ខេត្តកំពត ៖ អំពើហិង្សាមួយបានកើតឡើងដោយសារការប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយនឹងបងធម៌ជាមន្ត្រីនគរបាលម្នាក់កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ កុម្ភៈ ២០១២ ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ បណ្តាលឱ្យប្រពន្ធរងនូវទារុណកម្មយ៉ាងខ្លាំង ឯបងធម៌ត្រូវបានជនដៃដល់ទាញកាំបិតកាប់ផ្ទួនៗចំនួន៧កាំបិត បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ។
តាមសម្តីជនរងគ្រោះឈ្មោះហង្ស វ៉ាន់ ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិបី និងជាបងធម៌របស់ជនដៃដល់បានឱ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុខ្លួន និងឈ្មោះសុខ ទីន ជាជនដៃដល់ ព្រមទាំងស្ត្រីរងគ្រោះឈ្មោះសួន ចិន្តា ជាប្រពន្ធជនដៃដល់បាននាំគ្នាទៅចូលរួមពិធីជប់លៀងផឹកទឹកត្នោតជូរ និងច្រៀងខារ៉ាអូខេនៅផ្ទះមិត្តភក្តិជាគ្រូបង្រៀនម្នាក់ស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ។ ក្រោយពីហូបចុកច្រៀងលេងបានមួយសន្ទុះឈ្មោះទីន ក៏លួចចេញទៅផ្ទះមុនដោយពុំបាននាំប្រពន្ធទៅ ជាមួយទេ រហូតដល់ម៉ោង១១និង១០នាទី ទើបចប់កម្មវិធី ហើយខ្លួនក៏ជូនប្អូនធម៌ទៅផ្ទះ ។ គ្រាន់តែជូនប្អូនដល់ផ្ទះភ្លាមជនដៃដល់ក៏ចាប់ផ្តើមវាយទាត់ធាក់ប្រពន្ធយ៉ាងចាស់ដៃ ។ ឃើញដូច្នេះខ្លួនក៏ស្ទុះទៅឃាត់ ព្រមទាំងអង្វរអ្នកទាំងពីរថា កុំវាយគ្នា ខុសត្រូវអ្វីនិយាយគ្នាតាមសម្រួលទៅ។ និយាយមិនទាន់ចប់ផង ឈ្មោះសុខ ទីន ឈប់វាយប្រពន្ធក៏ទាញកាំបិតប៉័ងតោកាប់ក្បាលលោកផ្ទួនៗចំនួន៧កាំបិតបែកឈាមហូរស្រោចពេញខ្លួន រួចរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុទាំងយប់ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានបញ្ជូនជនរងគ្រោះទៅពេទ្យ ដើម្បីសង្គ្រោះ។ រីឯស្ត្រីជាប្រពន្ធរបស់ជនដៃដល់ត្រូវនគរបាលបាននាំទៅប៉ុស្តិ៍ដើម្បីសួរនាំ ៕
ចែករំលែកព័តមាននេះ