រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃអាទិត្យ ទី១១ មីនា កញ្ញា មាស សុខសោភា កញ្ញាឱក សុគន្ធកញ្ញា និងលោកឆាយ វិរៈយុទ្ធ បានឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីនៃកម្មវិធីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកម្សាន្ត Dream Lang ដោយធ្វើឱ្យកក្រើកពេញមណ្ឌលកម្សាន្តតែម្តង ។
យុវតីម្នាក់ដែលទៅឈរថតរូបលោកឆាយ វិរៈយុទ្ធ ឱ្យដឹងថា «ខ្ញុំមកនេះគឺគ្រាន់តែមកដើរកម្សាន្តប៉ុណ្ណោះ តែនៅពេលជួបព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ធ្វើឱ្យខ្ញុំរំជួលចិត្តខ្លាំងណាស់ នៅពេលទៅដល់ទីនោះមានយុវវ័យជាច្រើនបានថតរូបពួកគាត់ និងប្រជ្រៀតគ្នាទៅខាងមុខដើម្បីយកវត្ថុអនុស្សាវរីយ៍ទៅឱ្យពួកគាត់ទាំងបីនាក់នោះ ចំណែកខ្ញុំក៏ដូចគ្នា ខ្ញុំរំភើបណាស់ពេលដែលបានចាប់ដៃពួកគាត់នោះ» ។
នៅក្នុងកម្មវិធីប្រគំតន្ត្រីនោះយុវវ័យជាច្រើនបាននាំគ្នាទៅចោមរោមមើល ហើយពេលតារាចម្រៀងច្រៀងចប់ ឬក៏ពេលរាំនោះ ពួកគេស្រែកហ៊ោសប្បាយគ្រប់ៗគ្នា ជាពិសេសនៅពេលលោកឆាយ វិរៈយុទ្ធ បញ្ចេញក្បាច់រាំអមជាមួយស្រីៗ។ យុវវ័យដែលនៅឈរមើលនៅទីនោះបាននិយាយប្រាប់ភ្នាក់ងារយើងថា «ពិតជារំភើបណាស់បង ខ្ញុំស្ទើរតែមិនជឿថា បានជួបពួកគាត់នៅទីនេះទេ ជាពិសេសនោះបានជួបជាមួយកញ្ញាឱក សុគន្ធកញ្ញា និងមាស សុខសោភា ព្រោះកន្លងមកពួកគាត់មិនដែលឡើងច្រៀងនៅលើឆាកតែមួយជាមួយគ្នាទេ គឺកម្រឃើញណាស់។ បើឱ្យខ្ញុំប្រៀបធៀបនោះ ខ្ញុំមិនដឹងថា មួយណាខ្លាំងជាងមួយណានោះទេ ព្រោះពួកគាត់មានសំឡេងពីរោះ រូបសម្បត្តិសមរម្យ និងនិយាយស្តីទន់ភ្លន់ដូចគ្នាទាំងអស់ពិបាកសម្រេច និងផ្តល់ពិន្ទុឱ្យពួកគាត់ទាំងពីរនាក់នេះណាស់» ។
ឆ្នាំ២០១២ នេះតារាចម្រៀងល្បីជាច្រើននាក់ បាននាំគ្នាឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីជាមួយគ្នាទាំងនៅតាមខេត្ត និងរាជធានីភ្នំពេញ ខុសប្លែកពីឆ្នាំមុនៗនៅពេលមានការប្រគំតន្ត្រីមានតែតារាល្បី១ ឬក៏២នាក់ ឬក៏តារាប្រចាំផលិតកម្មដូចគ្នាប៉ុណ្ណោះ។ សម្រាប់ឆ្នាំថ្មីនេះ តារាល្បីនីមួយៗបានខំប្រឹងកើបលុយបានមិនតិចទេ រហូតដល់មានតារាខ្លះរកតែពេលសម្រាកគ្មាន។ ជាក់ស្តែងគឺជាកញ្ញាឱក សុគន្ធកញ្ញាតែម្តង ដោយថ្មីៗនេះនាងជាប់រវល់កើបលុយរហូតដល់មិនខ្វល់រឿងលើកពានអាណាចក្រតារាឡើយ ។ ជាពិសេសនោះរូបរាងរបស់នាងហាក់បីដូចជាខ្មៅ និងស្គមច្រើនជាងមុនទៀតផង ។ កញ្ញាឱក សុគន្ធកញ្ញា ឆ្នាំនេះទំនងជាកើបលុយបានរាប់ម៉ឺនដុល្លារ នៅក្នុងមួយខែៗ ព្រោះក្រៅពីយីអ៊ុនខ្ពស់ខាងអាជីពចម្រៀងហើយ នាងកំពុងតែលេចមុខជាមួយស្ប៉តពាណិជ្ជកម្មធំ២ គឺកូកាកូឡា និងសាប៊ូកក់សក់សាន់ស៊ីល ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែភ្លឺចែងចាំងជាងមុនបន្ថែមទៀត។
ចំណែកឯរឿងស្នេហាវិញឱក សុគន្ធកញ្ញា ហាក់បីដូចជារង្គោះរង្គើបន្តិចបន្តួច។ អ្នកគាំទ្រនាងឆ្ងល់ តើគូស្នេហ៍នេះអាចរៀបអាពាហ៍ពិពាហ៍បានទេ បើកញ្ញាឱក សុគន្ធកញ្ញា រវល់ច្រើនគ្មានពេលសម្រាប់លោករ៉េត ធីដូណា ដូច្នេះនោះ ។
ចំណែកឯកញ្ញា មាស សុខសោភា វិញ រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសពេលថ្មីៗនេះនាងបានលើកពានរង្វាន់ក្នុងវេទិកាអាណាចក្រតារានៅសាលមហោស្រពកោះពេជ្រដោយបានទទួលតំណែងជាតារាចម្រៀងស្រីវ័យក្មេង សំឡេងលេចធ្លោប្រចាំឆ្នាំ ។ មុននេះមាស សុខសោភា បានបដិសេធអំពីការចាកចេញពីផលិតកម្ម Town ទៅចូលទៅផលិតកម្ម M បន្ទាប់ពីមានវត្តមានកញ្ញាសុគន្ធនីសា ចូលមក។ ទោះបីជាយ៉ាងណាក្តី មួយរយៈពេលក្រោយនេះគេមិនឃើញមានបទចម្រៀងថ្មីៗរបស់នាងនៅក្នុងផលិតកម្ម Town ទេ ។ តើតារាស្រីរូបនេះចាកចេញពីផលិតកម្ម Town មែន ឬក៏យ៉ាងណា មានតែចាំមើលទៀតទេ ។
បើនិយាយពីលោកឆាយ វិរៈយុទ្ធ វិញ ឆ្នាំថ្មីនេះបានទទួលការគាំទ្រច្រើនគួរសមដែរ ចំពោះបទចម្រៀងរបស់លោក ដូចជាបទ មានសង្សារជាតារា, អរគុណអូនដែលស្នេហ៍បង និងបទច្រើនទៀតដែលបទនីមួយៗសុទ្ធតែទទួលបានការគាំទ្រ ។ នៅថ្ងៃទី១៣ និង១៤ មីនា លោកចេញទៅច្រៀងនៅខេត្តតាកែវ ។ អ្វីដែលពិសេសនោះគឺមិត្តអ្នកគាំទ្រលោកបានសរសើរមិនដាច់ពីមាត់ថា លោកសង្ហាជាងមុនទៀតផង៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ