ជំងឺសើស្បែកដែលកើតឡើងពីវីរុសប្រភេទថ្មីកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម បង្កឱ្យមានអ្នកស្លាប់ចំនួន១៩នាក់ ខណៈពេលអាជ្ញាធរវៀតណាមបានស្នើសុំជំនួយពីអ្នកជំនាញបរទេសធ្វើការត្រួតពិនិត្យរកមូលហេតុនៃជំងឺខាងលើ ដើម្បីរិះរកវិធីសាស្ត្រការពារ និងបង្ការជំងឺនេះជាបន្ទាន់ ។
ប្រជាជនជាង១៧០នាក់ក្នុងខេត្តហ្វានង៉ាយ ភាគកណ្តាលប្រទេសវៀតណាម ធ្លាក់ខ្លួនឈឺដោយជំងឺសើស្បែកបង្កឡើងដោយវីរុសប្រភេទថ្មីដែលគេមិនទាន់ស្គាល់ ។ អាការៈជំងឺខាងលើចាប់ផ្តើមដោយមានកន្ទួលរមាស់តាមដៃ និងជើង ក្រោយមកថ្លើម និងអវយវៈក្នុងរាងកាយចាប់ផ្តើមចុះខ្សោយធ្វើឱ្យមានគ្រោះថ្នាក់ដល់
ជីវិត ។
លោក ថា ឡុង រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមថ្លែងថា អ្នកកើតជំងឺខាងលើមានភាពប្រថុយប្រថានយ៉ាងខ្លាំង ខណៈពេលមន្ត្រីជំនាញនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់លាស់ដែលធ្វើឱ្យកើតជំងឺនេះនៅឡើយ ។គ្រូពេទ្យជំនាញនៅមិនអាចបញ្ជាក់បានថា ហេតុអ្វីក៏ជំងឺសើស្បែកនេះធ្វើឱ្យខុសប្រក្រតីដល់អវយវៈខាងក្នុងរហូតធ្វើឱ្យមនុស្សស្លាប់បាន ។ គ្រូពេទ្យបានទទួលរបាយការណ៍ពីការកើតជំងឺនេះជាលើកដំបូងក្នុងរវាងពីខែមេសាដល់ខែធ្នូ ឆ្នាំ២០១១ ប៉ុន្តែបានស្ងប់ស្ងាត់វិញ និងបានបង្ហាញជាថ្មីកាលពីខែមីនា ឆ្នាំ២០១២ ។
បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានស្នើដល់អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលបង្ការ និងការពារជំងឺសហរដ្ឋអាមេរិក ឱ្យចូលរួមស្រាវជ្រាវរកមូលហេតុរបស់ជំងឺខាងលើ ដើម្បីរិះរកវិធីសាស្ត្របង្ការ និងព្យាបាលអ្នកជំងឺឱ្យមានប្រសិទ្ធភាព ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលក្នុងតំបន់កំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះដោយការថែរក្សាអ្នកជំងឺនៅក្នុងតំបន់គ្រប់គ្រង រហូតទទួលការវិនិច្ឆ័យជំងឺនេះបានច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ