ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​សាំង​ដុត​ប្រពន្ធ​ទាំង​រស់​ព្រោះតែ​ប្រចណ្ឌ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្ត្រី​វ័យ​៤៦​ឆ្នាំ​ឈ្មោះ លុយ ភាព រស់នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម បាន​រង​របួស​រលាក​ពេញ​ខ្លួន ដោយសារ​តែ​ប្តី​កំណាច​កើតរោគ​ប្រចណ្ឌ​…

ខេត្តកំពង់ចាម ៖ ស្ត្រី​វ័យ​៤៦​ឆ្នាំ​ឈ្មោះ លុយ ភាព រស់នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម បាន​រង​របួស​រលាក​ពេញ​ខ្លួន ដោយសារ​តែ​ប្តី​កំណាច​កើតរោគ​ប្រចណ្ឌ ទិញ​សាំង​២​ដប​យក​មក​ចាក់​ដុត​ប្រពន្ធ​ប៉ង​សម្លាប់​នៅ​វាល​ចំការ​ប៉ិ​គក់​ក្នុងភូមិ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៦ ហើយ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត និង​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​នៅ​កៀន​ឃ្លាំង រាជធានី​ភ្នំពេញ​ ។

លោក​អនុសេនីយ៍ឯក ពេជ្រ គឹ​ម​ស៊ា អធិការរង​នគ​បាល​ស្រុក​កំពង់សៀម ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ពោះម៉ាយ​ឈ្មោះ ញាន លាភ អាយុ​៤៦​ឆ្នាំ បាន​យក​ស្ត្រី​មេម៉ាយ​ឈ្មោះ លុយ ភាព ជា​ប្រពន្ធ​ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​មិន​មានកូន​នោះ​ទេ ។

លោក​អនុសេនីយ៍ឯក ពេជ្រ គឹ​ម​ស៊ា បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ ប្តី​ចេះ​តែ​រករឿង​ប្រពន្ធ​ដោយ​ចេះ​តែ​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​នឹង​អ្នក​ផ្សេង តែ​មិន​បានដឹង​ឲ្យ​ច្បាស់លាស់​ថា​អ្នក​ណា​ម្នាក់​នោះ​ទេ ។ លុះ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា​នេះ ស្រប​ពេល​ដែល​ប្រពន្ធ​បាន​ទៅ​ដក​មើម​ប៉ិ​គក់​នៅ​ចំការ​ក្នុងភូមិ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ ប្តី​បាន​លួច​ទិញ​សាំង​២​ដប​មក​ចាក់​លើ​ខ្លួនប្រាណ​របស់​ប្រពន្ធ​បន្ទាប់​មក​បាន​យក​ដែកកេះ​កេះ​ដុត បណ្តាល​ឲ្យ​ឆេះ​អាវ ហើយ​ត្រូវ​បានកូន​ដើម​ដែល​ទៅ​ជាមួយ​ម្តាយ​ និង​​អ្នកចំការ​នៅ​ក្បែរ​នោះ​នាំ​គ្នា​ជួយ​ពន្លត់ និង​បាន​ប្រញាប់​យក​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​ប្តី​វិញ​បាន​រត់គេច​ខ្លួន​បាត់ រហូត​មក​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

លោក​អធិការរង​នគរបាល​ស្រុក​កំពង់សៀម បញ្ជាក់​ថា រូប​លោក និង​លោក​អធិការ​នគរបាល​ស្រុក​កំពុង​តែ​នាំ​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​បុរស​ជា​ប្តី​នោះ​ហើយ ដោយ​បាន​ដាក់​កម្លាំង​ក្នុងភូមិ​ប្រសិនបើ​មាន​អ្នក​ណា​ឃើញ​ប្តី​ចិត្តឃោរឃៅ ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​ចាប់ខ្លួន​បុរស​ឈ្មោះ ញាណ លាភ ព្រោះ​នេះ​ជា​ករណី​ប៉ង​សម្លាប់​ដុត​ប្រពន្ធ​ទាំង​រស់​តែ​ម្តង ៕