ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​លំដាប់ទី​1​លើ​ពិភពលោក​គ្រោង​ទិញ​ភាគហ៊ុន​ក្រុម​ហ៊ុន​ទូរស័ព្ទ​

14 ឆ្នាំ មុន

​​សារព័ត៌​មាន​បរទេស​​ កាលពី​ថ្ងៃទី​៩​ ឧសភា​ ​ផ្សាយ​ឱ្យដឹង​ថា​​​ លោក​កាឡូស​ ស្លុីម​​ ​មហា​សេដ្ឋី​លំដាប់​ទី​១​នៅលើ​ពិភព​លោក​ ជន​ជាតិ​ម៉ិចស៊ិក​ អាយុ​៧២​ឆ្នាំ​ ​មាន​គម្រោង​ទិញ​ភាគហ៊ុន​​ជិត​១ភាគ​៣​ របស់ក្រុម​ហ៊ុន​«​រ៉ូយ៉ាល់​ ខេភី​អិន​»​ (Royal  KPN)​ ​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​បំផុ​ត​ក្នុង​ប្រទេស​ហូរឡង់​ ដោយ​ចាត់​ទុក​ថា​ជាការបង្ហាញ​គោល​ជំហ​ដ៏ច្បាស់​លាស់​របស់មហាសេដ្ឋី​រូប​នេះ​​ដែល​មាន​តម្រូវ​ការ​ពង្រីក​មុខ​ជំនួញរបស់​ខ្លួន​​ក្នុង​ដែន​ដី​ដ៏​ធំ​នៅ​តំបន់​អឺរ៉ុប​ ។

​​របាយ​ការណ៍​បញ្ជាក់​ឱ្យដឹង​ថា​ ក្រុម​ហ៊ុន​ «​អាមេរិក​ម៉ូប៊ីល​ »​ដ៏​ធំ​ផ្នែក​ទូរគមនាគមន៍​របស់​មិុច​ស៊ិក​ ​ដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​លោកស្ល៊ីម ​បាន​ដាក់​សំណើសុំ​ទិញ​ភាគ​ហ៊ុន​ជិត​១ភាគ​៣​ ឬ​ប្រហែល​២៨%​​ របស់​ក្រុម​ហ៊ុន​ «រ៉ូយ៉ាល់​ខេភីអីន​ »​ ជាទឹក​ប្រាក់​ជាង​២.៦០០​លានអឺរ៉ូ​ ខណៈពេល​មុន​​នេះ​ លោក​ស្លុីម​មានភាគ​ហ៊ុន​ក្នុង​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​ ខេភីអិន​ ​ត្រឹម​តែ​៥​%​ ​ប៉ុណ្ណោះ​ ​។

​លោក​កាឡូស​​​កាស៊ី​យ៉ា​ ម៉ូរ៉េណូ​ ​នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​​«​អាមេរិក​​ម៉ូប៊ីល»​ ​​ឱ្យដឹងថា​ ​សំណើទិញ​ភាគ​ហ៊ុន​ក្រុម​ហ៊ុន​ «​រ៉ូយ៉ាល់​ ខេភីអិន​»​លើក​នេះ​គឺ​ជា​ការប​ង្ហាញ​គោល​ជំហ​រដ៏​ច្បាស់​លាស់​របស់ក្រុម​ហ៊ុន​អាមេរិក​ ម៉ូប៊ីលដែ​ល​ត្រូ​វ​ការ​លុកលុយ​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​នៅ​អឺរ៉ុប​ក្រោម​ការ​វាយ​តម្លៃ​របស់​បណ្តា​អ្ន​ក​វិភាគ​ដែល​សំឡឹង​ឃើញ​ថា​​ស្ថាន​ភាព​បំណុល​  និងក​ង្វះ​សមតុល្យ​ផ្នែក​ថវិកា​ដ៏​អាក្រក់​របស់​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​អឺ​រ៉ុប​ធ្លាក់​ចុះ​ជាប្រវត្ត​ិ​សាស្ត្រ​ និងចាត់​ទុក​ថា​ជាការ​ផ្តល់​ឱ​កាស​ដល់​បណ្តា​អ្នក​វិនិ​យោក​ពីទ្វីប​ផ្សេង​ ​ចូលទិញ​ភាគ​ហ៊ុន​ផ្សេងៗ​ របស់​អឺរ៉ុប​បាន​​ក្នុង​តម្លៃ​ទាប​ធៀប​នឹងអំឡុង​ពេល​មុន​កើត​វិបត្តិ​បំណុល​​ ៕