ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាំពាក្យ ៖ ​សៀម​មិនត្រឹម​​​ឈ្លាន​ពាន​ទឹក​ដីកម្ពុជា​​ប៉ុណ្ណោះ​ទេ ​គឺឈ្លានពាន​​​លើ​​​គោល​ការណ៍​​​អន្តរជាតិ​…​កំពូល​ប្រាសាទ​​បាក់រលំ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​ទីស្តីការ​គណៈ​​​រដ្ឋ​មន្ត្រី និង​​ជាអនុប្រធាន​​​ក្រុមការងារ​​​ផ្តល់​ព័ត៌មាន​​​​យោធា​​​ លោក​ផៃ​​ ស៊ីផាន ​បានមាន​ប្រសាសន៍​​​​ប្រាប់បណ្តាញ​ផ្សព្វ​ផ្សាយ​នៅមុននេះ​​​​​បន្តិច​ថា ​ថៃ​មិនត្រឹម​​តែ​ឈ្លានពាន​​​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ប្រទេស​នេះ​ក៏​​បាន​​ឈ្លានពាន​​​លើ​គោល​ការណ៍​​អន្តរជាតិ​​ស្តីពីការឈប់​បា.ញ់​​​​ផងដែរ ​។ លោក​បាន​បដិសេធ​​​ការ​ផ្សាយ​របស់​​កាសែត The Nation របស់ថៃ​​​ដែល​​ផ្សាយ​ថា

រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​ទីស្តីការ​គណៈ​​​រដ្ឋ​មន្ត្រី និង​​ជាអនុប្រធាន​​​ក្រុមការងារ​​​ផ្តល់​ព័ត៌មាន​​​​យោធា​​​ លោក​ផៃ​​ ស៊ីផាន ​បានមាន​ប្រសាសន៍​​​​ប្រាប់បណ្តាញ​ផ្សព្វ​ផ្សាយ​នៅមុននេះ​​​​​បន្តិច​ថា ​ថៃ​មិនត្រឹម​​តែ​ឈ្លានពាន​​​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ប្រទេស​នេះ​ក៏​​បាន​​ឈ្លានពាន​​​លើ​គោល​ការណ៍​​អន្តរជាតិ​​ស្តីពីការឈប់​បាញ់​​​​ផងដែរ ​។ លោក​បាន​បដិសេធ​​​ការ​ផ្សាយ​របស់​​កាសែត The Nation របស់ថៃ​​​ដែល​​ផ្សាយ​ថា កងទ័ព​​កម្ពុជា​​បាន​បាញ់កាំភ្លើង​​ធំ​នៅលើ​ទឹកដី​របស់គេ ។ ​លោក​ផៃ ​ស៊ីផាន ​​អះអាង​ថា ​ការ​ឈ្លានពាន​​របស់​ថៃ​​​ជារឿង​​ដែលមិន​​​អាច​ទទួល​​យកបាន​។​

សេចក្តី​រាយការណ៍​ពីអ្នក​​​ឆ្លើយ​ឆ្លង​​​ព័ត៌​មាន​​​កោះសន្តិភាព​បាន​ឱ្យ​ដឹង​ថា ​ស្នូរ​កាំភ្លើង​​នៃការ​ប្រយុទ្ធ​​គ្នា​រវាង​​​កង​ទ័ព​​​កម្ពុជា និងសៀម​​​នៅប្រា​សាទ​​តាក្របី និង​ប្រាសាទ​តាមាន់ធំ​បានស្ងប់​ស្ងាត់​​​វិញហើយ ​នៅវេលាម៉ោង​​​១០ព្រឹក​ បន្ទាប់​ពី​​​បាន​ប្រយុទ្ធគ្នា​​រយៈ​ពេល​​៤ម៉ោង​ដែល​​ផ្តើម​ឡើង​​​​តាំង​ពីវេលាម៉ោង​​​​​៦ព្រឹកថ្ងៃ​សុក្រ​នេះ​​​រួចមក ។ ​តាម​សេចក្តី​​​​​រាយការណ៍​​ពី​មន្ត្រី​​​យោធា​កម្ពុជា​​ប្រចាំ​ខ្សែ​ត្រៀម​ជួរមុខ​បាន​​បញ្ជាក់​ឱ្យដឹង​​ដែរ​ថា ​ការប្រយុទ្ធគ្នា​នេះ​បានធ្វើ​ឱ្យ​​​កំពូលប្រា​សាទ​​តាក្របី​ត្រូវ​បាក់​រលំ​​ហើយ​​​លើសពីនេះ​ទៀត យន្ត​ហោះ​​​សៀម​បាន​​ហោះ​ក្រឡឹង​​តាមខ្សែ​​បន្ទាត់​ព្រំ​ដែន​ជាទី​ដែល​កំពុង​​​ប្រយុទ្ធគ្នា​ ប៉ុន្តែ​​នៅលើ​​អាកាស​ខ្ពស់​…​។

ជាមួយគ្នានេះដែរ ប្រជា​ពលរដ្ឋ​​ខ្មែរ​ជា​គ្រួសារ​​​​ទ័ព និង​​​អ្នក​ភូមិ​​នៅ​ភូមិ​​ថ្មដូន ​​ភូមិ​បុស​ធំ ​ស្រុកបន្ទាយ​​​​អំពិលរាប់​ពាន់​នាក់​ បាន​នាំ​គ្នា​​​ភៀស​ខ្លួន​ទៅរកទី​កន្លែង​​​សុវត្ថិភាព​​ ។ ប្រជា​ពល​រដ្ឋ​​​ដែលរស់នៅ​ក្នុង​រង្វង់ប្រមាណ​​​ជាង​​១០គីឡូ​ម៉ែត្រ ​​ពីតំបន់​ផ្ទុះ​អាវុធ​ក៏​បានភៀសខ្លួនផង​​​ដែរ​​។ ចំណែក​​​​​ឯអាជ្ញាធរ និង​សមត្ថ​កិច្ច​​​ជំនាញ​ដូច​ជា​ខាង​​សុខាភិបាល ​ឬសន្តិសុខ ជាដើម ​​បាន​ត្រៀម​លក្ខណៈ​​រួច​រាល់​​ក្នុងការ​ជួយសង្គ្រោះ​​​ប្រជា​​​ពល​រដ្ឋ​​​ស៊ីវិល​​ ជាពិសេស​ក្នុង​​​ករណី​​​ដែល​មាន​​អ្នក​​របួស​​​គេ​​នឹង​​បញ្ជូនទៅ​​កាន់​​​មណ្ឌល​សុខ​ភាព​​ជា​បន្ទាន់ ។ នៅ​តាមព្រំដែន​ក្នុង​​​ទឹកដី​ថៃ​ឈម​​​ជាមួយ​​​​​ភូមិព្រៃ​គុប ​ក្រុង​ប៉ោយប៉ែត ​​​ខេត្ត​បន្ទាយ​មានជ័យឯណោះវិញ ​អ្នក​ភូមិ​​បានឃើញ​​​ក្បួន​រ​ថ​យន្ត​​កង​ទ័ព​​ថៃ​ដែល​​​បិទឃ្លុប​​​ជិត​បានបើក​ចល័ត​​ជា​បន្តបន្ទាប់​​​ពីស្រុកអារញ្ញ​​ទៅកាន់​ភាគ​ខាង​ត្បូង​​មិនដឹង​ជា​ដឹកជញ្ជូន​​អ្វីទេ ។ ​ទាហានថៃ​​​បាន​​បាញ់​គ្រាប់​​កាំភ្លើង​​​​ផ្លោង​ប្រភេទ​១០៥មីល្លី​ម៉ែត្រ, ​​១៥៥​មីល្លី​ម៉ែត្រ​ ​ដេកា​​៧៥ និង​​៨២ ​ចូល​ក្នុងដី​កម្ពុជា​​ជា​បន្ត​បន្ទាប់​​​​ ហើយ​​​គេសង្ស័យ​​ថា អាច​នឹង​​មានគ្រាប់​បែក​​​ចង្កោម​​ទៀតផង​ ។

ពីប្រទេស​ថៃ​ឯណោះវិញ ​​យោង​តាម​​បណ្តាញ​​ផ្សព្វផ្សាយ​​​ព័ត៌​មាន​​​របស់ថៃ​បាន​ឱ្យ​ដឹង​ថា ​ពលរដ្ឋ​​នៅភូមិ​​​​មួយក្នុង​​​​ខេត្ត​សុរិន កាលពី​​ព្រឹក​​ថ្ងៃទី​​​២២ មេសា ត្រូវ​​បានជម្លៀស​​​ចេញ​​​​ក្រោយពី​​​ឮស្នូរ​​ការ​វាយ​ប្រយុទ្ធ​​​គ្នា​ដោយ​​​​គ្រាប់កាំ​ភ្លើង​​​ធំ​រវាង​ទាហាន​កម្ពុជា និងសៀម ។ ការបាញ់​​គ្រាប់កាំភ្លើង​​​ធំនេះគឺ​កើតឡើង​​​ដោយសារ​ការប៉ះ​ទង្គិច​គ្នា​​ជាថ្មីទៀត​​​រវាងកងទ័ព​កម្ពុជា និង​កង​ទ័ព​​សៀមនៅក្បែរ​​​ប្រាសាទ​តាក្របី​ និង​​រាលដាល​​មក​ដល់​ប្រាសាទ​​​តាមាន់ធំ​…​​ប្រជា​ជន​សៀម​​​ដែលជម្លៀស​​ចេញនោះគឺស្ថិត​ក្នុង​​ភូមិ​សន្តិសុខ។ ប៉ុន្តែ​​ទោះបីជាបែបណា ​​ពុំទាន់​​មានប្រភពព័ត៌​មាន​​ច្បាស់ការណ៍​​ណាមួយ​​​អះអាង​​ពីការ​ខូច​​​ខាត​ទ្រព្យ​សម្បត្តិ​​ និងការ​រង​របួស​​របស់អ្នក​ភូមិ​​​ថៃ​នោះ​នៅឡើយទេ ៕​