រាជធានីភ្នំពេញ ៖ ចោរ២នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម តាមភ្ជង់ប្លន់ស្ត្រី២នាក់បងប្អូនដោះយកខ្សែ.កមាសទៅបាត់ដោយបាញ់គំរាម២គ្រាប់ បង្កឱ្យមានការភ័យរន្ធត់ និងភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ធ្នូ ២០១១ នៅភូមិក្រោលគោ ផ្លូវឆ្ពោះទៅវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ខណៈស្ត្រីទាំង២នាក់នោះវិលត្រឡប់មកពីផ្សារ។ ស្ត្រីរងគ្រោះម្ចាស់ខ្សែ.កឈ្មោះទី ស្រូន អាយុ៣៧ឆ្នាំ និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណើរ និងត្រូវជាបងប្អូនគ្នាឈ្មោះកែវ មុនី អាយុប្រហាក់ប្រហែលគ្នា ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ គឺ ចោរតាមប្លន់ ខណៈពួកនាងជិះម៉ូតូតាមផ្លូវ វិលត្រឡប់មកពីទិញម្ហូប និងអីវ៉ាន់នៅផ្សារឆេភូ ឬផ្សារគីឡូម៉ែត្រលេខ៦។
ស្ត្រីរងគ្រោះឈ្មោះទី ស្រូន បានឱ្យដឹងថា ដំបូង ឡើយ ចោរទាំង២នោះជិះម៉ូតូកៀរឱ្យពួកនាងឈប់ រួចហើយដកកាំភ្លើងបាញ់ឡើងលើ១គ្រាប់គំរាម ដែលធ្វើឱ្យនាងហាក់ដូចជាដឹងខ្លួនមុនក៏យកដៃខ្ទប់បាំងខ្សែ.ក ប៉ុន្តែចោរនោះបាញ់បង្ហើរលើក្បាល១គ្រាប់ទៀត ស្រែកបញ្ជាឱ្យនាងដកដៃចេញរួចហើយកញ្ឆក់យកខ្សែ.កតែម្តង។ ខ្សែ.កមាសដែលចោរ២នាក់ដោះយកទៅនោះមានទម្ងន់១តម្លឹង២ជី ហើយភ្លាមនោះចោរបានបើកម៉ូតូគេចខ្លួនទៅបាត់ស្រមោលមិនរំខានដល់ប៉ូលិសទេ បើទោះណាពេលនេះប៉ូលិសបានមកត្រួតពិនិត្យយកន្លែងកើតហេតុក៏ដោយ៕ ជលធា
ចែករំលែកព័តមាននេះ