ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​កូរ៉េ​ខាង​ត្បូង​មាន​រឿង​អាស្រូវ​​លេង​បៀ ផឹក​ស្រា​ និងជក់​បារី​ក្នុង​សណ្ឋាគារ​

14 ឆ្នាំ មុន

ស្ថានីយទូរស្សន៍កូរ៉េ​ខាងត្បូង​បានបង្ហាញ​រូប​ភាព​​ខ្សែ​វីដេអូ​​​ ដែល​ថត​បាន​ដោយ​កា​ម៉េរា​ការ​ពារ​សុវត្ថិភាព ឃើញ​ភិក្ខុ​៦​រូប​កំពុង​ជួបគ្នា​នៅឯ​សណ្ឋាគារ​មួយ​​នា​មាត់​ស​មុទ្រ​​ឆាន់​​ស្រា​ និង​​បារី​ ព្រ​ម​ទាំង​​លេង​បៀ​ ដោយ​មាន​ប្រាក់​ភ្នាល់​ដល់ទៅ​១លាន​វ៉ុន​ ។ ព្រះភិក្ខុ​ទាំង​នេះ​​ស្ថិត​នៅ​ក្នុង​និកាយ​«​ហ្ស័រ​ហ្គ​»​ ដោយ​មាន​សាស​និក​ជន​ដល់ទៅ​១០​លាន​នាក់​ ស្ថិត​នៅ​​​លំដាប់​ទី​៥​ ​ក្នុងប្រទេស​ ​។ ​សម្តេច​សង្ឃ​បាន​មាន​សង្ឃ​ដីកា​សុំទោស​​កាលពីថ្ងៃទី​១១​ ឧសភា​ និង​ធានា​ថា​នឹង​ឱ្យ​អ្នក​បង្ក​ហេតុ​ទទួល​ទោស​កំហុស​ដោយ​ខ្លួន​ឯង។

​ស្ថានីយទូរទស្សន៍​កូរ៉េ​ខាងត្បូង​ជាច្រើន​ប៉ុស្តិ៍​បាន​ផ្សព្វ​ផ្សាយ​រូបភាព​ភិក្ខុ​មួយ​ក្រុម​កំពុង​លេង​បៀ​ ​​ខ្លះ​ឆាន់​​បារី​ ខ្លះ​ឆាន់​ស្រា​ ក្រោយ​ពី​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​សណ្ឋា​គារ​មួយ​កន្លែង​កាលពី​ចុង​ខែ​មេសា​ កន្លង​មក​ ដើម្បី​ចូលរួម​ក្នុងពិធី​កាន់​ទុក្ខ​ព្រះ​សង្ឃ​មួយ​អង្គ​ ។ សម្តេច​​សង្ឃ​​​ព្រះ​នាម​សឹង​ហូ​ ​មាន​សង្ឃ​ដីកា​ថា​ ប្រាក់​ភ្នាល់​របស់​ពួក​គេ​ មាន​ច្រើន​ជាង​១​លាន​​វ៉ុន​ ​ហើ​យ​ព្រះ​​អង្គ​បាន​រាយ​ការណ៍​ពី​ហេតុ​ការណ៍​ដែល​កើត​ឡើង​ទៅ​​តុលាការ​រួច​រាល់​ហើយ​ ។

ការភ្នាល់​នៅ​ខាង​ក្រៅ​កាស៊ីណូ​ និង​ទីលាន​ប្រណាំង​សេះ​ ដែល​បាន​ទទួល​ការ​អនុញ្ញាត គឺ​ជារឿង​ខុស​ច្បាប់​នៅកូរ៉េ​ខាង​ត្បូង​​ ​​​​និងជា​រឿង​មួយ​ដែល​អ្នក​ដឹក​នាំផ្នែក​សាសនា​ទាំងឡាយ​មិន​ទទួល​ស្គាល់​ ។ សម្តេច​សង្ឃ​សឹង​ហូ​ មាន​សង្ឃ​ដីកា​ថា​ ​«​តាម​ពុទ្ធ​ឱ​វាទ​​បញ្ជាក់​ថា​ ​ហា​ម​លួច​ ប៉ុន្តែ​តាម​រយៈ​ដែល​ពួក​គេ​ប្រព្រឹត្ត​ហាក់​ដូច​ជា​ពួក​​​គេ​កំពុង​កឹប​កេង​ប្រាក់​ពី​ពុទ្ធ​សាសនិក​ជន​ទៅ​លេង​ល្បែង​ » ។

គួរ​បញ្ជាក់​ថា​ ​​ភិក្ខុដែល​ប្រព្រឹត្តខុស​នឹងវិន័យ​របស់ខ្លួន​ដែល​ជាអ្នក​បួស​​​ បាន​ទទួល​ការ​មិន​ពេញ​​ចិត្ត​​​ពី​សំណាក់​ជន​ជាតិ​កូរ៉េ​យ៉ាង​ច្រើន​ និង​កើត​មា​ន​ការខឹង​សម្បា​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើរ​ណេត​ ដោយ​អ្នក​មិន​ពេញ​ចិត្ត​មួយ​ចំនួន​បាន​ធ្វើ​ការ​អំពាវ​នាវឱ្យ​មា​នការ​កែទម្រង់​បន្ទាន់​មួយ​ចំ​ពោះ​អ្នក​កាន់​ពុទ្ធ​សាសនា​​ ៕