សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា វិបត្តិនៃគ្រោះរាំងស្ងួតនៅភាគខាងកើតឆៀងខាងជើងប្រទេសប្រេស៊ីល មានសភាពធ្ងន់បំផុតក្នុងអំឡុងពេលពាក់កណ្តាលសតវត្សកន្លងមក ធ្វើឱ្យមានអ្នកស្លាប់បាត់បង់ជីវិតយ៉ាងច្រើន និងបង្កឱ្យកើតការតស៊ូដណ្តើមទឹកគ្នានៅតាមទីជនបទ ។
បច្ចុប្បន្នមានការប៉ាន់ប្រមាណជាលក្ខណៈមធ្យមឃើញថា មានប្រជាជនប្រេស៊ីលស្លាប់មួយនាក់ក្នុងមួយថ្ងៃដោយការធ្វើសង្គ្រាមដណ្តើមទឹក ខណៈពេលសត្វពាហនៈជាច្រើនបានងាប់ ។ ស្ថានភាពខ្វះខាតទឹក បានបំផ្លិចបំផ្លាញផលិតផលនៃកសិកម្ម និងគម្រាមកំហែងដល់ជីវិតប្រជាជន និងបសុសត្វ ដោយមានកសិករជាច្រើននាក់ត្រូវបាត់បង់សត្វបម្រើការងារកសិកម្មរបស់ខ្លួនជាងពាក់កណ្តាល រីឯរដ្ឋាភិបាលប្រេស៊ីល បានកាត់បន្ថយការប៉ាន់ប្រមាណពីការរីកលូតលាស់ដំណាំពោត សណ្តែកសៀង និងស្រូវផងដែរ ។
របាយការណ៍បញ្ជាក់ថា នៅក្នុងទីក្រុងភើណាន់ប៊ូកូ ស្ថិតក្នុងស្ថានភាពវិបត្តិខ្វះទឹកព្រោះទន្លេជាច្រើនរីងហួតហែង និងសត្វមិនអាចរកទឹកផឹកបាន ។ ក្រៅពីនេះ បឹងជាច្រើនក្នុងតំបន់នេះរីងស្ងួត ។ ឆ្លៀតឱកាសនេះ អ្នកនយោបាយផ្តល់ទឹកជាថ្នូរនឹងការបោះឆ្នោតជ្រើសរើសពួកគេ ៕



ចែករំលែកព័តមាននេះ