រាជធានីភ្នំពេញ ៖ អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង គឺជាតារាកំប្លែងមួយឌួង ដែលមានឈ្មោះបោះសំឡេងតាមរយៈការសម្តែងនៅក្នុងក្រុមនាយពែរមី ដែលដឹកនាំដោយលោកតា វិចទ័រ ហៅលោកសុវណ្ណ រិទ្ធី ។ គេគ្រប់គ្នាតែងតែកោតសរសើរអំពីទេពកោសល្យរបស់នាង ជាពិសេសនោះគឺពាក្យពេចន៍វោហាររបស់នាងដែលធ្វើឱ្យកម្មវិធីដ៏ស្ងាត់ប្រែក្លាយទៅជាកម្មវិធីសើចសប្បាយក្អាកក្អាយនិងធ្វើឱ្យទស្សនិកជនជាប់ចិត្តគ្រប់ៗគ្នាតែម្តង ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពនាងខ្ញុង ប្រាប់ឱ្យដឹងថា ឆ្នាំនេះនាងមានអាយុ២៩ឆ្នាំ ហើយនាងមានស្រុកកំណើតនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នាងមានឪពុកឈ្មោះស្រេង ពៅ អាយុ៤៥ឆ្នាំ ម្តាយឈ្មោះស្រីម៉ៅ បានស្លាប់ចោលនាងតាំងពីអាយុ៥ឆ្នាំ មកម៉្លេះ ដោយសារជំងឺទាស់សរសៃ ។ ក្រោយមកឪពុករបស់នាងបានប្រពន្ធម្នាក់ទៀតឈ្មោះហ៊ុន សារី ដែលសព្វថ្ងៃនេះជាជាងកាត់ដេរសម្លៀកបំពាក់។ នាងមានបងប្អូន៤នាក់ ស្រីម្នាក់ ប្រុស៣នាក់ ចំណែកនាងជាកូនច្បង។ នៅក្នុងវ័យ១៧ឆ្នាំ នាងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៨ នៅអនុវិទ្យាល័យជ័យវរ្ម័នទី៧ ដោយនាងបានទៅជួយដាំបាយឱ្យឪពុកនៅតាមខេត្ត ព្រោះឪពុករបស់នាងជាមេការសំណង់ ។
នៅក្នុងវ័យ១៨ឆ្នាំដោយសារតែនាងមានទឹកដមសំឡេងពីរោះនាងក៏ត្រូវមិត្តភក្តិទាក់ទងឱ្យទៅចូលច្រៀងនៅក្នុងក្រុមតន្ត្រីមួយនិងច្រៀងនៅតាមភោជនីយដ្ឋាន ។ នាងខ្ញុង ប្រកមុខរបរនេះបានត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ក៏រៀបអាពាហ៍ពិពាហ៍ ហើយបែកពីឪពុកម្តាយទៅរស់នៅខេត្តសៀមរាបជាមួយស្វាមី ។ ស្វាមីរបស់នាងឈ្មោះប៉ោល ប៉ោ រស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ។ ទោះបីជារៀបអាពាហ៍ពិពាហ៍ហើយក្តី ក៏នាងមិនបោះបង់ចោលអាជីពសិល្បៈចម្រៀងដែរ ហើយពេលខ្លះនាងទៅច្រៀងកាត់សក់ឱ្យគេទៀតផង ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍បាន៥ឆ្នាំ នាងខ្ញុងពពោះ ហើយបង្កើតបានកូនប្រុសដ៏ទ្រលុកទ្រលន់ម្នាក់ ដែលបច្ចុប្បន្នកូនរបស់នាងមានអាយុ៥ឆ្នាំហើយ។
តារាកំប្លែងរូបនេះមិនដែលនឹកស្មានថា ខ្លួនអាចប្រឡូកក្នុងវិស័យសិល្បៈ ហើយមានមុខនៅតាមកញ្ចក់ទូរទស្សន៍ទេ ព្រោះតែនាងមានប្តីនិងកូនរួចទៅហើយ ។ មានថ្ងៃមួយឪពុករបស់នាងបានទូរស័ព្ទមកនាងដើម្បីឱ្យដាក់ពាក្យប្រឡងកំប្លែងនៅស្ថានីយទូរទស្សន៍ CTN ដោយចាប់ដៃគូជាមួយគាត់ ។ ភ្លាមនោះនាងបានបដិសេធ ប៉ុន្តែដោយក្តីពន្យល់ និងអង្វរពីឪពុកដែលស្រឡាញ់ខាងវិស័យសិល្បៈកំប្លែង នាងសម្រេចចិត្តឱ្យឪពុកនាងដាក់ពាក្យប្រឡង ។
ក្រោយពីដាក់ពាក្យមិនបានប៉ុន្មានថ្ងៃផង ស្ថានីយទូរទស្សន៍ CTN ក៏ទូរស័ព្ទឱ្យនាងនិង ឪពុកទៅប្រឡង ។ ស្របពេលជាមួយគ្នានោះដោយសារតែនាងទើបតែបើកប្រាក់ខែ ទើបនាងមានសោហ៊ុយជិះរថយន្តពីខេត្តសៀមរាបមកប្រឡងនៅភ្នំពេញ ។ នាងខ្ញុងឱ្យដឹងទៀតថា ពេលមកប្រឡងនាងមានការលំបាកណាស់ ដោយសារតែកូននៅបៅទឹកដោះគោ ហើយនាងបានដកប្រាក់មួយចំនួនធំដែលទុកសម្រាប់ចាយវាយប្រចាំថ្ងៃមកធ្វើសោហ៊ុយចុះឡើងៗដើម្បីមកប្រឡង ។ នៅក្នុងវគ្គទី៣ ឪពុករបស់នាងបានប្រឡងធ្លាក់ ហើយនាងជាប់រហូតវគ្គផ្តាច់ព្រ័ត្រ។ ចំណែកឯអាជីពជាអ្នកចម្រៀងនៅភោជនីដ្ឋាន និងតាម ក្រុមតន្ត្រីត្រូវបានបញ្ចប់នៅថ្ងៃដែលនាងប្រឡងជាប់នោះដែរ ។ បច្ចុប្បន្ននេះក្រៅពីអាជីពកំប្លែង នាងធ្វើជាអ្នកកាត់សក់ក្នុងពិធីមង្គលការជាមួយនាយពែរមី ដែលធ្វើឱ្យជីវភាពគ្រួសាររបស់នាងបានធូរធារជាងមុន ។
ដោយសារតែនាងខ្ញុងចាប់ដៃគូជាមួយនាយពែរមី និងដើរទៅណាមកណាជាមួយគ្នានោះទើបធ្វើឱ្យគេយល់ច្រឡំថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា ប៉ុន្តែអ្នកទាំងពីរនេះច្រានចោលទាំងស្រុង ។ នាយពែរមី បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា «ពួកខ្ញុំទាំងពីរនាក់គ្រាន់តែជាដៃគូសម្តែង និងកាត់សក់ជាមួយគ្នាដែលមិនអាចខ្វះបាន តែមិនមែនជាដៃគូស្នេហាលួចលាក់ទេ ព្រោះខ្ញុំមានប្រពន្ធកូនពីរទៅហើយ ខ្ញុំស្រឡាញ់គ្រួសារខ្ញុំណាស់ ចំណែកឯនាងខ្ញុងក៏មានប្តីនិងកូនមួយទៅហើយដែរ រឿងអ្វីដែលយើងមានទំនាក់ទំនងស្នេហាទៅរួចនោះ ពួកយើងគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ» ។ ចំណែកនាងខ្ញុងវិញក៏បានច្រានចោលបញ្ហានេះដូចគ្នា ។
នាងខ្ញុងបានប្រាប់អំពីគោលបំណងរបស់នាងឱ្យដឹងទៀតថា នាងចង់បើកសម្អាងការខ្លួនឯង ប៉ុន្តែមិនទាន់មានប្រាក់ទេ នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ។តារាកំប្លែងរូបនេះ សំណូមពរដល់អ្នកសិល្បៈរៀមច្បង ក៏ដូចជាអ្នកសិល្បៈជំនាន់ក្រោយឱ្យចេះគោរព និងស្រឡាញ់អ្នកសិល្បៈដូចគ្នា មិនត្រូវមានចិត្តស្អប់គ្នា ឬក៏ចងគំនុំគ្នាទេ ត្រូវរួមសាមគ្គីគ្នាឱ្យបានល្អ ដើម្បីឱ្យសិល្បៈមានភាពថ្លៃថ្នូរ មានភាពរីកចម្រើនទៅថ្ងៃខាងមុខ ៕
ចែករំលែកព័តមាននេះ