រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍ចោមចៅឃាត់ខ្លួននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីកម្មការិនីរោងចក្រកាត់ដេរម្នាក់ប្ដឹងចោទប្រកាន់ថា បានចាញ់បោកបុរសរូបនោះអស់ទាំងខ្លួនប្រាណ ចិត្តស្មោះត្រង់ និងទ្រព្យសម្បត្តិថែមទៀត ។
បុរសសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ខាំ សំណាង អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ស.ណ.វ អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកណ្តាល ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ដំបូងបុរសរូបនោះបានទូរស័ព្ទច្រឡំលេខ ហើយបានតាមសុំស្រលាញ់រូបនាងជាច្រើនថ្ងៃរហូតសុំស្គាល់ផ្ទះសម្បែង និងឪពុកម្ដាយនាង ហើយបន្ទាប់មកបានសន្យាចូលស្ដីដណ្ដឹងរូបនាងរៀបការជាប្ដីប្រពន្ធនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦មទៀត ប៉ុន្តែពេលនាងសុំស្គាល់ផ្ទះសម្បែង និងឪពុកម្ដាយវិញ បុរសនោះបានបដិសេធមិនឲ្យស្គាល់ឡើយ ។ ដោយឡែកនាងមិនបានសង្ស័យទៅលើបុរសនោះទេ ព្រោះមើលឃើញគួរឲ្យទុកចិត្តដែរ ហើយនាងបានដាក់ចិត្តស្រលាញ់បុរសនោះវិញ មិនតែប៉ុណ្ណោះនាងបានប្រគល់ចិត្តស្មោះ និងខ្លួនប្រាណឲ្យទៅបុរសនោះដោយគ្មានការសោកស្ដាយ ព្រោះនឹកឃើញថា មុននិងក្រោយគង់តែជាប្ដីប្រពន្ធនិងគ្នា ជាងនេះទៅទៀតបុរសនោះបានលួងលោមខ្ចីលុយជិត១ពាន់ដុល្លារពីរូបនាងថែមទៀត ។
ស្ត្រីរងគ្រោះបន្តទៀតថា ក្រោយពីទទួលបានអ្វីៗពីររូបនាងហើយ ជននោះបានគេចខ្លួនបាត់ និងបានបិទទូរស័ព្ទ មិនអាចខលចូលទៀតឡើយ ទើបពេលនេះនាងបានដាក់ពាក្យបណ្ដឹងឲ្យប៉ូលិសឃាត់ខ្លួនជននោះទៅធ្វើការសួរនាំតែម្ដង ។ ក្រោយមកទើបដឹងថា មានស្រីៗជាច្រើននាក់បានចាញ់បោកជននោះ អស់ព្រហ្មចារីយ៍ ខ្លួនប្រាណ និងលុយកាក់ ដោយជននោះមានជំនាញខាងបោកស្រីៗបែបនេះ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ