ខេត្តកំពត ៖ បុរសម្នាក់ក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ បានលោតទឹកអណ្តូងសម្លាប់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ សីហា ២០១១ នេះ ស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ បើតាមអ្នកឆ្លងឆ្លើយព័ត៌មានកោះសន្តិភាពប្រចាំខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា បុរសដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួននេះឈ្មោះស៊ុំ ស៊ិន អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកហៅម៉ូយតាក់ស៊ី។
សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានឈ្លោះប្រកែកជាមួយប្រពន្ធនៅផ្សារ។ ក្រោយមកប្តីប្រពន្ធនេះក៏បានបណ្តើរគ្នាពីផ្សារក្នុងបំណងឆ្ពោះទៅផ្ទះដោយប្រពន្ធដើរពីមុខជនរងគ្រោះ ។ លុះមកដល់អណ្តូងអ្នកភូមិមួយមានជម្រៅប្រមាណ៣ម៉ែត្រ ដែលនៅក្បែរផ្លូវនោះ ស្រាប់តែបុរសជាប្តីដែលដើរក្រោយប្រពន្ធលោតចូលទឹកអណ្តូង។ ភ្លាមនោះក្មេងៗក៏ដូចជាអ្នកភូមិដែលឃើញហេតុការណ៍បានស្រែកថា «ពូស៊ិន លោតទឹកស្រះសម្លាប់ខ្លួនៗ» ប៉ុន្តែប្រពន្ធដោយសារតែខឹងប្តីផង មិនបានចាប់អារម្មណ៍នឹងសម្រែកនេះទេ។ លុះពេលក្រុមអ្នកភូមិឆោឡោខ្លាំងឡើងៗ ធ្វើឱ្យប្រពន្ធផ្លាស់ប្តូរចិត្តក៏បានឱ្យគេចុះរាវរកប្តី ប៉ុន្តែហួសពេលទៅហើយ ព្រោះលោកប្តីបានប៉ះទង្គិចក្បាល និងឈ្លក់ទឹកស្លាប់។
ប្រភពពីសមត្ថកិច្ចក៏បញ្ជាក់ឱ្យដឹងដែរថា គ្រួសារនេះផ្ទុកមេរោគអេដស៍ ទាំងពីរនាក់ប្តីប្រពន្ធហើយបានស្រវឹងស្រាវាយតប់គ្នាស្ទើររាល់ថ្ងៃ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ