ខេត្តកំពត ៖ សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងដែលក្រុមអ្នកញៀនល្បែងតែងតែណាត់ជួបគ្នាលេងរៀងរាល់ថ្ងៃអាទិត្យនៅក្នុងភូមិកោះគ្រឹស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំពង់ត្រាច សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពត ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដោយឃាត់ខ្លួនបានមនុស្ស៥នាក់ និងម៉ូតូចំនួន២៦គ្រឿង ។
ទោះជាមានការចាប់ឃាត់ខ្លួនមនុស្ស៥នាក់ក៏ដោយ មន្ត្រីអាវុធហត្ថមិនប្រាប់បញ្ជាក់ប្រាប់ពីអត្តសញ្ញាណឡើយ ហើយទាំងមនុស្សទាំងម៉ូតូត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តភ្លាមៗផងដែរ ។
លោក លាង ឈីវ មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់ត្រាច បានប្រាប់ថា មន្ត្រីប៉េអឹមស្រុកមិនបានធ្វើកំណត់ហេតុមនុស្សដែលត្រូវបានឃាត់ខ្លួនទាំង៥នាក់នោះទេ គឺខាងប៉េអឹមខេត្តជាអ្នកធ្វើ ។
លោក ខៃ សម្ភាស់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ដែលដឹកនាំការចុះបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោង បានប្រាប់អ្នកយកព័ត៌មានទាំងអស់ថា កុំទាន់ថតរូបមនុស្សទាំង៥នាក់ដែលបានឃាត់ខ្លួនអី ព្រោះមិនទាន់សួរនាំនៅឡើយ ខ្លាចប៉ះពាល់ដល់កិត្តិយសពួកគេ ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៥ កម្លាំងអាវុធហត្ថខេត្តកំពតបានចាប់អ្នកដើរលក់កន្ទុយលេខ(ឆ្នោត)បានជាច្រើននាក់នៅស្រុកកំពង់ត្រាច ប៉ុន្តែសាលាដំបូងខេត្តមិនបានធ្វើការចោទប្រកាន់អ្នកទាំងអស់នោះទេ បែរជាស្អែកឡើងដោះលែងឲ្យរួចខ្លួនវិញទាំងអស់ ដែលអ្នកទាំងនោះពេលត្រឡប់មកវិញ ស្រាប់តែលេងលើសដើម ហើយទាំងប៉ូលិស ទាំងប៉េអឹម គ្មានហ៊ានអើពើរឿងមេកន្ទុយលេខ(ឆ្នោត)តទៅទៀតដែរ ។ ដោយសារតែមានរឿងហេតុបែបនេះហើយទើបមានពាក្យចចេចចចូចចរាមអារាមថា អ្នកដើរកត់ឆ្នោតទាំងនោះបានបង់លុយពី៦០ម៉ឺនរៀលទៅ៨០ម៉ឺនរៀលជាថ្នូរនឹងការដោះលែង ដែលជាហេតុធ្វើឲ្យពួកគេមិនខ្លាចសមត្ថកិច្ចទៀតនោះ ៕
ចែករំលែកព័តមាននេះ