ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា នាងហ្គ្រេសលី បុគ្គលក្នុងមជ្ឈដ្ឋានសម្តែងដ៏ល្បីឈ្មោះជនជាតិកូរ៉េខាងត្បូងនៅហ្វ៊ីលីពីន និងជាមិត្តស្រីរបស់លោកប្រធានាធិបតីបេនិកណូ អាគីណូ មេដឹកនាំហ្វ៊ីលីពីន បានបង្ហើបឱ្យដឹងតាមរយៈទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងជាលើកដំបូងស្តីពីសម្ព័ន្ធភាពរវាងនាង និងមេដឹកនាំហ្វ៊ីលីពីនថា លោកអាគីណូ ហាក់ដូចជាមានភាពមមាញឹក ធ្វើឱ្យនាងនិងគាត់មិនសូវមានពេលជួបគ្នាច្រើន ។
គាត់ និងនាងព្យាយាមជួបគ្នាប្រហែល២ទៅ៣លើកក្នុងមួយសប្តាហ៍តិចជាងគូស្នេហ៍ដទៃទៀត ។ នាងបានបដិសេធដំណឹងចចាមអារ៉ាមដែលថា នាងបានឈប់ទាក់ទងលោកប្រធានាធិបតីព្រោះលោកអាគីណូ ប្រាប់ថា លោកមិនទាន់ជួបគូស្នេហ៍នៅឡើយ ផ្ទុយទៅវិញបច្ចុប្បន្ននាង និងលោកប្រធានាធិបតីកំពុងល្អូកល្អឺននឹងគ្នា ។
ទោះជាយ៉ាងណាក៏ដោយ នាងហ្គ្រេសលី ថ្លែងថា នាងមានអារម្មណ៍តប់ប្រមល់ជាច្រើនលើក ខណៈអ្នកសារព័ត៌មានរមែងចុះផ្សាយពីសម្ព័ន្ធភាពរវាងនាង និងលោកអាគីណូ លើសពីធាតុពិត ។ របាយការណ៍បញ្ជាក់ថា នាងហ្គ្រេសលី ជួបនឹងមេដឹកនាំហ្វ៊ីលីពីន ជាលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០១១ ក្នុងពេលដែលនាងធ្វើជាពិធីការិនីទូរទស្សន៍ក្នុងទីក្រុងសេប៊ូ ។
សម្ព័ន្ធភាពរបស់អ្នកទាំងពីរត្រូវបានបង្ហាញតាមរយៈគេហទំព័រដោយបញ្ជាក់ថា លោកអាគីណូ បានដើរកម្សាន្តជាមួយនាងបង្កើតភាពភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានហ្វ៊ីលីពីន ដោយជំរុញឱ្យនាងក្លាយជាស្រ្តីលេខ១នៅក្នុងប្រទេស ៕



ចែករំលែកព័តមាននេះ