ខេត្តប៉ៃលិន ៖ បុរសវ័យក្មេងរូបស្រស់សង្ហាម្នាក់ដែលទើបតែរៀបការរួច នៅយប់ថ្ងៃផ្សំដំណេកមិនបានចូលទៅក្នុងបន្ទប់ដេកជាមួយកូនក្រមុំទេ បែរជាទៅដេកកៀកកើយប្រលោមស្នេហ៍ជាមួយសង្សាចាស់នៅខាងក្រៅបន្ទប់ក្នុងផ្ទះរបស់កូនក្រមុំទៅវិញ ដោយទុកឱ្យនាងដេកឱបខ្នើយយំសោកសង្រេងឯកោតែម្នាក់ឯងស្ទើរគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ ។ គួរឱ្យហួសចិត្តថែមទៀត ដោយសារពេលការរួចមិនទាន់ទាំងរើរោងដឹកយកទៅឱ្យគេ និងមិនទាន់បានគិតគូរទូទាត់លាត់សើយចំណងដៃសងការជំពាក់ថ្លៃកក់តុ ភ្នួង ជាងថត និងថ្លៃឧបករណ៍ភ្លេង ព្រមទាំងមិនទាន់បានសងថ្លៃជំពាក់របស់របរគេមួយចំនួនទៀតផង ស្រាប់តែព្រឹកឡើងប្តីវ័យក្មេងនេះ បាននាំសង្សារត់គេចខ្លួនបាត់ស្រមោល ។
បុរសរូបនេះឈ្មោះឡាច សុផូ អាយុ២០ឆ្នាំ ជាជាងជួសជុលម៉ូតូនៅផ្សារប៉ាហ៊ី រស់នៅក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ឯខាងកូនស្រីឈ្មោះមួន ឆយី អាយុ១៦ឆ្នាំ ។ ការរត់ចោលកូនក្រមុំនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ កន្លងមក ។ លុះរង់ចាំមើលផ្លូវពីខាងកូនប្រុសអស់រយៈពេល៤ថ្ងៃមិនបានឮដំណឹងសូម្បីតែបន្តិចសោះ ទើបគ្រួសារខាងកូនស្រីបានចេញមុខបកស្រាយប្រាប់កោះសន្តិភាពនៅថ្ងៃទី៣ មីនា ជុំវិញរឿងរ៉ាវនេះ។
អ្នកស្រីជាម្តាយបាននិយាយដោយកំហឹងថា មុនពេលរៀបការ កូនកំលោះបានចាប់រំលោភកូនរបស់គាត់ម្តងរួចទៅហើយ បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យនឹងគ្នាប្រហែល១ខែ ។ ថ្ងៃមួយ ម្តាយខាងកូនប្រុសសុំឱ្យកូនស្រីរបស់គាត់ទៅដើរលេង ទៅមើលគេរាំនៅក្នុងវត្តបតាំងស៊ូ ដោយសុំឱ្យកូនស្រីសម្រាកលេងនៅទីនោះនិងចាំឱ្យកូនប្រុសជូនមកផ្ទះវិញ ។ លុះកូនស្រីដើរលេងជាមួយគូដណ្តឹងរបស់នាងរហូតដល់ម៉ោង៩យប់ស្រាប់តែម្តាយខាងកូនប្រុសទូរស័ព្ទប្រាប់គាត់ថាសុំឱ្យកូនស្នាក់នៅផ្ទះនេះមួយយប់ និងសន្យាប្រាប់គាត់ថា មិនឱ្យកូនប្រុសប៉ះពាល់ឬលូកលាន់អ្វីដល់គូដណ្តឹងនោះទេ ។ ស្ត្រីជាម្តាយបានបន្តដោយនិយាយខ្លាំងៗថា ព្រោះតែគាត់ទុកចិត្តម្តាយខាងកូនប្រុសថាជាមនុស្សល្អនិងយល់ជាដន្លងនៅពេលអនាគត ដោយបាននិយាយធានាអះអាងដោយសម្តីផ្អែមថាមិនឱ្យកូនប្រុសមកប៉ះពាល់ឬលូកលាន់អ្វីដល់កូនស្រីរបស់គាត់មុនពេលរៀបការនោះឡើយ ទើបរូបគាត់អនុញ្ញាតឱ្យកូនស្រីដេកនៅទីនោះតាមការសុំ ។ ស្រ្តីជាម្តាយបានបន្តទៀតថា ពេលនោះរូបគាត់មិនដឹងថា គូដណ្តឹងរបស់នាងបានចាប់រំលោភកូនគាត់ទេ ។ លុះបានប្រហែលជាកន្លះខែក្រោយមកស្រាប់តែភាគីខាងកូនប្រុសមកសុំផ្តាច់ពាក្យ ទើបរូបគាត់នឹកឆ្ងល់ពីការផ្តាច់ពាក្យនោះ ក្នុងចិត្តថា នៅសុខៗហេតុអ្វីបានជាគេសុំផ្តាច់ពាក្យ ។ ណាមួយមិនដែលមានជម្លោះអ្វីនឹងគ្នាសោះ ព្រោះមិនដឹងថាគេរំលោភកូនស្រីរបស់គាត់ទេ ទើបគាត់និយាយថាបើសុំផ្តាច់ពាក្យក៏ផ្តាច់ទៅចុះ ។ ពេលនោះកូនស្រីរបស់គាត់ដែលមិនដឹងរឿងថា គូដណ្តឹងគេមកផ្តាច់ពាក្យក៏ស្ទុះរត់ចេញពីផ្ទះបាយយ៉ាងលឿន ហើយធ្វើទឹកមុខមាំដោយនិយាយថា អ្នកឯងឱ្យកូនប្រុសមកចាប់រំលោភខ្ញុំ នៅយប់ដែលបានសុំឱ្យដេកនៅផ្ទះអ្នកឯង ដូច្នេះមិនអាចផ្តាច់ពាក្យបានទេ បើផ្តាច់ពាក្យខ្ញុំនឹងប្តឹង ។
អ្នកស្រីជាម្តាយខាងកូនស្រីបានបន្តថា ពេលនោះរូបគាត់ក៏ស្រឡាំងកាំងស្ទើរតែគាំងបេះដូងដួល ហើយយកដៃគក់ទ្រូងខ្លាំងៗដោយភ្ញាក់ខ្លួន ព្រោះនឹកស្មានមិនដល់ថា ម្តាយខាងកូនកំលោះសុំឱ្យកូនរបស់គាត់ដេកបែរជាបណ្តោយឱ្យកូនរបស់ខ្លួនចាប់រំលោភកូនស្រីរបស់គាត់ទៅវិញ ។ ពេលនោះរូបគាត់ក៏បានមកប្រាប់មេភូមិ និងចៅសង្កាត់ ដើម្បីធ្វើការប្តឹងប្តល់ពីបទរំលោភកូនស្រីរបស់គាត់ តែក្រោយមកទៀតមេភូមិ ចៅសង្កាត់បានសម្រួលភាគីទាំងសងខាង ដោយឱ្យខាងកូនប្រុសមករៀបការជាមួយកូនស្រីវិញ ព្រោះមិនចង់ឱ្យមានការប្តឹងប្តល់គ្នាអ្វីនោះឡើយ ដោយរូបគាត់បង្គាប់យកថ្លៃទឹកដោះចំនួន២.១១៩ដុល្លារអាមេរិក ។
យុវតីអភ័ព្វស្នេហ៍បាននិយាយថា លុះដល់ថ្ងៃចូលរោងការ កូនកំលោះដែលជាគូដណ្តឹងរបស់ខ្លួនមិនដឹងជាបាត់ទៅណាទេ ដោយជិះម៉ូតូដើរលេងជាមួយសង្សាររបស់គេឈ្មោះរដ្ឋ អាយុប្រហែល១៨ឆ្នាំ និងជិះម៉ូតឱបចង្កេះគ្នាពីក្រោយបង្ហាញគេឯងមើលរហូតមកដល់ម៉ោង៤ រសៀល ។ ពេលអ្នកភ្នួងប្រកាសឱ្យដើររកកូនកំលោះមករៀបចំតែងខ្លួន មិនឃើញស្រមោលទាល់តែសោះ ។ ស្រាប់តែមួយស្របក់ក្រោយមកទើបឃើញលេចមុខជាមួយស្រីម្នាក់នោះ ដែលគេបាននិយាយអះអាងថា ជាប្អូនធម៌ ។ តែប្អូនធម៌អ្វីក៏ចិត្តល្អម្ល៉េះឱបថើបគ្នានៅក្រោយរោងការ និងឱបថើបគ្នានៅកន្លែងស្ងាត់ ដែលនាងលបមើលឃើញ ។
ខាងកូនស្រីបានរៀបរាប់បន្តទៀតថា នៅពេលពិសាភោជនាហាររួច ជាយប់ដែលគេរាំលេងកម្សាន្តសប្បាយ ស្រាប់តែកូនកំលោះកាងការពារស្រីរបស់ខ្លួនជាប់ មិនឱ្យអ្នកណាម្នាក់រាំនៅក្បែរនាងឡើយ ថែមទាំងយកដែកថ្នាំងអំពៅសៀតនៅនឹងចង្កេះបម្រុងប៉ងអាក្រក់ដាក់នរណាម្នាក់បើសិនលូកលាន់ស្រីរបស់គេ ។ ក្រោយពេលរាំរែករួចដល់ម៉ោងសម្រាកប្តីរបស់នាងមិនបានចូលទៅដេកជាមួយនាងនៅក្នុងបន្ទប់ទេ បែរជាឱ្យនាងចងមុងឱ្យឪពុកម្តាយរបស់គេដេក ព្រមទាំងស្រីរបស់ខ្លួនដែរ ហើយពួកគេទាំង២នាក់បានដេកឱបគ្នារហូតដល់់ភ្លឺ ។ នាងបាននិយាយបញ្ជាក់ថា ស្ត្រីជាសង្សាររបស់ប្តីនាងនោះ បានមកតាមឆាឆៅរូបនាងរហូតតាំងពីថ្ងៃចូលរោងការម៉្លេះ ដោយពួកគេជិតស្និទ្ធនឹងគ្នាខុសប្លែកពីធម្មតា ។ ពួកគេទៅណាមកណាតែ២នាក់ ហើយនៅពេលមកតុបតែងខ្លួនពួកគេទាំង២នាក់បានឱបថើបគ្នានៅមុខអ្នកភ្នួងធ្វើឱ្យគេភ្ញាក់ផ្អើលគ្រប់គ្នា ម៉្យាងទៀតក្រោយពីផ្លាស់សម្លៀកបំពាក់រួចពួកគេឆ្លៀតពេលទៅឱបថើបគ្នាទៀត ។
ប្រភពបន្តទៀតថា ចំណែករូបនាងវិញដេកសម្រក់ទឹកភ្នែកជោកខ្នើយរហូតទល់ព្រឹក ។ លុះដល់ថ្ងៃបន្ទាប់នៅវេលាម៉ោង៦ព្រឹកស្រាប់តែប្តីរបស់នាងដែលរៀបការរួចចេញទៅជាមួយស្រីរបស់គេបាត់មិនដឹងជាទៅណាទេ សូម្បីតែនិយាយមួយម៉ាត់ប្រាប់ថាទៅណាមកណាក៏មិនប្រាប់ដែរ ។ នាងបានបញ្ជាក់ទៀតថា រូបនាងឈឺចាប់ខ្លាំងណាស់ ដោយគេយកស្រីមកឱបនៅនឹងមុខបញ្ឈឺ ធ្វើឱ្យកិត្តិយសរបស់នាងធ្លាក់ចុះដល់បាតដាល ។ និយាយរួមទៅរូបនាងមិនចង់រស់នៅទៀតទេ រស់ក៏គ្មានតម្លៃអ្វីឡើយ គឺខ្លួន រងកេរ្តិ៍ឈ្មោះដ៏ស្អុយអសោច៍ តែដោយសារម្តាយឪពុកចេះតែឃាត់និងលួងលោម ព្រមទាំងលើកទឹកចិត្តថាប្រុសពេញដី ស្រីពេញនគរ ហើយពួកគាត់លើកទឹកចិត្តបន្ថែមទៀតថា ទោះជាគេមេម៉ាយកូន១០នាក់ក៏អាចរកប្តីបានដែរ ។ រីឯរូបនាងវិញមិនទាន់មានអ្វីចោទធ្ងន់ធ្ងរនោះទេ អាចរកថ្មីបានល្អជាងមុន១០០ដងទៅទៀត ទើបបានជានាងសម្រេចចិត្តថាមិនគិតអ្វីផ្តេសផ្តាសឡើយ និងតាំងចិត្តឱ្យបរិសុទ្ធដដែល ។
ស្រ្តីឈ្មោះអៀត ភ័ក្ត ជាម្តាយរបស់កូនកំលោះបាននិយាយថា កូនគាត់ឈ្មោះឡាច សុផូ មិនបានរត់ចោលកូនក្រមុំនោះទេ គឺបានទៅហូបការមិត្តភក្តិនៅបាត់ដំបង ។ រឿងកូនប្រុសគាត់និងកូនក្រមុំនេះបានឈ្លោះប្រកែកគ្នា២ទៅ៣ដងមកហើយ ដោយសារតែមាត់ខាងកូនស្រីចេះតែរប៉ិលរប៉ូច ដើរនិយាយអាក្រក់ពីកូនប្រុសគាត់ ។ ស្រ្តីរូបនេះបានបន្តថា បន្ទាប់ពីកូនរបស់គាត់ទៅហូបការគេនៅបាត់ដំបងរួច ខាងកូនក្រមុំបានទូរស័ព្ទសួររកកូនរបស់គាត់ដែរ តែរូបគាត់ប្រាប់ថាវាទៅហូបការមិត្តភក្តិដែលគេខំមកជួយក្នុងពិធីការ។ តាមព័ត៌មានបានអះអាងថា រឿងរ៉ាវដែលកើតឡើងចំពោះ កូនប្រុសស្រីទាំង២នាក់មានច្រើនណាស់ ដែលហេតុការណ៍ទាំងអស់នោះត្រូវបានកត់ត្រានៅផ្ទះលោកប្រធានភូមិ ។ ម្យ៉ាងទៀតឪពុកម្តាយខាងកូនស្រីពេលដែលគ្រួសារគាត់ចូលស្តីដណ្តឹងរួចហើយ គឺតែងតែគំរាមរកបាញ់សម្លាប់គ្រួសារគាត់ បើមិនរៀបការ ឆាប់ៗនោះទេ ។ មួយទៀតកូនប្រសាស្រីរបស់គាត់កាចឆ្នាស់ណាស់ ចូលចិត្តប្រចណ្ឌរករឿងដល់កូនរបស់គាត់រហូត ។ ក្រោយពេលដណ្តឹងរួចហើយគេនៅតែបង្ខំឱ្យរៀបការឆាប់ៗ រូបគាត់បានប្រាប់ថា កុំអាលការអី ចាំប្រមូលផលពោតឱ្យរួចរាល់សិនតែខាងកូនស្រីនៅតែមិនស្តាប់ ។
លោកឡុង បៀ ជាមេភូមិបតាំងស៊ូបានបំភ្លឺថា ការចូលស្តីដណ្តឹងគេហើយក្រោយមកចង់ដោះដៃ និងមានរឿងជាមួយគ្នាជាច្រើនលើកច្រើនសា មិនមែនជារឿងដែលពួកគេស្រឡាញ់គ្នាពិតប្រាកដនោះទេ ។ បន្ទាប់ពីឪពុកម្តាយខាងកូនប្រុសចូលស្តីដណ្តឹង កូនស្រីពួកគេត្រូវរ៉ូវគ្នាធម្មតាទេ តែរឿងពួកគេឆ្គងពាក្យសម្តីគ្នា គឺចាប់ពីលេចឮរឿងថា កូនកំលោះលូកលាន់កូនក្រមុំហើយចង់ដោះដៃវិញ ។ លោកមេភូមិនិយាយថាគូស្នេហ៍ទាំង២នាក់មិនបានស្រឡាញ់គ្នាពីមុនមកទេ តែដោយឪពុកម្តាយខាងកូនប្រុសជាអ្នកចូលទៅស្តីដណ្តឹងកូនស្រីតាមផ្លូវច្បាប់ និងមួយរយៈពេលចុងក្រោយមកស្រាប់តែខាងកូនប្រុសសុំផ្តាច់ពាក្យវិញ ។ ពេលនោះខាងកូនប្រុសទៅនិយាយប្រាប់ខាងកូនស្រី ដោយចង់សុំផ្តាច់ពាក្យទើបខាងកូនស្រីបាននិយាយថា រឿងផ្តាច់ពាក្យគឺមិនអាចទៅរួចទេ ព្រោះពួកគេទាំងពីរនាក់បានជ្រុលជ្រួសអស់ទៅហើយ ប៉ុន្តែគាត់ជាភាគីកូនស្រីមិនប្រកាន់ព្រោះអនាគតពួកគេជាប្តីប្រពន្ធនឹងគ្នា។
ប៉ុន្តែដល់ក្រោយមករូបគាត់ជាមេភូមិបានសម្របសម្រួលឱ្យពួកគេថា ត្រូវតែរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ។ លុះក្រោយពេលរៀបការរួចស្រាប់តែកូនកំលោះមកដេកជាមួយឪពុកម្តាយរបស់ខ្លួន ហើយនាំគ្នាចេញពីផ្ទះខាងស្រីចាប់តាំងពីថ្ងៃរៀបការរួច ៕
ចែករំលែកព័តមាននេះ