ខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី២ឧសភាបានចេញផ្សាយលទ្ធផលនៃការស្ទង់មតិមួយដោយបាននិយាយថា ជនជាតិជប៉ុនពេញវ័យប្រហែលជា២៣,៤ភាគរយមានគំនិតចង់ធ្វើអត្តឃាត ។ ចំនួននេះបើធៀបនឹងតួលេខឆ្នាំ២០០៨គឺឃើញថាមានការកើនឡើង៤,៣ភាគរយ។
ទិន្នន័យព័ត៌មាននេះត្រូវបានប្រមែប្រមូលពីមនុស្សពេញវ័យជប៉ុនដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅកាលពីខែមករាកន្លងមក។ នៅក្នុងក្រដាសសំណួរ៣០០០ច្បាប់ដែលបានចែកចាយគឺមាន២០១៧ច្បាប់ដែលគេបានទទួលមកវិញ។
បើគិតតាមអាយុ អ្នកដែលមានអាយុពី២០ទៅដល់ក្រោម៣០ឆ្នាំ មានទំនោរខ្លាំងក្នុងការធ្វើអត្តឃាត ខណៈ២៨,៤ភាគរយផ្សេងទៀតកំពុងពិចារណា។ ឯ៣៦,២ភាគរយទៀតបាននិយាយថា ខ្លួនធ្លាប់បានគិតថាចង់សម្លាប់ខ្លួនឯងក្នុងឆ្នាំកន្លងមក។ បើគិតទៅតាមភេទវិញ នារីមានភាគរយចង់សម្លាប់ខ្លួនឯងច្រើនជាងបុរសគឺ២៧,១ភាគរយទល់នឹង១៩,១ភាគរយ។
ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបាននិយាយថា លទ្ធផលនេះប្រហែលជាឆ្លុះបញ្ចាំងពីភាពលំបាកក្នុងការស្វែងរកការងារធ្វើនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ ឬក៏ឆ្លុះបញ្ចាំងភាពមានការងារធ្វើមិនជាក់លាក់ ព្រមទាំងកង្វះខាតទំនាក់ទំនងផ្នែកបុគ្គល។
ចំពោះសំណួរដែលសួរថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីជំនះលើចំណង់ធ្វើអត្តឃាត? ៣៨,៨ភាគរយបានឆ្លើយថា ពួកគេនឹងទៅរកមិត្តជិតស្និទ្ធឬក៏គ្រួសារឱ្យជួយ។ ឯ៣៨,៦ភាគរយផ្សេងទៀតឆ្លើយថា ខ្លួននឹងចំណាយពេលច្រើនធ្វើការងារ ឬរកការកំសាន្តនានាដើម្បីបន្លប់ចំណង់នេះ ៕
ចែករំលែកព័តមាននេះ