ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី៧ កញ្ញា ឆ្នាំ២០១១ មន្ត្រីសាខាកាំកុងត្រូលខេត្ត ដឹកនាំដោយលោកស្រីគឹម ថាណារី អនុប្រធានសាខាសហការជាមួយមន្ត្រីតំណាងអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យផលនេសាទសមុទ្រក្លាស្សេមានដូចជាត្រីមឹក និងបង្គាជាដើម នៅផ្សារទំនប់រលក ដើម្បីទប់ស្កាត់ការដាក់លាយសារធាតុគីមីហ្វ័រម៉ុល ។
លោកព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូល ខេត្តមានប្រសាសន៍ឱ្យដឹងថា ក្រុមមន្ត្រីកាំកុងត្រូលខេត្តនឹងចុះត្រួតពិនិត្យជាប្រចាំនៅតាមកន្លែងលក់ចែកចាយផលនេសាទសមុទ្រ ដូច
ជានៅទំនប់រលក តំបន់ខាងមុខស្ថានីយរថភ្លើង និងផ្សារលើ ដើម្បីទប់ស្កាត់ការដាក់លាយសារធាតុគីមីហ្វ័រម៉ុលជាមួយនឹងការក្លាស្សេម្ហូបអាហារសមុទ្រទាំងនោះដែលអាចបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ គ្រប់ពេលចុះពិនិត្យមន្ត្រីកាំកុងត្រូលបានបញ្ជូនផលិតផលក្លាស្សេទាំងនោះទៅពិសោធន៍នៅរាជធានីភ្នំពេញ ហើយក្នុងករណីដែលរកឃើញកន្លែងណាមួយមាន
ដាក់លាយសារធាតុគីមីហាមឃាត់នេះ សមត្ថកិច្ចកាំកុងត្រូលនឹងអនុវត្តតាមផ្លូវច្បាប់ ។
លោកប្រធានសាខាកាំកុងត្រូលខេត្តបានឱ្យដឹងផងដែរថា កន្លងមកនេះ មានអាជីវករលក់ម្ហូបអាហារសមុទ្រមួយចំនួន បានដាក់លាយសារធាតុគីមីហ្វ័រម៉ុល ក្នុងត្រី មឹក និងបង្គាដែលក្លាស្សេ ហើយត្រូវបានរកឃើញដោយមន្ត្រីជំនាញកាំកុងត្រូលតាមរយៈការធ្វើពិសោធន៍នៅឯរាជធានីភ្នំពេញ និងត្រូវបានអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ។ ជាលទ្ធផលក្រោយមក ទៀត បាតុភាពនេះបានស្ងប់ស្ងាត់ ប៉ុន្តែមន្ត្រីកាំកុងត្រូលនៅតែចុះអង្កេតជាប្រចាំ ដើម្បីហាមឃាត់ដាច់ខាត និងពុំឱ្យមានវត្តមានសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ៕
ចែករំលែកព័តមាននេះ