ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហបុរីវាយលុក​ទីផ្សារ​អាវុធ​រក​ចំណូលបាន5.990លានដុល្លារឆ្នាំ2011

14 ឆ្នាំ មុន

ស្ថាប័ន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ប្រចាំ​ទី​ក្រុង​ស្តុក​ខូល ប្រទេស​ស៊ុយ​អែត (SIPRI) បាន​បង្ហាញ​លទ្ធផល​អង្កេត​លើ​ទីផ្សារ​ជួញ​ដូរ​អាវុធ​នៅ​ទូទាំង​​ពិភពលោក កាលពី​ថ្ងៃទី​១៨ មីនា បញ្ជាក់ថា សិង្ហបុរី​​ជា​ប្រទេស​មួយ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ដែលមានអត្រាជំនួញអាវុធ​​ដ៏​ខ្ពស់​នៅ​លើ​ពិភព​លោក​ ដោយមាន​ចំណូលរហូតដល់​ជាង​ ៥.៩៩០ លាន​ដុល្លារ ​កាលពីឆ្នាំ​២០១១ ។ ​អាវុធ​​ទាំង​អស់​ផលិត​ដោយ​ក្រុម​ជំនួញ​ ក្នុង​សាខា «អេស ធី​ អ៊ីនជីនៀរីង អ៊ីន​ដា​ស្រ្ទីល» ដែល​មាន​​ក្រុម​ហ៊ុន​ «ថេម៉ាសេត ហូល​ឌីង» របស់​រដ្ឋា​ភិ​បាល​សិង្ហ​បុរី ជាអ្នក​កាន់ភាគហ៊ុនធំ ។​

តាមរបាយការណ៍របស់​ SIPRI ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១កន្លង​មក ​សិង្ហបុរី​បាន​លក់​រថពាស​ដែក​ដល់​កងទ័ព​អង់គ្លេស ​ប្រចាំ​ការ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន ព្រមទាំងលក់​គ្រឿង​សព្វាវុធនានា ដល់​ប្រទេស​ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន អេមីរ៉ាតអារ៉ាប់ រួម ​ប្រេស៊ីល​ នីហ្សេរីយ៉ា និង​សា​ធារណរដ្ឋ​ឆាដ និងកំពុងធ្វើការ​ពិចារណា​លើ​កិច្ច​សន្យាលក់អាវុធ​ឱ្យរដ្ឋាភិបាល​អុី​ស្រា​អែល និង​ម៉ាឡេ​ស៊ី​ថែម​ទៀត​ ។​

ទោះជា​យ៉ាង​ណាក៏ដោយ ក្រសួង​មហា​ផ្ទៃ​របស់​ឥណ្ឌា​ ទើប​ធ្វើការ​ចោទប្រកាន់​​​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ «អេស​ធី ឃីណាទិក» ជា​សាខា​របស់​ក្រុមហ៊ុន​ «អេស ធី​ អុីនជីនៀរីង  អ៊ីន​ដា​ស្រ្ទីល» កាលពី​ខែ​កុម្ភៈ កន្លងមក​ ក្រោយ​ពី​ពិនិត្យ​​ឃើញថា មាន​ពាក់ព័ន្ធនឹងសំណូកជាម​ួយ​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា ស្តីពី​ការ​ធ្វើ​កិច្ច​សន្យា​ពាណិជ្ជ​កម្ម​ ក្នុង​ឆ្នាំ​២០០៩ ប៉ុន្តែ​​ក្រុមហ៊ុន​ អេស ​ធី អ៊ីនជីនៀរីង អ៊ីនដា​ស្រ្ទីល ​បដិសេធ ៕