ខេត្តព្រះសីហនុ ៖ ព្រៃលិចទឹកដែលជាជម្រកសម្រាប់មច្ឆជាតិគ្រប់ប្រភេទពងកូនប្រមាណ៥០ហិកតា នៅចំណុចក្បាលហុងទី១ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ កំពុងរងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យពីសំណាក់ជនមួយចំនួនដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានថា នៅក្នុងអំឡុងប៉ុន្មានថ្ងៃនេះគេឃើញមនុស្ស៤ទៅ៥នាក់ជិះរថយន្តទំនើបៗតែងតែទៅកាន់ទីនោះ ដោយអះអាងថា ពួកខ្លួនហ៊ានធ្វើសកម្មភាពកាប់ព្រៃលិចទឹកនេះដោយសារតែបាននិយាយជាមួយក្រុមមន្ត្រីពាក់ព័ន្ធគ្រប់ជំនាញអស់ហើយ ។ ប៉ុន្តែលោកដូង សំអាត នាយរដ្ឋបាលជលផលខេត្តបានប្រាប់តាមទូរស័ព្ទថា ចំពោះការកាប់ព្រៃលិចទឹកនេះ លោកក៏បានជ្រាបហើយដែរ មិនត្រឹមតែប៉ុណ្ណោះលោកបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទចុះទៅធ្វើការហាមឃាត់រួចហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃទី៦ខែកញ្ញា ការកាប់ព្រៃនៅចំណុចខាងលើនៅតែមានសកម្មភាពយ៉ាងសកម្មដដែល ដូចនេះហើយទើបធ្វើឱ្យមតិជាច្រើនមានការសង្ស័យពីការឃុបឃិតគ្នាជាមួយមន្ត្រីអសកម្មមួួយ ចំនួន ៕
ចែករំលែកព័តមាននេះ