រាជធានីភ្នំពេញ ៖ លោកកុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ លោក Allexey N.Borodaukin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីផ្លាស់ប្តូរមតិយោបល់ក្នុងការ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី ។
លោកអគ្គលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការប្រាប់ឱ្យដឹងបែបនេះ នារសៀលថ្ងៃទី២៨ មេសា ក្នុងឱកាសដែលលោក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអ៊ុង ស៊ាន រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួង ខណៈពេលដែលលោកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានពាំនាំនូវសេចក្តីជូនពរ និងការផ្តាំផ្ញើសួរសុខទុក្ខពីលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផងដែរ។
លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានជំរាបអំពីលទ្ធផលដែលលោកបានជួបពិភាក្សាការងារជាមួយលោកជំទាវ ស៊ុន សាភឿន រដ្ឋលេខាធិការក្រសួងការបរទេស ក្នុងនោះលោកអនុរដ្ឋមន្ត្រីបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំការងារកាលពីព្រឹកថ្ងៃទី២៨ មេសា ។ ប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី គឺមានបំណងពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការឱ្យបានរឹងមាំទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ មិនចំពោះទ្វេភាគីទេ គឺក្នុងលក្ខណៈតំបន់ និងអន្តរជាតិផងដែរ ។
លោកអនុរដ្ឋមន្ត្រីការបរទេសបានសម្តែងនូវការរីករាយ ដោយនៅឆ្នាំ២០១២ ខាងមុខ កម្ពុជានឹងក្លាយទៅជាប្រធានអាស៊ាន ដូច្នេះលោកយល់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្សុី ច្បាស់ជាមានកិច្ចការមមាញឹកបន្ថែមទៀតដែលនៅឆ្នាំ២០១២ នោះ កម្ពុជា នឹងមានកិច្ចប្រជុំសំខាន់ៗ ។ លោកបានបញ្ជាក់ថា នៅពេលដែលលោកត្រឡប់ទៅប្រទេសលោកវិញ លោកនឹងបន្ថែមនូវការយកចិត្តទុកដាក់កាន់តែខ្លាំងទៀត អំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ ។
លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានជំរាបថា នៅក្នុងកិច្ចពិភាក្សាជាមួយលោកជំទាវរដ្ឋលេខាធិការលោកបានស្តាប់អំពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធដែលបង្កឡើងដោយការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ។ ក្នុងនោះលោកក៏បានអំពាវនាវឱ្យមានការឈប់បាញ់គ្នា ហើយគោរពការឈប់បាញ់ជាអចិន្ត្រៃយ៍ ។ រុស្ស៊ីបានគាំទ្រអំពីដំណើរការចរចាដោយសន្តិវិធី ជាពិសេសគាំទ្រតួនាទីអាស៊ាន ដែលមានឥណ្ឌូណេស៊ីជាប្រធានអាស៊ានជាអ្នកសម្របសម្រួលបញ្ហានេះ ។
បន្ទាប់ពីលោកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីទៅជួបអនុរដ្ឋមន្ត្រីការបរទេសថៃ ហើយប្រាប់អំពីបំណងរបស់កម្ពុជា ចង់ឱ្យមានការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ចង់ឱ្យមានអ្នកសង្កេតការណ៍ឱ្យបានឆាប់បំផុតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ លោក Alexey ក៏បានបញ្ជាក់ផងដែរថា លោកមកកម្ពុជា និងទៅប្រទេសថៃ គឺគ្រាន់តែជួយសម្រួលបរិយាកាសឱ្យមានសន្តិភាពពិត គឺមិនមែនដើរតួនាទីជាអ្នកសម្របសម្រួលទេ ។
ជាការឆ្លើយតបលោកអ៊ុង ស៊ាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំការងារនាព្រឹកថ្ងៃទី២៨ មេសា រវាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងលោកជំទាវរដ្ឋលេខាធិការ ។
លោករដ្ឋមន្ត្រីស្តីទីបានមានប្រសាសន៍បន្តថា កិច្ចប្រជុំការងារនាពេលព្រឹកថ្ងៃទី២៨ មេសា គឺជាជំហានថ្មីមួយទៀត ដើម្បីឱ្យប្រទេសទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែមានភាពរឹងមាំបន្ថែមទៀតទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអន្តរជាតិ ហើយធ្វើយ៉ាងណាឱ្យភាគីទាំងពីរអនុវត្តលទ្ធផលនៃកិច្ចប្រជុំការងារនេះឱ្យប្រកបបានផ្លែផ្កា ។
លោករដ្ឋមន្ត្រីស្តីទីបានថ្លែងអំណរគុណក្នុងនាមកិច្ចសហប្រតិបត្តិការកន្លងមក។ លោកបានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី ក្នុងការផ្តល់ជំនួយមកកម្ពុជា គឺមិនត្រឹមតែនៅពេលនេះទេ រុស្ស៊ីបានជួយកម្ពុជាតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ដែលក្នុងនោះតាំងពីវិស័យសង្គមកិច្ច សេដ្ឋកិច្ច ជាពិសេសវិស័យអភិវឌ្ឍធនធានមនុស្ស កន្លងមកមន្ត្រីកម្ពុជាបានទៅសិក្សានៅអតីតសហភាពសូវៀត ដល់ពេលត្រឡប់មកវិញ គឺមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសជាតិ អ្នកខ្លះមានតួនាទីជាថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងរដ្ឋមន្ត្រីថែមទៀតផង ។
ក្នុងកិច្ចពិភាក្សានេះលោកអ៊ុង ស៊ាន បានសំណូមពរឱ្យលោកអនុរដ្ឋមន្ត្រីបរទេសរុស្ស៊ី ធ្វើយ៉ាងណាជំរុញវិស័យកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម…ពីព្រោះរុស្ស៊ី និងកម្ពុជាមានទំនាក់ទំនង នឹងគ្នាតាំងពីឆ្នាំ១៩៥៦ ប៉ុន្តែផ្អាកនៅឆ្នាំ១៩៧៥ ភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៧៩ ហើយមកដល់ពេលនេះវិស័យការទូត និងវិស័យផ្សេងៗខ្លាំងក្លា ប៉ុន្តែអ្វីដែលអន់ខ្សោយនោះ គឺវិស័យពាណិជ្ជកម្ម វិនិយោគ រុស្ស៊ីនៅមានកម្រិតនៅឡើយ ។
លោករដ្ឋមន្ត្រីស្តីទីអំពាវនាវឱ្យលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីជួយជំរុញលើកទឹកចិត្តឱ្យអ្នកវិនិយោគទុនរុស្ស៊ីមកវិនិយោគបណ្តាក់ទុននៅ កម្ពុជា ដែលសព្វថ្ងៃនេះមានក្រុមហ៊ុនរបស់រុស្ស៊ី តិចតួចណាស់នៅកម្ពុជា ។ ដូចជាវិស័យទេសចរណ៍ លោកបានរំលឹកផងដែរថា នៅដើមឆ្នាំ២០១១ នេះលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានអញ្ជើញទៅប្រទេសរុស្ស៊ីដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីឱ្យភ្ញៀវទេសចរអញ្ជើញមកកម្ពុជាកាន់តែច្រើន ជាពិសេសជំរុញឱ្យមានការហោះហើរផ្ទាល់ពីទីក្រុងមូស្គូ មកទីក្រុងភ្នំពេញ ឬទីក្រុងសៀមរាប ។
នៅក្នុងកិច្ចពិភាក្សាក្នុងឱកាសនោះក៏ មានការពិភាក្សាផងដែរ អំពីការបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ការបរទេសរុស្ស៊ី នៅពេលខាងមុខដោយធ្វើយ៉ាងណាឱ្យមានការរៀបចំធ្វើឯកសារនៃការចុះហត្ថលេខានៅក្នុងអំឡុងទស្សនកិច្ចនេះ ។ កន្លងមកឯកសារចំនួន៥ មានឯកសារពីរបានសម្រេចឯកភាព ហើយ៣ទៀតកំពុងធ្វើការចរចា ។
ទាក់ទងទៅនឹងបញ្ហាព្រំដែនលោកអ៊ាង ស៊ាន បានបញ្ជាក់ថា ថៃបានប្រើផែនទីឯកតោភាគីឈ្លានពានកម្ពុជាតាំងពីឆ្នាំ ២០០៨ មកម៉្លេះ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមានភាពអត់ធ្មត់ជាអតិបរមា ។ ការតបតរបស់កម្ពុជាក្នុងក្របខណ្ឌស្វ័យការពារខ្លួននៅលើទឹកដីកម្ពុជាតែប៉ុណ្ណោះ ។ កិច្ចការនេះបានឈានទៅដល់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឈានទៅ ដល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ កន្លងមក កម្ពុជាបានសម្រេចឱ្យលក្ខខណ្ឌប្រតិបត្តិអ្នកសង្កេតការណ៍ចំនួន៤ដង រួចមកហើយៗថៃនៅតែមិនទាន់មានដដែល ។ ថៃបានរំលោភនូវសេចក្តី ថ្លែងការណ៍ប្រធានអាស៊ាន បានធ្វើឱ្យមានជម្លោះនៅតាមព្រំដែននៅពេលថ្មីៗរហូតដល់ប្រើអាវុធុនធ្ងន់ ។ កម្ពុជាបានអត់ធ្មត់ ប៉ុន្តែក្រោយមកកម្ពុជាក៏សម្រេចប្រើអាវុធធុនធ្ងន់តបវិញ។ ក្រោយមកភាគីទាំងពីរបានឯកភាពធ្វើការចរចាមេយោធភូមិភាគ២របស់ថៃ និងមេយោធភូមិភាគ៤ របស់កម្ពុជា ដោយបានឯកភាពគ្នាសម្រេច៦ចំណុច ។ ការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា នេះបានធ្វើឱ្យជនភៀសខ្លួនកម្ពុជាមានរហូត៣ម៉ឺននាក់ មានគ្រោះថ្នាក់ កងទ័ព ជនស៊ីវិល ខូចខាតផ្ទះសម្បែង និងសាលារៀន ។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីស្តីទីបានផ្តាំផ្ញើបន្ថែមដល់លោកអនុរដ្ឋមន្ត្រីរុស្ស៊ី ដែលទៅជួបភាគីថៃ សូមឱ្យជំរាបភាគីថៃឱ្យគោរព និងអនុវត្តនូវអ្វីដែលភាគីថៃបានយល់ព្រមនាព្រឹកថ្ងៃទី២៨ មេសា ព្រោះកាលពីពេលកន្លងទៅកិច្ចព្រមព្រៀងធ្វើរួចហើយ ភាគីថៃតែងតែមិនគោរពទេ ថៃតែងតែយកដៃចុះហត្ថលេខារួចយកជើងទៅលុបវិញ ដូច្នេះសូមអនុរដ្ឋមន្ត្រីរុស្ស៊ី ប្រាប់ថៃឱ្យបានច្បាស់អ្វីដែលខ្លួនបានឯកភាព គឺត្រូវគោរពឱ្យបាន និងជួយជំរុញឱ្យថៃទទួលយកនូវបែបបទអ្នកសង្កេតការណ៍ ។
លោក Alexey បានឆ្លើយតបថា លោកនៅពេលទៅដល់ជួបសមភាគីថៃ លោកនឹងជំរុញឱ្យភាគថៃគោរពតាមជំហរដែលមានមនសិការនេះ ឱ្យបានខ្ជាប់ខ្ជួន ។ បញ្ហាឱ្យមានអ្នកវិនិយោគទុនរុស្ស៊ីមកកម្ពុជា លោកបានប្រាប់លោករដ្ឋមន្ត្រីស្តីទីឱ្យកម្ពុជាធ្វើតារាងបញ្ជីគំរោងវិនិយោគទុនមួយចំនួន ជាពិសេសវិស័យប្រេងឥន្ធនៈ និងហ្គាសសម្រាប់ជនជាតិរុស្សីដែលនឹងមកវិនិយោគនៅកម្ពុជាឱ្យបានច្បាស់ ដើម្បីលោកផ្សព្វផ្សាយដល់អ្នកវិនិយោគទុនរុស្ស៊ី ៕
ចែករំលែកព័តមាននេះ