រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ មីនា២០១២ ដោយជាប់ពាក់ព័ន្ធថា បានពង្រត់កូនក្រមុំនាយទាហានចេញពីផ្ទះទៅរួមរ័កអស់រយៈពេល១ខែ ទើបរកឃើញកន្លែងស្នាក់នៅ ។
យុវជនដែលកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ខ្លួននេះមានឈ្មោះមាស គឹមហេង ហៅពៅ អាយុ១៨ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាសិស្ស ។ ពុំមានព័ត៌មានផ្លូវការណាមួយបញ្ជាក់អំពីអង្គហេតុនៃការឃាត់ខ្លួនយុវជនឈ្មោះមាស គឹមហេង ហៅពៅ ឱ្យបានច្បាស់លាស់នោះទេ គ្រាន់តែប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនឈ្មោះមាស គឹមហេង ហៅពៅ កាលពីថ្ងៃទី៦ កុម្ភៈ ២០១២ បានទូរស័ព្ទទំនាក់ទំនងជួបជាមួយនាង អ.ម.ទ អាយុ១៣ឆ្នាំ ជាសិស្សមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ដែលជាកូននាយទាហានជាន់ខ្ពស់ម្នាក់ចេញពីផ្ទះ និងទៅជាមួយគ្នាបាត់ទៅ ។
តាមប្រភពឱ្យដឹងទៀតថា គឹមហេង បានពង្រត់នាង អ.ម.ទ ពីភ្នំពេញ តាមរបៀបជាគូស្នេហ៍ក្មេងខ្ចីទៅជួលផ្ទះសំណាក់មួយក្នុងភូមិស្លក្រាម ខេត្តសៀមរាប ស្នាក់នៅដូចប្តីប្រពន្ធចាប់ពីថ្ងៃទី៦ កុម្ភៈ ដល់ថ្ងៃទី២ មីនា ។ ក្រោយមកអាណាព្យាបាលស៊ើបដឹងពីកន្លែងពួកគេស្នាក់នៅក៏ប្តឹងសមត្ថកិច្ចតាមរកចាប់ខ្លួនប្រគល់ជូនតុលាការ និងរំដោះនាងអះអាងថា ជនរងគ្រោះជូនឪពុកម្តាយវិញ ។ ក្រោយពីបាត់ខ្លួនកូនស្រីរបស់លោកនាយទាហានពីផ្ទះនោះគឺរយៈពេលជិតមួយខែ ទើបលេចឮថា គេកំពុងស្នាក់នៅខេត្តសៀមរាប ម៉្លោះហើយអាណាព្យាបាលនាងបានដាក់ពាក្យបណ្តឹងទៅការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជននៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ