រោះថ្នាក់ដល់សុខភាពជាសាធារណៈ ៕


ចែករំលែកព័តមាននេះ