រាជធានីភ្នំពេញ ៖ ក្រោយពីកម្មវិធីអាណាចក្រតារាបានបញ្ចប់កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១២ មក ក្រុមហ៊ុន Sabay បានបង្កើតកម្មវិធីថ្មីមួយទៀត គឺកម្មវិធី Music ។
កាលពីថ្ងៃទី៥ ឧសភា Sabaymusic បានចាប់ផ្តើមបើកទំព័រដំបូង នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានក្រុមសិល្បករ-សិល្បការិនី តារាចម្រៀង និងក្រុមឆៃយ៉ាំជាច្រើនរូបចូល រួម ។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន Sabay មានប្រសាសន៍ថា Sabaymusic មានគោលការណ៍នាំយកតារាល្បីៗទូទាំងពិភពលោកមកកម្ពុជា ។ ជាពិសេសនោះ Sabaymusic បានចុះហត្ថលេខាជាមួយនាង Adele រួចហើយកាលពីឆ្នាំ២០១១កន្លងទៅ ។ ក្រៅពីនេះមានកំពូលតារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពទូទាំងសាកលលោក គឺ Pitbull ក៏បានចុះហត្ថលេខាផ្តល់សិទ្ធិ សម្រាប់បទចម្រៀងទោលល្បីៗប្រចាំឆ្នាំ២០១២ ដែលកំពុងពេញនិយមជាច្រើន ដល់ Sabaymusic ។ ចំណែក ពូឃ្លាំង ដែលជាតារាចម្រៀងក្នុងស្រុកឈានមុខក៏បានក្លាយជាសិល្បករដំបូងក្នុង Sabaymusic ផងដែរ ។
អ្នករៀបចំកម្មវិធី Sabaymusic បានបន្តឱ្យដឹងថា កម្មវិធីនេះលោកគិតថា វាជារឿងអស្ចារ្យមួយដែលខ្មែរយើងមានឱកាសបានឃើញ និងចែករំលែក និងទទួលបានអ្វីដែលថ្មីៗ តាមរយៈអិុនធើរណេត ។ នេះជាការនាំយកវប្បធម៌ខ្មែរយើងទៅបង្ហាញនៅលើឆាកអន្តរជាតិ ។ អ្នករៀបចំកម្មវិធី Sabaymusic បានបន្តថា ពេលនេះក្រុមហ៊ុន តន្ត្រីកម្ពុជាយើងអាចចុះហត្ថលេខាដោយស្រប ច្បាប់ជាមួយ Adele និង Pitbull បង្ហាញឱ្យឃើញថា យើងកំពុងឈានទៅមុខក្នុងវិស័យសិល្បៈចម្រៀង ។
តំណាងក្រុមហ៊ុនតន្ត្រី Sabaymusic បានបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលលក់ស៊ីឌីចម្លងក្លែងក្លាយ ឬចូលចិត្តចម្លងយកបទចម្រៀងរបស់គេមកច្រៀង ដោយមិនបង់ប្រាក់នោះទេ ។ នេះជាការបើកទំព័រថ្មី ហើយយើងនឹងបានឃើញចម្រៀងរ៉េប និងក្រុមតន្ត្រីល្បីៗមកពីលោកខាងលិចសម្តែងនៅកម្ពុជាយើង ៕



ចែករំលែកព័តមាននេះ