រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេររ៉ូស៊ីងហ្គាមិន មានទីតាំងនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានបន្តធ្វើកូដកម្ម នៅព្រឹកថ្ងៃទី២៧ កុម្ភៈ ដោយការចាក់ធុងបាស់រាំលេងយ៉ាងសប្បាយរីករាយហាក់ដូចជាមិនខ្វាយខ្វល់អ្វីឡើយ តែធាតុពិតក្នុងបេះដូងកំពុងពុះកញ្ជ្រោល។
នេះជាថ្ងៃទី៥ ហើយដែលកម្មករ កម្មការិនីរោងចក្របាននាំគ្នាធ្វើកូដកម្ម ។ ទោះបីជាយ៉ាងណាការធ្វើកូដកម្មនេះដោះស្រាយពុំទាន់ចប់ទេ ហើយកម្មករប្រមាណ៥០ភាគរយបាននាំគ្នាចូលធ្វើការវិញ ឯ៥០ភាគរយទៀតនៅបន្តធ្វើកូដកម្ម ។
រោងចក្រកាត់ដេររ៉ូស៊ីងហ្គាមិននេះ មានកម្មករ កម្មការិនីចំនួន៤.២៧១នាក់ បានធ្វើកូដកម្មកាលពីថ្ងៃទី២២ កុម្ភៈ កន្លងមក ដោយពួកគេបានឈរត្រៀមត្រានៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៩ចំណុច ។ ការទាមទារនោះមានការជួបដោះស្រាយពីតំណាងសហជីព និងនាយកដ្ឋានវិវាទការងារនៃក្រសួងការងារជាមួយតំណាងរោងចក្រសម្រេចបាន៧ចំណុចនៅសល់តែ២ចំណុចទេ ។ ចំណុចដែលមិនទាន់មានការឯកភាពគ្នា គឺចំណុចកម្មករទាមទារប្រាក់រង្វាន់បន្ថែមរហូតដល់១២ដុល្លារ តែខាងរោងចក្រឱ្យតែ១០ដុល្លារ ក្នុង១ខែ និងចំណុចមួយទៀតកម្មករទាមទារប្រាក់ថ្លៃឈ្នួលផ្ទះ និងថ្លៃធ្វើដំណើរចំនួន១០ដុល្លារក្នុងមួយខែ តែខាងរោងចក្រមិនព្រមទទួលយកដោយចោទថា ខុសច្បាប់ ។
តាមសម្តីកម្មករបានឱ្យដឹងថា មូលហេតុដែលពួកគេមិនព្រមចូលធ្វើការ ដោយសារតែក្រុមហ៊ុនមិនទទួលយកសំណើពួកគេតាមការស្នើសុំពីតំណាងសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា ។ ទោះបីជាយ៉ាងណាការធ្វើកូដកម្មនេះត្រូវបានខាងរោងចក្រអះអាងថា មកពីមានការញុះញង់ពីសហព័ន្ធសហជីពខាងក្រៅ ។
តាមសម្តីកម្មករបន្តទៀតថា រយៈពេល៥ថ្ងៃមកហើយដែលកម្មករបាននាំគ្នាធ្វើកូដកម្ម ហើយដើម្បីចៀសវាងការប្រើហិង្សា តំណាងកម្មករបានជួលធុងបាស់ចាក់ឱ្យកម្មករ កម្មការិនីរាំលេងនៅមុខរោងចក្រ ដើម្បីរំសាយកំហឹងទុកពេលឱ្យតំណាងជាអ្នកចេញមុខស្វែងរកដំណោះស្រាយដោយសន្តិវិធី ។ កម្មករ កម្មការិនីបាននាំគ្នារាំសប្បាយតាំងពីព្រឹកថ្ងៃសោរ៍ ទី២៥ កុម្ភៈ រហូតដល់យប់ និងនៅព្រឹកថ្ងៃទី២៧ កុម្ភៈ បាននាំគ្នាចាក់ធុងបាស់រាំលេងបន្តទៀត ។
គួរបញ្ជាក់ថា កម្មករ កម្មការិនីរាប់សិបនាក់បាននាំគ្នារាំញាក់យ៉ាងពពាក់ពពួន និងមួយចំនួនទៀតបាននាំគ្នាឈរមើល និងស្រែកហ៊ោយ៉ាងកងរំពង ៕
ចែករំលែកព័តមាននេះ