រាជធានីភ្នំពេញ ៖ លោកគង់ វិសាល អ្នកដឹកនាំសម្តែងក្រុមតារាវ័យក្មេងប្រចាំស្ថានីយទូរទស្សន៍បាយ័ន បានសម្រេចចិត្តចាប់ដៃជាមួយយុវតីក្នុងត្រកូលអ្នកធូរធារម្នាក់ចូលរោងការទៅតាមគន្លងប្រពៃណីនៅថ្ងៃទី១៧ មករា ២០១២ ស្អែកនេះ នៅវិមានពេជ្រចរណៃ ឬមណ្ឌលវប្បធម៌រាជធានីភ្នំពេញ ដែលគ្រោងនឹងសម្បូរទៅដោយភ្ញៀវសិល្បករ សិល្បការិនី អ្នកកាសែត មន្ត្រីរាជការ និងអ្នកជំនួញចូលរួមច្រើនកុះករផ្តល់ជោគជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការមហាប្រសើរដល់គូស្វាមីភរិយាថ្មោងថ្មីនេះ។
ភរិយាថ្មីថ្មោងរបស់លោកគង់ វិសាល គឺ កញ្ញាហេង ហៀង អាយុ១៨ឆ្នាំ ជានិស្សិតនៅសាលា ELT ជាកូនមន្ត្រីរាជការថ្នាក់កណ្តាល និងម្តាយជាអ្នកជំនួញគ្រាន់បើម្នាក់។ លោកគង់ វិសាល អ្នកដឹកនាំ កម្មវិធីតន្ត្រីយុវវ័យ ដែលមានបទពិសោធន៍រយៈពេល១៤ឆ្នាំ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន បន្ទាប់ពីបញ្ចប់ជីវិតសោកសៅជាមួយកញ្ញាពេជ្រ សេរីរ័ត្ន រយៈពេលប្រមាណ៦ខែមកនេះ បានមានប្រសាសន៍ឱ្យដឹងថា ភ្ញៀវពន្លឺរបស់លោកដែលត្រូវមកចូលរួមអបអរសាទរ គឺប្រមាណជាង៨០០នាក់ ព្រោះ លោកបានកុម្ម៉ង់តុការ៨០តុ និងសឺគួរ៥តុ (បម្រុង) ។
លោកគង់ វិសាល ធ្លាប់ជាដៃគូរស់រវើកជាមួយកញ្ញាពេជ្រ សេរីរ័ត្ន អតីតពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័នផងដែរនោះ ត្រូវបានគេដឹងថា អ្នកទាំង២ធ្វើកិច្ចការពាក់ព័ន្ធនឹងតារាជាមួយគ្នា៤-៥ឆ្នាំមកហើយ និងបន្តិចម្តងៗ ភាព ស្និទ្ធស្នាលបានទម្លាយរនាំងមិត្តភាព ចូលទៅក្នុងទីលានស្នេហា ដែលពោរពេញទៅដោយភាពផូរផង់ ហើយមាន បំណងចាប់ដៃគ្នាជាគូជីវិតផងដែរ ប៉ុន្តែស្តាយណាស់ស្រាប់តែព្យុះកម្មបក់ដេញបាត់ផ្កាមួយទងទៅវិញ គឺកញ្ញាពេជ្រ សេរីរ័ត្ន ត្រូវបានគេឆក់យកទៅបាត់។
ឆ្លើយនឹងសំណួរថា តើលោកបំភ្លេចពេជ្រ សេរីរ័ត្ន បានហើយឬនៅ? តើលោកជម្នះការឈឺចាប់បានហើយមែនទេ? លោកគង់ វិសាល អ្នកដឹកនាំតារាវ័យក្មេងបានថ្លែងជា របៀបអ្នកកវីនិពន្ធថា មនុស្សយើងគ្រប់រូបតែងមានអតីតកាលរបស់ខ្លួន ហើយយើងត្រូវទទួលស្គាល់ថា មានរឿងខ្លះឱ្យចងចាំ យើងពិបាកចងចាំណាស់ ប៉ុន្តែនៅពេលចងចាំហើយ បែរជាពិបាកបំភ្លេចទៅវិញ…យ៉ាងណាមិញ ការបំភ្លេចមនុស្សម្នាក់ដែលខ្លួនស្រឡាញ់វាក៏ដូច្នោះដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ យើងត្រូវសួរខ្លួនឯងថា តស៊ូដល់ណា? អ្នកណាឆ្លងឆ្លើយ? មានតែលាហើយអនុស្សាវរីយ៍ទាំងឡាយអើយលាទាំងអាល័យ។
លោកគង់ វិសាល បញ្ជាក់ថា រថយន្តក្រុងមួយចេញទៅផុត នៅសល់រថយន្តក្រោយទៀត នឹងមកដល់ ចាំបាច់ខ្វល់ឈឺចាប់អ្វី…ដូច្នេះយើងត្រូវតែព្យាយាមផ្តល់ឱកាសឱ្យខ្លួនឯង និងជ្រើសរើសគូជីវិតថ្មី ដូចជាភរិយារបស់លោករៀបការពេញច្បាប់នាពេលនេះអ៊ីចឹង ៕



ចែករំលែកព័តមាននេះ