ការប្រឡងបវរកញ្ញាចក្កវាឡឆ្នាំ២០១១ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងសាវប៉ូឡ ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ ទី១២ កញ្ញា បានបញ្ចប់ក្រោមបរិយាកាសដ៏សប្បាយរីករាយ។ ក្រោយពីឆ្លងកាត់ការប្រឡងគ្រប់វិញ្ញាសាទាំងអស់ចៅក្រមទាំង៩រូបបានប្រកាសលទ្ធផលជាផ្លូវការដោយផ្តល់តំណែងជ័យលាភីគ្រងមកុដបវរកញ្ញាឯកចក្កវាឡឆ្នាំ២០១១ ទៅឱ្យកញ្ញាឡេឡា ឡូប៉ែស (Leila Lopes) មកពីប្រទេសអង់ហ្គោឡា។
បវរកញ្ញាវ័យ២៥ឆ្នាំ របស់អង់ហ្គោឡា បានយកឈ្នះលើបេក្ខនារី៨៨រូបដែលចូលរួមប្រឡងនៅឆ្នាំ នេះ ហើយបានចូលមកជំនួសតំណែងបវរកញ្ញាចក្កវាឡ២០១០ នាង Ximena Navarrete របស់ប្រទេសម៉ិកស៊ិក ។ ចំណែកឯបវរកញ្ញាចក្កវាឡជាប់ចំណាត់ថ្នាក់លេខ២ បានទៅលើបវរកញ្ញាមកពីប្រទេសអ៊ុយក្រែន ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសប្រេស៊ីល ចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសហ្វ៊ីលីពីន និងចំណាត់ថ្នាក់លេខ៥ បានទៅលើបវរកញ្ញាមកពីប្រទេសចិន ។
ដោយឡែកពានរង្វាន់ពិសេសបីទៀតត្រូវបានប្រគល់ទៅឱ្យបវរកញ្ញារបស់ប្រទេសម៉ុងតេណេហ្គ្រោ គឺពានរង្វាន់បវរកញ្ញាដែលមានបុគ្គលិកលក្ខណៈល្អ បវរកញ្ញាស៊ុយអែត ជាប់ពានរង្វាន់ជាបវរកញ្ញាថតរូបស្អាត និងបវរកញ្ញាប៉ាណាម៉ាជាប់ពានរង្វាន់ផ្នែកសម្លៀកបំពាក់បុរាណតំណាងប្រទេស ។
ក្រោយពីបានគ្រងមកុដបវរកញ្ញាចក្កវាឡឆ្នាំ២០១១ នាងឡេឡា ឡូប៉ែស បាននិយាយថា៖ ខ្ញុំសូមអរគុណដល់ព្រះដែលបានបង្កើតរូបសម្ផស្សស្រស់ស្អាតពីធម្មជាតិរបស់ខ្ញុំ ខ្ញុំមិនបានធ្វើការកែសម្ផស្សអ្វីបន្តិចនោះទេ។ នាងបានបន្តទៀតថា ជានិច្ចកាលខ្ញុំតែងតែចាត់ទុកខ្លួនខ្ញុំ គឺជាស្ត្រី ម្នាក់ដែលមានសម្រស់អំណោយដល់ពីធម្មជាតិ ហើយក្រុមគ្រួសាររបស់ខ្ញុំតែងតែផ្តល់ដំបូន្មានឱ្យខ្ញុំប្រើប្រាស់ផលិតផលសំអាងផ្សំពី ធម្មជាតិ ជាជាងផលិតផលបរទេស ។
លោកស្រី Raula Shugart ប្រធានគណៈកម្មការរៀបចំ ការប្រកួតបាននិយាយថា ៖ នេះគឺ ជាខួបលើកទី៦០ ហើយវាគឺជាព្រឹត្តិការណ៍ប្រឡងដ៏ធំមួយ ។ នាងបានបន្តទៀតថា កម្មវិធីនេះបានទាក់ទាញទស្សនិកជនជាង១ពាន់លាននាក់នៅលើពិភពលោក ។
គួររំលឹកដែរថា ការប្រឡងជ្រើសរើសបវរកញ្ញាចក្កវាឡឆ្នាំ២០១១ ត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសប្រេស៊ីលជាលើកដំបូង ។ វាគឺជាខួបលើកទី៦០ នៃកំណើតការប្រឡងបវរកញ្ញាចក្កវាឡផងដែរ ។ បេក្ខនារីមកពី៦ទ្វីបមានចំនួន៨៩រូបបានធ្វើដំណើរមកប្រទេសប្រេស៊ីលហើយបានចំណាយពេល៣សប្តាហ៍ហ្វឹកហាត់ និងធ្វើដំណើរកម្សាន្តក្នុងប្រទេសប្រេស៊ីលមុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ៕
ចែករំលែកព័តមាននេះ