អ្នកស្រុកវាំងណយ ខេត្តស្រីអាយុធ្យាប្រទេសថៃ មានការភ្ញាក់ផ្អើល ខណៈអ្នកនេសាទចាប់បានត្រីរ៉ស់យក្សចំនួន៣ក្បាល ក្នុងនោះត្រីរ៉ស់ធំបំផុតមានទម្ងន់ ១៥០ គីឡូក្រាម ប្រវែង២,៣ ម៉ែត្រ ។
កាលពីថ្ងៃទី១៩ មីនា កន្លងមក អ្នកស្រុកវាំង ណយមួយក្រុម បានចេញទៅនេសាទត្រីនៅក្នុងស្ទឹងមួយក្បែរបរិវេណទ្វារទឹក «ព្រះឥន្ទ» និងចាប់បានត្រីរ៉ស់យក្សចំនួន៣ក្បាល ដោយ១ក្បាល មានទម្ងន់៣០ គីឡូក្រាម ១ក្បាលទៀត មានទម្ងន់ ៧០ គីឡូក្រាម និងត្រីរ៉ស់យក្សទី៣ មានទម្ងន់ ១៥០គីឡូក្រាម ប្រវែង ២,៣ ម៉ែត្រ រីឯរង្វង់ជុំវិញខ្លួន ១,១៧ ម៉ែត្រ ។
លោក ឈើង សាយស្រ៊ី អនុប្រធានឃុំវាំងណយ ស្រុកវាំងណយ ខេត្តស្រីអាយុធ្យា ដែលដឹកនាំក្រុមអ្នកនេសាទបានឱ្យដឹងថា ក្រោយពីនេសាទបាន មានមនុស្សជាច្រើនមកសុំទិញត្រីរ៉ស់ទម្ងន់ ៧០គីឡូក្រាម ក្នុងតម្លៃ ១៥.០០០បាត គឺប្រហែល ៥០០ ដុល្លារ ។ ចំណែក២ក្បាលទៀត យកទៅរក្សាទុកនៅឯកសិដ្ឋានចិញ្ចឹមត្រីមួយក្នុងខេត្ត និងមានអតិថិជនសុំទិញជាច្រើននាក់ ។ លោក ឈើង សាយស្រ៊ី បញ្ជាក់ថា ត្រីរ៉ស់តូចលក់ក្នុងតម្លៃ១២.០០០បាត គឺប្រហែល ៤០០ដុល្លារ ចំណែកត្រីរ៉ស់យក្សធំជាងគេលក់តម្លៃ ៤០.០០០បាត គឺប្រហែល ១.៣០០ ដុល្លារ ប្រសិនបើទិញសរុបទាំង២ក្បាល លក់ក្នុងតម្លៃ ៥០.០០០ បាត គឺប្រហែល ១.៧០០ ដុល្លារ ៕



ចែករំលែកព័តមាននេះ