ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលកម្ម​នៃ​ការ​អនុវត្ត​បទ​បញ្ជា​ឈ្លាន​ពាន​លើ​កម្ពុជា​​ ​ឧត្តមសេនីយ៍​ថៃ​ម្នាក់​ស្លា.ប់​ក្នុង​ពេល​មានការ​ប្រយុទ្ធ

13 ឆ្នាំ មុន

សង្គ្រាម​ឈ្លាន​ពាន​ទាំង​ងងើល​បង្ក​ឡើង​ដោយ​ទាហាន​ថៃ​មក​លើ​អធិប​តេយ្យ​​កម្ពុជា​ក្រោម​ការ​ទទួល​បទ​បញ្ជា​ដាច់​ខាត​ពី​លោក​នាយករដ្ឋ​មន្ត្រី​ អាប់​ភីស៊ីត​ វេ​ចា​ជីវ៉ា បាន​បណ្តាល​ឱ្យ​​ឧត្តម​សេនីយ៍​យោធា​ថៃ​ម្នាក់​ស្លា.ប់​ក្នុង​ចំណោម​ទាហាន​​​ថៃ​ដែល​បាន​ស្លា.ប់​ជា​ច្រើន​​នាក់​ទៀត​ ដោយសារ​ការ​ផ្ទុះ​អាវុធ​តប​ត​ដើម្បី​ការ​ពារ​ខ្លួន​របស់​កង​ទ័ព​កម្ពុជា​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ​

សង្គ្រាម​ឈ្លាន​ពាន​ទាំង​ងងើល​បង្ក​ឡើង​ដោយ​ទាហាន​ថៃ​មក​លើ​អធិប​តេយ្យ​​កម្ពុជា​ក្រោម​ការ​ទទួល​បទ​បញ្ជា​ដាច់​ខាត​ពី​លោក​នាយករដ្ឋ​មន្ត្រី​ អាប់​ភីស៊ីត​ វេ​ចា​ជីវ៉ា បាន​បណ្តាល​ឱ្យ​​ឧត្តម​សេនីយ៍​យោធា​ថៃ​ម្នាក់​ស្លាប់​ក្នុង​ចំណោម​ទាហាន​​​ថៃ​ដែល​បាន​ស្លាប់​ជា​ច្រើន​​នាក់​ទៀត​ ដោយសារ​ការ​ផ្ទុះ​អាវុធ​តប​ត​ដើម្បី​ការ​ពារ​ខ្លួន​របស់​កង​ទ័ព​កម្ពុជា​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ម៉ៈ​ទី​ឆុន អន​ឡាញ ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១១​ លោក​​ឧត្តម​សេនីយ៍​ត្រី​វិថៈ​យ៉ាក់​ សួន​ឈូ​ផុន អគ្គ​មេ​បញ្ជា​ការ​រង​កង​កាំ​ភ្លើង​ធំ​លេខ​៦​របស់​យោធា​ថៃ​មក​គាំទ្រ​ដល់​ទាហាន​ថ្មើរ​ជើង​លេខ​២៦​របស់​ខេត្ត​សុរិន្ទ​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជាមួយ​កង​ទ័ព​កម្ពុជា​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​។ សព​ឧត្តម​សេនីយ៍​យោធា​រូប​នេះ​ត្រូវ​បាន​ខាង​មន្ត្រី​រាជ​វាំង​ថៃ​ប្រទាន​ភ្លើង​ និង​យក​កម្រង​ផ្កា​ទៅ​បំពាក់​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ក៏​ពិត​មែន ប៉ុន្តែ​ការ​ឈឺ​ចាប់​របស់​ក្រុម​គ្រួសារ​សព​ និង​នាយ​ទាហាន​ថៃ​ជា​ច្រើន​ក្នុង​ចំណោម​នោះ​មិន​ប្រាកដ​ថា ពួក​គេ​គាំ​ទ្រ​ផែន​ការ​របស់​ថ្នាក់​ដឹក​នាំ​​ប្រទេស​​ខ្លួន​ឡើយ​ រួម​ជាមួយ​នឹង​គ្រួសារ​ទាហាន​​ជា​ច្រើន​នាក់​ទៀត​ដែល​រង​របួស​ ពីព្រោះ​ភាព​តាន​តឹង​រវាង​កង​ទ័ព និង​រដ្ឋា​ភិ​បាល​ស៊ីវិល​មួយ​នេះ​​បាន​កើត​ឡើង​ចាប់​​តាំង​ពី​លោក​អាប់​ភី​ស៊ីត ប្រកាស​ថា នឹង​រំលាយ​សភា​ធ្វើ​ការ​បោះ​ឆ្នោត​​នៅ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​​ស្រប​ពេល​ដែល​មាន​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​បាន​លេច​ឮ​ក្នុង​ទី​ក្រុង​បាង​កក​អំពី​ការ​កើត​មាន​រដ្ឋ​ប្រហារ​ដ៏​ធំ​។

សកម្ម​ភាព​​បង្ខំ​ឱ្យ​ប្រយុទ្ធ​​ដើម្បី​បំពេញ​មហិច្ឆ​តា​វាត​ទី​និយម និង​ការ​ទាក់​ទាញ​រក​សម្លេត​ឆ្នោត​​គឺ​បាន​ក្លាយ​​ទៅ​ជា​ផល​កម្ម​មិន​អាច​ប្រកែក​បាន​ដែល​យោធា​ជាន់​ខ្ពស់​​ថៃ​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​គ្មាន​ន័យ​​ ជាមួយ​និង​កូន​​ទាហាន​ថៃ​ដទៃ​ផ្សេង​ទៀត​ ព្រោះ​តែ​ការ​អនុវត្ត​បទ​បញ្ជា​នៃ​មេ​ចលនា​ឈ្លាន​ពាន​ក្នុង​ឋានៈ​ដែល​ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ការ​ពារ​ជំហរ​របស់​រដ្ឋា​ភិ​បាល​ និង​ស្មោះ​ត្រង់​ចំពោះ​របប​រាជា​និយម​​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្ត​​ខុស​ តែ​គ្មាន​ជម្រើស​​គឺ​បាន​បណ្តាល​ឱ្យ​ពួក​គេ​យក​ជីវិត​មក​បោះ​ចោល​ក្នុង​ព្រៃ​នៃ​ទឹក​ដី​ប្រទេស​ជិត​ខាង​ល្អ​ដ៏​តូច​មួយ​គឺ​កម្ពុជា​ ដែល​មាន​មេ​ដឹក​នាំ​ដ៏​វៃ​ឆ្លាត​ មោះ​មុត​ អង់​អាច​ក្លាហាន​ សំបូរ​ទៅ​ដោយ​បទ​ពិសោធន៍​ក្នុង​ការ​ដឹក​នាំ​បញ្ជា​កង​ទ័ព​ដ៏​ពូកែ​ និង​ស្ទាត់​ជំនាញ​ ហើយ​ដែល​ប្រទេស​មួយ​នេះ​បាន​និង​កំពុង​រស់​នៅ​ជាមួយ​នឹងស្ថិរ​ភាព​នយោ​បាយ ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ពេញ​លេញ​ ឬ​ចាត់​ចូល​​ជាគំរូ​នៃ​សន្តិ​ភាព​ក្នុង​តំបន់​ទៀត​ផង​។
អំពើល្មោភ​សង្គ្រាម​ដោយ​សំអាង​ថា ​ជា​ប្រទេស​ធំ​ តែ​ភ្លេច​បាន​គិត​ពី​វិបត្តិ​ និង​សោក​នាដ​កម្ម​នៅ​ពី​ខាង​ក្រោយ​ការ​ឈឺ​ចាប់​ និង​ទុក្ខ​សោក​របស់​ជាតិ​សាសន៍​ខ្លួន និង​ប្រទេស​ដទៃ​គឺ​ជា​ឫស​គល់​នៃ​បញ្ហា​ដែល​មាន​តម្លៃ​ស្មើ​នឹង​ការ​ប្រមាថ​អាយុ​ជីវិត​មនុស្ស​ ឬ​ចាត់​ចូល​ជា​មេឃាតកដ៏​ព្រៃ​ផ្សៃ និង​ថោក​ទាប​ជា​ទី​បំផុត​ ដោយ​ការ​យក​ជីវិត​អ្នក​ដទៃ​ធ្វើ​ជា​ដើម​ទុន​ដើម្បីតែ​ការ​ពារ​អំណាច​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​សភាព​គ្រាន់​តែ​ជា​អំណាច​លើក​បន្តុប​មួយ​។

លោក​នាយក​រដ្ឋ​មន្ត្រី​អាប់​ភីស៊ីត​​បាន​ជ្រើស​រើស​​យករបៀប​មួយដ៏​ខុស​ឆ្គង​បំផុត​ក្នុង​សត​វត្ស​ទី​២១​នេះ​ដែល​គេ​ពិពណ៌នា​​ថា ជា​មេដឹក​នាំ​ក្បាល​រឹង​មួយ​រូប​ដែល​បាន​កសាង​នូវ​កំហុស​ដ៏​ធ្ងន់​ធ្ងរ​ខុស​ពី​មេ​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ដទៃ​ផ្សេង​ទៀត​ដោយ​ការ​យក​ផែន​ទី​ចោរ​សម្ងាត់​លួច​គូស​ជា​ឯក​តោ​ភាគី​ គ្មាន​ទម្ងន់​ខាង​ផ្លូវ​ច្បាប់​ និង​ពុំ​មាន​អន្តរ​ជាតិ​ទទួល​ស្គាល់​ ហើយ​បាន​អនុវត្ត​នូវ​ផែន​ទី​ចោរ​នោះ​ ដោយ​ប្រើ​កម្លាំង​យោធា​វាយ​ប្រហារ​​ដើម្បី​ឈ្លាន​ពាន​ទន្ទ្រាន​ចង់​កាន់​កាប់​ជាក់​ស្តែង​មក​លើ​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​សម​ដូច​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១១​ នៅ​ឯ​វិមាន​សន្តិ​ភាព​ក្នុង​មហា​សន្និ​បាត​សមា​គម​នារី​ថា ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​បូរណ​ភាព​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ពុំ​មាន​រដ្ឋា​ភិ​បាល​ថៃ​ណា​មួយ​អាក្រក់​ជួ​ជាតិ​បំផុត​ ​ហើយ​ដែល​ពុំ​មាន​រដ្ឋា​ភិ​បាល​ថៃ​ណា​មួយ​បាន​ធ្វើ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​ទេ លើក​លែង​តែ​រដ្ឋា​ភិ​បាល​អាប់​ភី​ស៊ីត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ សម្តេច​តេជោ​បាន​មានប្រសាសន៍​បន្ត​ថា ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ​រដ្ឋា​ភិ​បាល​ថៃ​ច្រើន​ជំនាន់​មក​ហើយ​មិន​ទាន់​មាន​នាយក​រដ្ឋ​មន្ត្រី​ណា​មួយ និង​រដ្ឋា​ភិ​បាល​ណា​មួយ​ប្រើ​កម្លាំង​ដោះ​​ស្រាយ​បញ្ហា​ដូច​រដ្ឋា​ភិ​បាល​អាប់​ភី​ស៊ីត​នោះ​ទេ​។ ត្រង់​ចំណុច​នេះ​ក៏​សូម​រំលឹក​ផង​ដែរ​ថា ក្នុង​ក្រប​ខណ្ឌ​ណា​ក៏​ដោយ​ជំហរ​របស់​កម្ពុជា​ បន្ទាប់​ពី​បាន​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្រោយ​ពី​កង​ទ័ព​ថៃ​បាន​ឈ្លាន​ពាន​មក​លើ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ​ ឆ្នាំ​២០១១ មក​នេះ ការ​ចរ​ចា​​ណា​មួយ​រវាង​បញ្ហា​កម្ពុជា​-ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​តែ​មាន​ការ​សម្រប​សម្រួល​ពី​ប្រធាន​អាស៊ាន​ ដោយ​កម្ពុជា​មិន​អាច​រួម​គ្នា​ជាមួយ​ថៃ​ទះ​កំផ្លៀង​អាស៊ាន​ ដោយ​ការ​លួច​ចរចា​គ្នា​ស្ងាត់​ៗ​បាន​ឡើយ​។ ជាមួយ​នេះ​សម្តេច​តេជោ​ហ៊ុន​ សែន ក៏​​បាន​អំពាវ​នាវ​ចំពោះ​ឥណ្ឌូ​ណេស៊ីក្នុង​ឋានៈ​​ជា​ប្រធាន​អាស៊ាន​ថា បើ​ថៃ​នៅ​តែ​មាន​ការ​លំបាក​ទាក់​ទង​នឹង​រដ្ឋ​ធម្ម​នុញ្ញ​របស់​ខ្លួន ​សូម​បញ្ជូន​អ្នក​សង្កេត​ការណ៍​​មក​កម្ពុជា​មុន​ជាមួយ​នឹង​ការ​ស្នើ​ដល់​ប្រធានា​ធិបតី​ឥណ្ឌូ​ណេ​ស៊ី​ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​​នៅ​ពេល​ខាង​មុខ​សូម​ជម្រុញ​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​អនុវត្ត​ស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ថ្ងៃ​ទី​២២ ខែកុម្ភៈ​ ឆ្នាំ​២០១១ ស្តី​ពី​​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​​មក​កាន់​កម្ពុជា​-ថៃ​។

គួរ​រំលឹក​​ផង​ដែរ​ថា ពិត​មែន​តែ​មិន​មាន​ប្រភព​បញ្ជាក់​ឱ្យ​បាន​ដឹង​​ពិត​ប្រាកដ​ពី​ចំនួន​តួ​លេខ​នៃ​ទាហាន​ថៃ​ដែល​បាន​ស្លាប់​នៅ​សមរ​ភូមិ​ ប៉ុន្តែ​មាន​ការ​សន្និ​ដ្ឋាន​ថា រយៈ​ពេល​៥​ថ្ងៃ​​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នោះទាហាន​ថៃ​យ៉ាង​ហោច​ណាស់​ប្រមាណ​៣០​នាក់​បាន​ស្លាប់​ដោយ​គ្រាប់​កាំ​ភ្លើង បន្ទាប់​ពី​កង​ទ័ព​កម្ពុជា​អស់​ការ​អត់​ធ្មត់​ និង​ធ្វើ​ការ​បាញ់​តប​ត​។

ពិត​មែន​ហើយ​​ថា ការ​ប្រយុទ្ធ​គ្នា​តែង​តែ​មាន​ស្លាប់​ និង​របួស​ទាំង​សង​ខាង​​ ប៉ុន្តែ​កង​ទ័ព​កម្ពុជា​បាន​ពលី​ជីវិត​​ប្រកប​​ដោយ​កិត្តិ​យស​ដ៏​ឧត្តុង្គ​ឧត្តម​​ជា​ទី​បំផុត​ ព្រោះ​ការ​បំពេញ​​កាតព្វ​កិច្ច​ការ​ពារ​ទឹក​ដី​​ស្រប​ច្បាប់​​របស់​ខ្លួន​ មិន​ដូច​ការ​ស្លាប់​ដោយ​បំរើ​នយោ​បាយ​ឈ្លាន​ពាន​នោះ​ទេ​។ ការ​លើក​ឡើង​បែប​នេះ​ក៏​ដើម្បី​ច្រាន​ចោល​នូវ​ការ​ចេញ​មក​បដិ​សេធ​របស់​ថ្នាក់​ដឹក​នាំ​ថៃ​ដែល​បាន​និយាយ​បំផ្លើស​ថា កម្ពុជា​ជា​អ្នក​បាញ់​មុន​ ពី​ព្រោះ​បើ​គិត​ពី​ឥទ្ធិ​ពល​អំណាច​នៃ​ប្រទេស​ និង​សម្ភារ​សំបូរ​បែប​​របស់​ថៃ​ប្រៀប​ជាមួយ​កម្ពុជា គឺ​បញ្ជាក់​ថា ថៃ​ជា​ដើម​ចម​នៃ​ការ​បង្ក​បញ្ហា​។

ក្នុង​ព្រឹត្តិ​ការណ៍​នៃ​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​រវាង​កម្ពុជា​-ថៃ គឺ​ផ្តើម​ចេញ​ពី​ទាហាន​ថៃ​បាន​ឆ្លង​ដែន​លប​លួច​ចូល​ទៅ​តំបន់​ប្រាសាទ​តា​ក្របី​ និង​ធ្វើការ​ឆ្មក់​វាយ​ពី​ក្រោយ​មក​លើ​ទី​តាំង​កង​ទ័ព​កម្ពុជា​យ៉ាង​សន្ធាប់​ និង​បាន​បាញ់​ផ្លោង​​បន្ត​បន្ទាប់​​លើ​ទី​តាំង​ផ្សេង​ទៀត​ជា​ច្រើន​កន្លែង​តាម​បណ្តោយ​ព្រំ​ដែន​ដោយ​កាំ​ភ្លើង​ធំ​គាំ​ទ្រ​ប្រភេទ​ដេកា​៧៥​មិល្លី​ម៉ែត្រ​, ៨២,​១០៥ និង​១៥៥​មិល្លី​ម៉ែត្រ​រាប់​ពាន់​គ្រាប់​បាញ់​ស្រោច​ជញ្ជ្រំ​​មក​លើ​តំបន់​ប្រាសាទ​តា​មាន់​​ ប្រាសាទ​តា​ក្របី​ ជប់​គគី​រ​ ថ្ម​ដូន ក្នុង​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្ត​រ​មាន​ជ័យ​ និង​ចូល​ជ្រៅ​ចម្ងាយ​ប្រមាណ​២០​គីឡូ​ម៉ែត្រ​មក​លើ​តំបន់​ដែល​ប្រជា​ពល​រដ្ឋ​ស៊ីវិល​រស់នៅហើយ​ការ​ប៉ះ​ទង្គិច​គ្នា​ថ្ងៃ​ទី​៤ គឺ​នៅ​ចំណុច​តំបន់​ភ្នំ​ទ្រព្យ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ទឹក​ដីកម្ពុជា​។

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​អំពី​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​នោះ​ជាមួយ​នឹង​ការ​បញ្ជាក់​ថា ខាង​ទាហាន​ថៃ​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​​រួម​ជាមួយ​ផ្សែង​ពុល​ និង​យន្ត​ហោះ​យោធា​ស៊ើប​ការណ៍​​យន្ត​ហោះ​បាញ់​ភ្លើង​បំភ្លឺ​ ដើម្បី​អនុវ​ត្ត​ការ​វាយ​លុក​ដណ្តើម​កាន់​កាប់​ទឹក​ដី និង​ប្រាសាទ​កម្ពុជា​។ សម្តេច​តេជោ​ហ៊ុន សែន ធ្លាប់​បានមាន​ប្រសាសន៍​ជា​ច្រើន​ដង​មក​ហើយ​ថា មាន​តែ​អា​អ្នក​ឈ្លាន​ពាន​ទេ ដែល​ជា​អ្នក​បាញ់​គេ​មុន​ ដូច្នេះ​ផែន​ការ​ទុច្ចរិត​របស់​ភាគី​ថៃ​ គឺ​បាន​បង្ហាញ​ថា មាន​ភាព​ខុស​គ្នា​ដាច់​ស្រឡះ​ពី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដោយ​សម្តេច​តេជោ​ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ កង​ទ័ព​កម្ពុជា​មិន​ចេញ​ជា​ដាច់​ខាត​ពី​ទឹក​ដី​របស់ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​រំលោភ​ឈ្លាន​ពាន​ទឹក​ដី​​របស់​ប្រទេស​​ដទៃ​នោះ​ដែរ​(នេះ​គឺ​ជា​បទ​បញ្ជា​)។

ដូច្នេះ​គ្មាន​ហេតុ​ផល​ណា​ដែល​ថៃ​មក​សំអាង​ថា ប្រាសាទ​តា​មាន់​ ប្រាសាទ​តា​ក្របី​ និង​តំបន់​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្លួន​បាន​ឡើយ​ទឹក​ដី​ទាំង​នោះ​គឺ​ជា​កម្ម​សិទ្ធិ​របស់​កម្ពុជា​ដោយ​ការ​កាន់​កាប់​​ជាក់​ស្តែង​ និង​គ្រប់​គ្រង​ស្រប​ច្បាប់​ដោយ​កម្ពុជា ហើយ​ការ​បញ្ជាក់​ទាំង​នេះ គឺ​គ្រប់​គ្រាន់​បំផុត​ស​ម្រាប់​ជា​សារ​ផ្ញើ​ជូន​ត្រឡប់​ទៅ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ថៃ​ប្រយុទ្ធ​ ចាន់​អ៊ូ​ចា​ដែល​ប៉ុន​ប៉ង​បណ្តេញ​ខ្មែរ​ចេញ​ពី​តំបន់​៤,៦​គីឡូ​ម៉ែត្រ​ក្រឡា និង​បាន​ព្រមាន​ថា មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ទី​៣​ចូល​មក​សង្កេត​ការណ៍​​បាន​ឡើយ​ប្រសិន​បើ​ដរាប​ណា​នៅ​មាន​ទាហាន​កម្ពុជា​នៅ​ក្នុង​តំបន់​នោះ​។ បន្ថែម​ពី​លើ​ភាព​ខុស​ឆ្គង​នៃ​ការ​បក​ស្រាយ​​ខុស​ដោយ​ភាគី​ថៃ​ សូម្បី​តែ​ក្នុង​សេចក្តី​សម្រេច​​៣​ចំណុច​របស់​គណៈ​រដ្ឋ​មន្ត្រី​ថៃ​ក៏​ក្នុង​នោះ​មាន​ការ​ប្រកាស​ប្រើ​កម្លាំង​​យោធា​បណ្តេញ​ខ្មែរ​ចេញ​ពី​តំបន់​៤,៦​គីឡូ​ម៉ែត្រ​ក្រឡា​ផង​ដែរ​ ដែល​នេះ​គឺ​ជា​ការ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​​កម្ពុជា​​ ដោយ​​មិន​អាច​ប្រកែក​បាន​ឡើយ។

ការ​វាយ​ប្រហារ​​ជា​ថ្មី​ដោយ​យោធា​ថៃ​ បន្ទាប់​ពី​​មាន​ការ​ឈ្លាន​ពាន​ជា​បន្ត​បន្ទាប់​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ​ឆ្នាំ​២០០៨​ កន្លង​ទៅ​ គឺ​ជា​អំពើ​ចេតនា​ឈ្លាន​ពាន​ដោយ​គិត​ទុក​ជាមុន​ បន្ទាប់​ពី​រដ្ឋា​ភិ​បាល​ថៃ​សម្រេច​ចិត្ត​ដោយគឃ្លើន​ប្រកាន់​និន្នា​ការ​ប្រឆាំង​នឹង​វត្ត​មាន​ក្រុម​អ្នក​សង្កេត​ការណ៍​អព្យា​ក្រឹត​របស់​ឥណ្ឌូ​ណេ​ស៊ីដើម្បី​ទប់​ស្កាត់​​ការ​ប្រយុទ្ធគ្នា​ជា​ថ្មី និង​ឈាន​ទៅ​ដល់​ការ​ឯក​ភាព​ឈប់​បាញ់​គ្នា​ជា​ចិន្ត្រៃយ៍​។

ក្នុង​បរិ​បទ​នេះ​ការ​ប្រើ​កល​ល្បិច​ដ៏​ថោក​ទាប​របស់​រដ្ឋា​ភិ​បាល​អាប់​ភី​ស៊ីត ដែល​ខិត​ខំ​បង្វែរ​ស្ថាន​ការណ៍​អាក្រក់​នៃ​វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែលដោះ​ស្រាយ​ពុំ​រួច​មក​បង្កើត​ឱ្យ​មាន​ឡើង​ជា​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​ជាមួយ​កម្ពុជា​ ដោយ​អាប់​ភីស៊ីត​​រំពឹង​ថា ជា​យុទ្ធ​វិធី​មួយ​ក្នុង​ការ​បំបែក​ភាព​ជាប់​គាំង​​ដែល​នឹង​អាច​ប្រឈម​នា​ពេល​ខាង​មុខ​ ប៉ុន្តែ​កម្ពុជា​មិន​បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​ចំណាប់​ខ្មាំង​សម្រាប់​នយោ​បាយ​ក្នុង​ប្រទេស​ថៃ​ឡើយ៕

ដោយ​ទិត សុធា អនុ​ប្រធាន​អង្គ​​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស